+ ប្រាសាទអង្គវត្ត (ខេត្តសៀមរាប ប្រទេសកម្ពុជា)
អង្គរវត្ត ស្ថិតនៅក្នុងខេត្តសៀមរាប មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប ក្នុងស្រុកសៀមរាប មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ វាជាប្រជុំអគារប្រាសាទព្រហ្មញ្ញសាសនាធំបំផុតនិងវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទត្រូវបានកសាងឡើងដោយសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យនិងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទីលើពិភពលោក។ សង់ឡើងនៅដើមសតវត្សទី១២នៅយសោធរបុរៈ (សម័យបច្ចុប្បន្ន អង្គរ) អធិរាជាណាចក្រខ្មែរ ជាប្រាសាទតំណាងនិងព្រះសុសានចុងក្រោយរបស់ព្រះអង្គ។


+ប្រាសាទព្រះវិហារ (ខេត្តព្រះវិហារ នៃប្រទេសកម្ពុជា)
ប្រាសាទព្រះវិហារ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងពីអតីកាលមានទីតាំងក្នុងភូមិគ១ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ចំណែកពីអតីកាលស្រុកជាំក្សាន្តស្ថិតនៅក្នុងខេត្តកំពង់ធំ។ ប្រាសាទព្រះវិហារជាប្រាសាទភ្នំដែលកសាងនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែក ដែលមានរយៈកម្ពស់ ៦២៥ម៉ែត្រ ធៀបទៅនិងទឹកសមុទ្រ។ សិលាចារឹកប្រាសាទខ្នា បានហៅភ្នំដងរែកថា ភ្នំកំផែង ឬភ្នំជញ្ជាំង។ ប្រជាជនថៃហៅភ្នំដងរែកថា ភ្នំវែង ចំណែកប្រជាជនឡាវហៅថា ភ្នំមឿង។ ប្រាសាទព្រះវិហារស្ថិតនៅជាប់នឹងព្រំប្រទល់ខេត្តស៊ីសាកេត នៃប្រទេសថៃ។ ប្រាសាទព្រះវិហារមានចម្ងាយប្រមាណ ៥៥គីឡូម៉ែត្រពីសាលាស្រុកជាំក្សាន្ត ១០០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ជាង ១៥០គីឡូម៉ែត្រពីទីរួម ខេត្តសៀមរាប និងចម្ងាយប្រមាណ ៤០០គីឡូម៉ែត្រពី រាជធានីភ្នំពេញ ។ ជួរភ្នំដងរែកជាខណ្ឌសីមាព្រំប្រទល់ធម្មជាតិអន្តរជាតិរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ប្រាសាទព្រះវិហារស្ថិតនៅលើចំណុចខ្សែស្រប១៤.២៤ ទៅ១៨នៃរយៈទទឹងខាងកើត និងចំណុចខ្សែស្រប១០៤ ទៅ៤១.០២នៃរយៈបណ្តោយខាងជើង។ ប្រាសាទព្រះវិហារមានទីតាំងស្ថិតនៅលើខ្នងភ្នំព្រះវិហារ ស្ថិតនៅលើផ្ទៃដីទំហំ៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ។ ភ្នំប្រាសាទព្រះវិហារនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវស៊ី១ ពីព្រោះថាផ្លូវនោះវាងាយស្រួលក្នុងការធ្វើដំណើរ។ ម្យ៉ាងទៀតអ្នកទេសចរអាចឡើងភ្នំព្រះវិហារតាមរយៈជណ្តើរបុរាណនៅផ្នែកខាងកើតនៃភ្នំ ដែលត្រូវបានកសាងតាំងពីសម័យជាមួយប្រាសាទមកម្លេះ តែត្រូវបានខូចខាតយ៉ាខ្លាំង តែនៅពេលបច្ចុប្បន្នមានការជួសជុលនិងយកឈើធ្វើជាជណ្តើរជំនួសវិញក្រោមការជួសជុលរបស់ អាជ្ញាធរជាតិព្រះវិហារ។
ក្នុងការធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារគេអាចជ្រើសរើសតាមរយៈផ្លូវពីរគឺ៖
- ចេញពី ខេត្តសៀមរាបតាមផ្លូវទៅកាន់ ប្រាសាទបន្ទាយស្រី ឆ្ពោះទៅកាន់ ស្រុកអន្លង់វែង រហូតមកដល់វង្វង់មូលស្រអែម រួចបន្តដំណើរប្រហែល ២០គីឡូម៉ែត្រទៀត និងដល់ចំណតគ១ ដែលជាកន្លែងលក់សំបុត្រឡើងប្រាសាទព្រះវិហារ។
- ចេញដំណើរពី រាជធានីភ្នំពេញ ទៅ ខេត្តកំពង់ធំ បន្ទាប់មកដល់ថ្នល់បំបែកសៀមរាប-ព្រះវិហារ រួចបត់ស្តាំកាត់តាម រមណីយដ្ឋានសំបូរព្រៃគុក ឬប្រាសាទសំបូរព្រៃគុក រហូតដល់ផ្លូវបំបែកភ្នំដែករួចបត់ឆ្វេងមកទីរួម ខេត្តព្រះវិហារ ហើយបន្តដំណើររហូតដល់វង្វង់មូលស្រអែម។
![]() |
ប្រាសាទព្រះវិហារ |
![]() |
រូបភាពប្រាសាទព្រះវិហារទាំងមូល |
+ ភូមិសាស្រ្តប្រទេសកម្ពុជា
ប្រទេសខ្មែរ ជាប្រទេសមួយនៃអាស៊ីមូសុងដែលស្ថិតនៅចន្លោះខ្សែស្របទី១០ និងខ្សែស្របទី១៥ នៃរយៈទទឹងខាងជើង និងនៅចន្លោះខ្សែបណ្ដោយទី១០២ និងខ្សែបណ្ដោយទី១០៨ នៃរយៈបណ្ដោយខាងកើត ។ ដូច្នេះ ប្រទេសខ្មែរជាប្រទេសមួយស្ថិតក្នុងតំបន់ត្រូពិក ។ បើគិតតាមផ្ទៃក្រឡាដែលមាន ១៨១.០៣៥ គម២ នោះប្រទេសខ្មែរមានទំហំតូចជាងប្រទេសចិន ៥៤ ដង តូចជាងប្រទេសឥណ្ឌា ១៨ ដង និងតូចជាងប្រទេសឥណ្ឌូនេស៊ី ១០ ដង ស្មើនឹងមួយភាគបួន (១/៤) នៃប្រទេសភូមា ស្មើនឹង ១/៣ នៃប្រទេសថៃ ស្មើនឹងពាក់កណ្ដាលនៃប្រទេសវៀតណាម តូចជាងប្រទេសឡាវតែបន្តិច តែធំជាងសហព័ន្ធម៉ាឡាយូ ប្រទេសនេប៉ាល់ ប្រទេសស្រីលង្កា និងប្រទេសផ្សេងៗទៀតនៅអឺរ៉ុប ដូចជា ប្រទេសស៊្វីស ប្រទេសបែលហ្ស៊ិក ។ប្រទេសខ្មែរមានរាងពហុកោណស្ទើរស្មើជ្រុង ដែលមានចំណុចកណ្ដាលក្បែរកំពង់ធំ និងមានប្រវែងពីជើងទៅត្បូងជិតស្មើនឹងប្រវែងពីកើតទៅលិច ។ ហើយប្រវែងអតិបរមានៃបណ្ដោយ និងទទឹងគឺ ៥៦០ គម និង ៤៤០ គម ។ ដោយហេតុទាំងនេះហើយបានជាប្រទេសខ្មែរពុំមានតំបន់ដាច់ស្រយាលឡើងយ ។ប្រទេសខ្មែរមានព្រំប្រទល់ខាងជើងទល់នឹងប្រទេសថៃ និងប្រទេសឡាវ ខាងកើតទល់នឹងប្រទេសវៀតណាម ខាងត្បូងទល់នឹងប្រទេសវៀតណាម និងឈូងសមុទ្រថៃ ខាងលិចទល់នឹងប្រទេសថៃ ។ ព្រំប្រទល់ប្រទេសខ្មែរទាំងមូលមានប្រវែង ២.៦០០ គម គឺ ៥/៦ ជាដីគោក និង ១/៦ ជាមាត់សមុទ្រ ។
១. សណ្ឋានដី
ប្រទេសខ្មែរជាប្រទេសមួយប្រកបដោយទំនាបព័ទ្ធជុំវិញ ហើយជួនកាលព័ទ្ធដោយប្រជុំភ្នំ ជួនកាលទៀតព័ទ្ធដោយខ្ពង់រាបដែលមិនសូវខ្ពស់ ។ ការមានភ្នំនៅតាមបរិវេណមិនមែនជាហេតុធ្វើឲ្យមានឧបសគ្គដល់ចរាចរណ៍ឡើយ ។ ទំនាបកណ្ដាលដែលមានមួយភាគធំលិចទឹក សណ្ដូកបន្តពីទំនាបថៃ គឺសណ្ដូកពីទិសពាយ័ព្យទៅទិសអាគ្នេយ៍ ។កំពូលភ្នំខ្ពស់បំផុតនៅប្រទេសខ្មែរគឺ ភ្នំឱរ៉ាល់ (១.៨១៣ ម) នៅក្នុងខេត្តកំពង់ស្ពឺ ។ បើគិតតាមសណ្ឋានដី ប្រទេសខ្មែរចែកជាបីផ្នែកធំៗ ៖ តំបន់ទំនាបកណ្ដាល តំបន់ប្រជុំភ្នំ និងខ្ពង់រាប និងតំបន់កូនភ្នំ ។
ក. តំបន់ទំនាបកណ្ដាល
ផ្នែកកណ្ដាលនៃប្រទេសខ្មែរ ជាទំនាបមួយយ៉ាងធំដែលមានរយៈកម្ពស់មធ្យមតិចជាង ៥០ ម (ពី ២០ ម ទៅ ៣០ ម) និងមានចំណោតខ្សោយបន្តិចម្ដងៗពីជើងទៅត្បូង ។ គឺជាទំនាបមួយយ៉ាងរាប ប្រកបដោយចំណោតខ្សោយ (១%) និងជាទំនាបល្បប់យ៉ាងធំសង្ខាងបឹងទន្លេសាប និងសង្ខាងទន្លេមេគង្គ ពីពាយ័ព្យទៅអាគ្នេយ៍ ។ ហើយទំនាបនេះកាន់តែរីកធំឡើងសំដៅទៅប្រទេសវៀតណាមខាងត្បូង ។ទំនាបកណ្ដាលនេះ ប្រកបទៅដោយល្បប់ចាស់ត្រង់ជាយខាងក្រៅ និងល្បាប់ថ្មីត្រង់តំបន់ក្បែរផ្លូវទឹក ។ គឺជាតំបន់មានជីជាតិយ៉ាងល្អ និងមានដង់ស៊ីតេប្រជាជនខ្ពស់ ។ ម្យ៉ាងទៀតទំនាបនេះចែកជា ៤ ភូមិភាគ ៖
១. ភូមិភាគល្បប់ម៉ដ្ឋ
ភូមិភាគល្បប់ម៉ដ្ឋ ដែលមានទទឹងប្រវែងពីបួនដប់ម៉ែត្រដល់ច្រើនរយម៉ែត្រ គឺជាតំបន់ច្រាំងទន្លេ និងជាយកោះ ។ ហើយដីនោះជាដីល្អសម្រាប់ដំណាំកប្បាស មន ថ្នាំជក់ និងត្រុំ ។ ម្យ៉ាងទៀតភូមិភាគនេះជាទីប្រជុំជនយ៉ាងកុះករ និងសម្បូរទៅដោយផ្លូវថ្នល់ ។
២. ភូមិភាគលិចទឹក និងវាលភក់
ភូមិភាគលិចទឹក និងវាលភក់ ព័ទ្ធពីក្រៅតំបន់ល្បប់ម៉ដ្ឋ ហើយមានជីជាតិល្មមគួរសមដែរ ។ រីឯប្រជាជនក៏មានច្រើន ដោយសារបឹងមានត្រីច្រើន ដោយសារដំណាំពោត ល្ង ឈូក ។ល។ ម្យ៉ាងទៀតព្រៃលិចទឹកនៃបឹងទន្លេសាបជាកន្លែងត្រីពង និងជាកន្លែងត្រីធំធាត់ដ៏សន្ធឹកសន្ធាប់ ។ ហេតុនេះហើយ បានជាបឹងធំក្លាយជាមជ្ឈមណ្ឌលនេសាទមួយយ៉ាងសំខាន់នៃប្រទេសខ្មែរ ។
៣. វាលស្រែ
វាលស្រែ ដែលនៅខាងក្រៅតំបន់លិចទឹក មានជីជាតិតិចជាងច្រាំងទន្លេ គឺជាតំបន់ដែលបំពេញមុខងារយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម ។ វាលស្រែទាំងនោះមានផ្ទៃធំធេងដាច់កន្ទុយភ្នែក នៅខេត្តបាត់ដំបង កំពង់ធំ តាកែវ ព្រៃវែង កំពង់ចាម និងស្វាយរៀង ។
៤. ភ្នំតូចៗ
នៅលើវាលទំនាបកណ្ដាលនេះ គេឃើញមានភ្នំតូចៗដាច់តែឯងនៅឯនេះមួយនៅឯនោះមួយ គឺសុទ្ធតែភ្នំថ្មក្រែដូចជា ភ្នំបាទី នៅខេត្តតាកែវ ភ្នំបាភ្នំ នៅខេត្តព្រៃវែង ភ្នំបាធាយ នៅខេត្តកំពង់ចាម ភ្នំក្រោម នៅខេត្តសៀមរាប ភ្នំនាងកង្រី នៅខេត្តកំពង់ឆ្នាំង ។
ខ. តំបន់ប្រជុំភ្នំ និងខ្ពង់រាប

ទំនាបកណ្ដាលនៃប្រទេសខ្មែរព័ទ្ធជុំវិញដោយភ្នំ និងខ្ពង់រាប គឺភ្នំក្រវាញ នៅនិរតី ភ្នំដងរែក នៅខាងជើង ខ្ពង់រាបខាងជើង ខ្ពង់រាបខាងកើត និងឦសាន ។
១. ជួរភ្នំក្រវាញ

ជួរភ្នំក្រវាញចែកពីលិចទៅកើតជា ភ្នំក្រវាញខាងលិច ភ្នំក្រវាញកណ្ដាល និងភ្នំក្រវាញខាងកើត ។ គឺជាជួរភ្នំដែលសណ្ដូកតាំងពីខាងជើងខេត្តចន្ទបូរនៃប្រទេសថៃ ដល់ខេត្តកំពត គឺពីទិសពាយ័ព្យទៅទិសអាគ្នេយ៍ ។ ហើយបាតភ្នំទាំងនោះ សុទ្ធសឹងប្រកបទៅដោយថ្មក្រានីត គ្របដណ្ដប់ពីក្រៅដោយថ្មក្រែល្បាយខ្សាច់យ៉ាងក្រាស់ ។ ម្យ៉ាងទៀតសំណឹកបានផ្ដាច់ជួរភ្នំនេះជាខ្ពង់រាបប្រកបដោយមុខចំណោត ឬជាភ្នំដាច់ពីគ្នា ។ គឺនៅតំបន់នេះហើយដែលមានកំពូលភ្នំខ្ពស់ជាងគេ «ភ្នំឱរ៉ាល់» មានកម្ពស់ ១.៨១៣ ម ។ នៅតំបន់ភ្នំនេះ គេពុំទាន់ធ្វើការរុករកទេ ព្រោះជាតំបន់ប្រកបទៅដោយព្រៃក្រាស់ចូលមិនចុះ ។ ទីនេះ មានបណ្ដាជនរស់នៅយ៉ាងស្ដួចស្ដើងគឺ ពួកព័រ ពួកស្អូច ។ តែសំណង់ផ្លូវភ្នំក្រវាញជាទ្វារចំហរសម្រាប់សម្រួលការទាក់ទងជាមួយនឹងតំបន់ដទៃ ។
១. ភ្នំក្រវាញខាងលិច: សណ្ដូកពីប៉ៃលិនដល់ស្ទឹងពោធិ៍សាត់ គឺជាភ្នំប្រកបទៅដោយថ្មក្រាម និងថ្មស៊ីសលាយក្រែដែលមានពើងផ្នត់យ៉ាងខ្លាំង ។ កំពូលភ្នំសំខាន់ៗនៃតំបន់នេះមាន ភ្នំសពុក (៨៩៣ ម) ភ្នំតាដិត (១.១១៤ ម) ភ្នំទឹកព្រិល (១.១២៣ ម) ភ្នំធំ (១.២៥៨ ម) ភ្នំមូស (១.៣៣៧ ម) ភ្នំខ្មោច (១.៤២៥ ម) និងភ្នំទំពរ ខ្ពស់ជាងគេនៅទីនោះ (១.៥៦៣ ម) ។
២. ភ្នំក្រវាញកណ្ដាល: ជាប្រជុំភ្នំមួយដ៏ធំ ដែលមានផ្ទៃរាងទេរពីមោងទៅកោះកុង ។ ប៉ែកខាងលិចមាន ភ្នំសំកុះ(១.៧៤៤ ម) ក្បែរឈូងសមុទ្រថៃ ។ ខាងកើតមានភ្នំជាច្រើនដែលមានរយៈកម្ពស់លើសពី ១.០០០ ម ដូចជា ភ្នំប៉ាន (១.៤០០ ម) ភ្នំបាកាន (១.២២០ ម) និងភ្នំខ្នងត្រពាំង (១.១៧២ ម) ។
៣. ភ្នំក្រវាញខាងកើត: ចែកជាបីក្រុមយ៉ាងច្បាស់ ៖
- ប្រជុំភ្នំខ្យល់ នៅចន្លោះខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ គឺនៅខាងលិចខេត្តកំពង់ឆ្នាំង ។ គឺនៅទីនេះហើយដែលមានភ្នំខ្ពស់ជាងគេនៃប្រទេសខ្មែរ ឬភ្នំឱរ៉ាល់ (១.៨១៣ ម) ។
- ប្រជុំភ្នំអូរម្លូ នៅចន្លោះស្រែអំបិល និងខេត្តកំពង់ស្ពឺ ហើយកំពូលខ្ពស់បំផុតប្រហែលជា ១.០០០ ម ដូចជា ខ្ពង់រាបគិរីរម្យ (៧០០ ម) ជាដើម ។
- ប្រជុំភ្នំដំរី នៅដាច់ពីភ្នំអូរម្លូដោយច្រកពេជ្រនិល ដែលកាត់ដោយផ្លូវជាតិលេខ ៤ គឺផ្លូវពីភ្នំពេញទៅក្រុងព្រះសីហនុ ។ ហើយពីខាងត្បូងប្រជុំភ្នំនេះបញ្ចប់ដោយមុខចំណោតនៃភ្នំបូកគោ (១.០៧៥ ម) ។
២. ជួរភ្នំដងរែក

ជួរភ្នំដងរែកសណ្ដូកពីខាងកើតទៅខាងលិច គឺពីជ្រលងទន្លេមេគង្គទៅជ្រលងទន្លេចៅប្រះយ៉ា ឬទន្លេមេណាមនៃប្រទេសថៃ ។ តាមពិត ដងរែកមិនមែនជាជួរភ្នំទេ តែជាគែមខាងត្បូងនៃខ្ពង់រាបនគររាជ ដែលស្ថិតក្នុងភូមិភាគខាងកើតនៃប្រទេសថៃ គឺជាជញ្ជាំងថ្មក្រែ និងជាមុខចំណោតមួយយ៉ាងវែង បណ្ដោយប្រហែល ៣០០ គម និងមានរយៈកម្ពស់ចុះជាលំដាប់ពីខាងកើតទៅខាងលិច (គឺពី ៧០០ ម ទៅ ២០០ ម) ។ជួរភ្នំដងរែកមានមុខចំណោតខាងលើខ្ពង់រាបខ្មែរខាងជើង តែមានចំណោតយ៉ាងទេរទាបទៅខាងប្រទេសថៃ ។ ការដែលមានចំណោតសង្ខាងមិនស្មើគ្នាដូច្នេះ ជាការបញ្ជាក់ឲ្យឃើញថា ទំនាបខ្មែរ និងទំនាបថៃ មានរយៈកម្ពស់ខុសគ្នាយ៉ាងសម្បើមគឺពី ៥០ ទៅ ១៥០ ម នៅប្រទេសខ្មែរ និងពី ១០០ ទៅ ៣០០ ម នៅប្រទេសថៃ ។ ពីខាងកើតទៅខាងលិច កំពូលខ្ពស់ជាងគេមាន ៖ ភ្នំដងរែក (៧៥៦ ម) ជាកំពូលខ្ពស់បំផុត ភ្នំព្រះវិហារ (៦២៥ ម) ភ្នំអណ្ដូងស្វាយ (៤៥៧ ម) ភ្នំម៉ាកកៃ (៥៣៧ ម) ។ នៅចន្លោះភ្នំមានច្រកដែលសម្រួលការទាក់ទងរវាងភូមិភាគថៃខាងកើត និងទំនាបកណ្ដាលនៃប្រទេសខ្មែរ ។ ច្រកសំខាន់ៗគឺ ច្រកអន្សែ ច្រកដូនតាប៉ាយ ច្រកដូនឪ ច្រកតាព្រហ្ម និងច្រកកូន ។
៣.ខ្ពង់រាបខាងជើង
ខ្ពង់រាបខាងជើង ជាខ្ពង់រាបប្រកបទៅដោយល្បប់ចាស់ ឆ្លាស់គ្នានឹងថ្មបាយក្រៀម និងជាតំបន់ព្រៃរបោះ ។ ខ្ពង់រាបនេះស្ថិតនៅត្រង់ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកំពង់ធំ គឺភ្ជាប់ទំនាបកណ្ដាលទៅជួរភ្នំដងរែក ។ នៅតាមទ្រនុងកណ្ដាលនៃខ្ពង់រាបនេះមានកូនភ្នំដាច់ៗពីគ្នាដូចជា ភ្នំស្វាយចេក ភ្នំកំបុត ភ្នំចុងកាល់ ភ្នំត្បែង (៥២៤ ម) ភ្នំគូលែន (៤៩៦ ម) ភ្នំរយោង (៤៣៣ ម) ។
៤. ខ្ពង់រាបខាងកើត និងឦសាន
១. ខ្ពង់រាបនៃខេត្តស្ទឹងត្រែង និងក្រចេះ មានលក្ខណៈដូចគ្នានឹងខ្ពង់រាបខាងជើងដែរ ហើយនៅដាច់ពីខ្ពង់រាបនោះដោយសារជ្រលងនៃទន្លេមេគង្គ គឺជាតំបន់មានរាងតុ ជាតំបន់ល្បាប់ចាស់ប្រកបទៅដោយព្រៃរបោះ តែនៅទីនោះពុំសូវសម្បូរកូនភ្នំដាច់តែឯងទេ ។
២. ខ្ពង់រាបខេត្តកំពង់ចាម ជាខ្ពង់រាបមួយយ៉ាងទេរទៅឦសាន ហើយមានរយៈកម្ពស់ ២០០ ម ខាងនិរតីជាប់នឹងទំនាបកណ្ដាល ។ ខ្ពង់រាបទាំងនោះក៏មានរាងតុ និងប្រកបទៅដោយល្បាប់ចាស់ និងថ្មបាសាល់ ដែលមានស្រទាប់លើពុកជាដីក្រហមទៅហើយ ។ ទីនោះដែលមានទួលថ្មបាសាល់ចំនួនបួនគ្របពីលើថ្មក្រែ បានក្លាយជាចម្ការដំណាំធំៗ: ចម្ការលើ មេមត់ និងស្នួល ។ តំបន់ដីក្រហមទាំងនោះសុទ្ធសឹងជាចម្ការកៅស៊ូ និងចម្ការដំណាំធំៗ ។
៣. ខ្ពង់រាបខេត្តរតនគីរី ជាគែមខាងលិចនៃប្រជុំភ្នំកន្ទំនៃប្រទេសវៀតណាមកណ្ដាល ។ ខ្ពង់រាបនេះដាច់ជាច្រើនផ្នែកដោយដៃទន្លេមេគង្គ ។ នៅចន្លោះទន្លេសាន និងទន្លេស្រែពក មានខ្ពង់រាបកែវ ដែលជាខ្ពង់រាបថ្មបាសាល់ គ្របដណ្ដប់ដោយរីយ៉ូលីត ហើយមានកំពូលខ្ពស់បំផុតមិនហួសពី ៥០០ ម រីឯច្រាំងខ្ពង់រាបនេះ ជាថ្មគ្រីស្តាឡាំង ។ នៅចន្លោះទន្លេកុង និងទន្លេសាន ប្រជុំភ្នំមួយដែលមានកម្ពស់មធ្យមស្ថិតជាព្រំប្រទល់រវាងប្រទេសខ្មែរ និងប្រទេសឡាវ ។ ភ្នំដែលមានកំពូលខ្ពស់លើសពី ៧០០ ម គឺភ្នំពោងពាយ (៨១៦ ម) ភ្នំត្រង់ (៨១២ ម) ភ្នំរាំង (៧០១ ម) ។
៤. ខ្ពង់រាបមណ្ឌលគីរី និងខ្ពង់រាបឆ្លូងលើ ជាខ្ពង់រាបដែលមានរយៈកម្ពស់ចុះជាលំដាប់ពីអូររាំង (៩០០ ម) ទៅគ្រប់ទិស (៤០០ ម) ។ កំពូលខ្ពស់បំផុតគឺ ភ្នំព្រះបាទ (ឬ ភ្នំណាមលៀ) ដែលមានកម្ពស់ ១.១០៣ ម ។ ខ្ពង់រាបនេះមានមួយភាគធំគ្របដណ្ដប់ដោយដីក្រហម ក្លាយមកពីថ្មបាសាល់ និងថ្មបាយក្រៀម គឺជាឃ្លាំងទឹកមួយពិតប្រាកដ ជាប្រភពនៃផ្លូវទឹកនានាដែលហូរចាក់មកទន្លេមេគង្គ ។ ហើយនៅចន្លោះរយៈកម្ពស់ ៧០០ ម និង ៤០០ ម មានសុទ្ធតែព្រៃរបោះ ។
គ. តំបន់កូនភ្នំ
នៅជុំវិញភ្នំក្រវាញមានតំបន់មួយដែលមានរយៈកម្ពស់មធ្យម និងមានកូនភ្នំដាច់ៗពីគ្នាដែលមានកំពូលដល់ទៅ ៨០០ ម ។ តំបន់នេះភ្ជាប់ជួរភ្នំក្រវាញទៅសមុទ្រមួយផ្នែក ហើយមួយផ្នែកទៀតភ្ជាប់ជួរភ្នំក្រវាញទៅទំនាបកណ្ដាល ។ ម្យ៉ាងទៀត នៅតំបន់នេះមានអ្នកស្រុករស់នៅតែត្រង់វាលទំនាប និងជ្រលងមានជីជាតិ ។ រីឯតំបន់ខ្ពស់សុទ្ធសឹងប្រកបទៅដោយព្រៃ ។ គេអាចចែកតំបន់នោះជាប្រាំមួយផ្នែក ៖
១. តំបន់មាត់សមុទ្រ
តំបន់មាត់សមុទ្រជាទំនាបដែលមានរយៈកម្ពស់កើនយ៉ាងរហ័សពីសមុទ្រទៅទល់ជើងភ្នំក្រវាញ ។ ទំនាបនេះទាក់ទងជាមួយនឹងទំនាបកណ្ដាលពីជើងទៅត្បូងតាមច្រក ៣ ៖ ពីតំបន់មោងទៅកោះកុង តាមច្រកវាលវែង ពីតំបន់ពោធិ៍សាត់ទៅស្រែអំបិល តាមច្រកតាសី និងពីកំពង់ស្ពឺទៅស្រែអំបិល តាមច្រកពេជ្រនិល ។ តំបន់នេះសម្បូរកូនភ្នំដែលជួនកាលជាកូនភ្នំនៅកណ្ដាលទំនាប ដូចជា ភ្នំជំនាប វាលេញ ហើយជួនកាលទៀត ជាកូនភ្នំលេចពីសមុទ្រដែលជាកោះ ដូចជា កោះកុង (ខ្ពស់ដល់ទៅ ៤១០ ម) ។
២. តំបន់កូនភ្នំខាងលិចខេត្តបាត់ដំបង
តំបន់កូនភ្នំខាងលិចខេត្តបាត់ដំបងដែលសន្ធឹងពីអូរជ្រៅទៅមោង មានកូនភ្នំប្រកបដោយរាងប្លែកៗ ដែលមានកំណើតពីថ្មច្រើនបែបគឺ ថ្មគ្រីស្តាឡាំង និងថ្មក្រែ (ភ្នំវែង) ថ្មក្រែ និងថ្មស៊ីស (ភ្នំរន្ទា ភ្នំម៉ាកហឿន) ថ្មកំបោរ (ភ្នំសំពៅ ភ្នំសិរីសោភ័ណ) ។
៣. តំបន់កូនភ្នំចន្លោះខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង
តំបន់កូនភ្នំចន្លោះខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំងជាខ្ពង់រាបល្បាប់ចាស់មួយដែលមានកូនភ្នំច្រើន ដូចជា កូនភ្នំថ្មក្រែ កំរែង ក្បែរខេត្តពោធិ៍សាត់ និងកូនភ្នំថ្មភ្នំភ្លើង ក្រាំងលាវ ក្បែរខេត្តកំពង់ឆ្នាំង ។
៤. ខ្ពង់រាបខេត្តកំពង់ស្ពឺ
ខ្ពង់រាបខេត្តកំពង់ស្ពឺ មានរយៈកម្ពស់ឡើងជាលំដាប់ពីទំនាបកណ្ដាលទៅជួរភ្នំក្រវាញ ហើយមានប្រជុំភ្នំទាំងអស់ចំនួនបីៈ ភ្នំជំរាយ នៅខាងឦសាន ភ្នំពិល ភ្នំក្រោល ភ្នំព្រះ នៅចំកណ្ដាល ហើយប្រជុំភ្នំរាជីគង នៅចុងបំផុត ។
៥. តំបន់កូនភ្នំចន្លោះខេត្តកំពង់ស្ពឺ និងខេត្តកំពត
តំបន់កូនភ្នំចន្លោះខេត្តកំពង់ស្ពឺ និងខេត្តកំពត ជាខ្ពង់រាបខ្សាច់មានផ្ទៃចេះតែរួមទៅខាងត្បូង និងប្រកបទៅដោយប្រជុំភ្នំសំខាន់ៗបីៈ ភ្នំចង្អោរ (៧២២ ម) ភ្នំព្រះ (៧៨០ ម) និងភ្នំទ្វារ ។
៦. តំបន់កូនភ្នំចន្លោះខេត្តកំពត និងខេត្តតាកែវ
តំបន់កូនភ្នំចន្លោះខេត្តកំពត និងខេត្តតាកែវ ជាខ្ពង់រាបមួយដ៏ទាប និងប្រកបទៅដោយកូនភ្នំកម្ពស់ពី ១០០ ទៅ ៣០០ ម ដូចជា កូនភ្នំកែប ភ្នំថ្មកំបោរនៅស្រុកកំពង់ត្រាច និងស្រុកទូកមាស ហើយនិងប្រជុំភ្នំបាក់នឹម នៅតានី ជាដើម ។
២. ផ្លូវទឹកនៅប្រទេសខ្មែរ
ប្រទេសខ្មែរជាប្រទេសមួយដែលមានទន្លេ ស្ទឹង ព្រែក និងបឹងបួដ៏ច្រើន ហើយជាពិសេស ផ្ទៃទឹកទាំងនោះសុទ្ធតែជាប្រភពផ្ដល់ត្រីយ៉ាងច្រើនអនេក ។ នៅស្រុកខ្មែរ គេតែងនិយាយថា «ឲ្យតែមានទឹក មានត្រី» ។ តាមធម្មតា គេចែកព្រែក និងទន្លេខ្មែរជាបីក្រុម ៖ ក្រុមទន្លេធំ ក្រុមទន្លេសាប និងក្រុមទន្លេដែលស្ថិតនៅតាមឈូងសមុទ្រថៃ ។
ក. ក្រុមទន្លេធំ ឬក្រុមទន្លេមេគង្គខ្មែរ

ទន្លេមេគង្គជាទន្លេដ៏ធំមួយក្នុងចំណោមទន្លេធំៗទាំងឡាយក្នុងពិភពលោក ។ ទន្លេនេះបណ្ដោយ ៤.២០០ គម និងមានប្រភពនៅទីបេ ប៉ែកខាងកើតប្រទេសចិន ហើយកម្ពស់ ៥០០ ម ។ អាងទន្លេមេគង្គមានផ្ទៃ ៨០០.០០០ គម២គឺជាទន្លេទីបួននៅទ្វីបអាស៊ី ។ ទន្លេនេះហូរកាត់ប្រទេសចិន ប្រទេសឡាវ ប្រទេសថៃ ប្រទេសខ្មែរ និងប្រទេសវៀតណាមខាងត្បូង ។ ដងទន្លេនេះអាចចែកជាបីផ្នែក ៖
១. ដងទន្លេខាងលើ
ដងទន្លេខាងលើ ចាប់ពីប្រភពដើមមកដល់ទីក្រុងវៀងចន្ទន៍ (ប្រទេសឡាវ) ហើយបត់បែនយ៉ាងខ្លាំងដោយសារសណ្ឋានដីទីនោះ ហើយទទួលទឹកពីដៃទន្លេចំហៀងខាងឆ្វេងដែលសុទ្ធសឹងជាជ្រោះ ។
២. ដងទន្លេកណ្ដាល
ដងទន្លេកណ្ដាល ចាប់ពីវៀងចន្ទន៍ដល់ក្រចេះ ប្រកបទៅដោយទឹកជួរជាច្រើនអន្លើ ដូចជា ខេមរដ្ឋ (បណ្ដោយ ១៥០ គម) ខោន (១២ គម) និងសម្បូរ (៥០ គម) ។ ហើយដៃទន្លេខាងឆ្វេងក៏សំខាន់ណាស់ដែរ ។
៣. ដងទន្លេខាងក្រោម
ដងទន្លេខាងក្រោម ចាប់ពីក្រចេះទៅដល់សមុទ្រចិន ។ ចាប់ពីក្រចេះចម្ងាយ ៥១០ គម ពីសមុទ្រ គេអាចធ្វើនាវាចរបានគ្រប់តែរដូវក្នុងទន្លេមេគង្គ ។ នៅភ្នំពេញ ទន្លេមេគង្គប្រសព្វគ្នានឹងទន្លេសាប បង្កើតជាដៃទន្លេបួនស្របទៅតាមពាក្យខ្មែរថា «ទន្លេបួនមុខ» ទន្លេសាប ទន្លេបាសាក់ (ទន្លេក្នុង) ទន្លេធំខាងលើ (មេគង្គ) និងទន្លេធំខាងក្រោម (ទន្លេក្រៅ) ។ ដីសណ្ដទន្លេមេគង្គចែកជាដៃច្រើនដែលទទឹងមានប្រវែងជួនដល់ទៅ ២ គម និងប្រកបទៅដោយកូនកោះយ៉ាងច្រើន ឬគំនរខ្សាច់យ៉ាងវែងៗដែលសណ្ដូកទៅរកមាត់សមុទ្រ ។
ទន្លេមេគង្គខ្មែរ
ទន្លេធំ ឬទន្លេមេគង្គខ្មែរ មានបណ្ដោយ ៥០០ គម ចាប់ពីខោន ទៅព្រំប្រទល់វៀតណាម ។ ធារទឹកទន្លេនេះនៅរដូវវស្សាមាន ៣៤.០០០ ម៣ គឺស្មើនឹងម្ភៃដងនៃធារនៅរដូវប្រាំង ។ រីឯរបបទន្លេក៏ទៀងទាត់ណាស់ដែរ ។នៅរដូវប្រាំង ពីខែវិច្ឆិកា ទៅឧសភា ទន្លេសាបដែលបញ្ចេញទឹកពីបឹងទន្លេសាប ហើយនិងទន្លេមេគង្គ តែងតែនាំទឹកបញ្ចូលគ្នាត្រង់ទន្លេចតុមុខនៅភ្នំពេញ រួចក៏បង្ហូរទឹកនោះទៅតាមដៃទាំងពីរចុះទៅសមុទ្រ ។នៅរដូវវស្សា ពីខែមិថុនា ដល់ខែតុលា ទឹកដែលបានមកពីការរលាយទឹកកកនៅទីបេ និងពីទឹកភ្លៀង តែងហូរចាក់មកក្នុងទន្លេមេគង្គដោយល្បឿនខ្លាំង ហើយនៅកន្លែងខ្លះទឹកមានកម្រិតកម្ពស់ដល់ ៣០ ម ។ ជំនន់ដ៏អស្ចារ្យនេះមិនគ្រាន់តែផ្ដល់ទឹកឲ្យពេញបណ្ដាញខាងត្បូងប៉ុណ្ណោះទេ ថែមទាំងចាល់ចូលទៅក្នុងបឹងទន្លេសាបទៀតផង ។ ជំនន់នេះដំបូងចាប់ផ្ដើមនៅប្រទេសឡាវនៅខែកក្កដា រួចចុះមកក្រោមជាលំដាប់ ហើយជំនន់អតិបរមានៅក្រុងភ្នំពេញនៅដំណាច់ខែកញ្ញា (ទឹកឡើងពី ៧ ទៅ ៩ ម) ។បឹង និងកំហូងទាំងឡាយដែលនៅអមទន្លេមេគង្គ ពីក្រចេះដល់បាណាម មានមុខងារខាងធ្វើឲ្យរបបទន្លេមេគង្គមានភាពទៀងទាត់ ។ ទឹកឡើង ឬស្រកនៃបឹងកើតមានក្រោយទឹកភ្លៀង ឬទឹកស្រកនៃទន្លេជានិច្ច គឺបឹងតែងតែទាក់ទងជាមួយនឹងទន្លេដោយសារព្រែក ។ នៅរដូវទឹកស្រក ព្រែកច្រើនតែស្ងួត រីឯបឹងមានសល់ទឹកជាអប្បបរមា ។
ដៃទន្លេមេគង្គសំខាន់ៗមាន ៖
- ទន្លេរពៅ នៅស្ដាំដៃ ត្រង់ព្រំប្រទល់ប្រទេសឡាវ ។
- ទន្លេកុង និងដៃទាំងពីរ ទន្លេសេសាន និងទន្លេស្រែពក: ទន្លេកុងហូរមកពីខ្ពង់រាបបរិវេណ (ប្រទេសឡាវ) ទន្លេសានមានប្រភពនៅខ្ពង់រាបកន្ទំ ហើយទន្លេស្រែពកមានប្រភពនៅខ្ពង់រាបដាឡាក់ (ប្រទេសវៀតណាម) ។
- ព្រែកក្រៀង និងព្រែកកាំពី ជាស្ទឹងរីងនៅរដូវប្រាំង ។
- ព្រែកទេរ ដែលមានប្រភពនៅខ្ពង់រាបឆ្លូងលើ មានរបបមិនទៀងទាត់ តែចរន្តទឹកលឿននៅរដូវទឹកឡើង ។
- ព្រែកឆ្លូង ដែលមានប្រភពនៅខ្ពង់រាបឆ្លូងលើដែរ ជាស្ទឹងមួយយ៉ាងប្រណីតដោយហូរកាត់ព្រៃស្ដុក ។
- ទន្លេតូច ហូរចេញពីជីហែទៅទល់នឹងបាណាម តាមកំហូងទាប និងតាមវាលភក់ ។
មុខងារនៃទន្លេមេគង្គ
ជាបឋម ទន្លេមេគង្គជាផ្លូវនាវាចរមួយដ៏សំខាន់នៅគ្រប់រដូវ ។ ប្រទេសខ្មែររស់យ៉ាងរុងរឿងដោយសារភោគទ្រព្យធម្មជាតិនៃរដុវទឹកឡើង និងរដូវទឹកស្រកអស់មួយភាគធំ ។ ម្យ៉ាងទៀត នៅរាល់រដូវទឹកឡើង ទន្លេមេគង្គផ្ដល់ដល់ដីលិចទឹកទាំងឡាយនូវល្បាប់ម៉ដ្ឋដ៏មានជីជាតិ ។ អ្នកស្រុកមាត់ទន្លេច្រើនរស់នៅលើខ្ពង់ទន្លេតែម្ដង ដែលជាទីដីមានទំហំតុចតែមានជីជាតិ គឺជាដីចម្ការយ៉ាងប្រពៃដែលផ្ដល់ផលិតផលកសិកម្មគ្រប់បែប ។រីឯបឹងទាំងឡាយ ជាឡូត៍នេសាទយ៉ាងសំខាន់នៅរដូវសម្រក ពីព្រោះបឹងទាំងនោះជាទីប្រសើរដល់ការលូតលាស់ និងកំណើនត្រី ។ នៅពេលទឹកសម្រក ត្រីទាំងនោះតែងតែនៅផ្ដុំគ្នាតាមព្រែកដែលជាកន្លែងនេសាទ ។
ខ. ក្រុមទន្លេសាប
ក្រុមទន្លេសាបមានបឹងទន្លេសាប ទន្លេបាសាក់ និងទន្លេមេគង្គផ្នែកក្រោម ។ ផ្ទៃបឹងនេះមានទន្លេទំហំទាំងអស់ ៣.០០០ គម២ នៅរដូវប្រាំង និង ១០.០០០ គម២ នៅរដូវវស្សា ។ ទន្លេសាបមុនទៅជួបនឹងទន្លេមេគង្គ ជាទន្លេដែលទទួលទឹកពីទំនាបកណ្ដាលទាំងមូល និងមានប្រភពនៅភ្នំរន្ទា ហើយមានផ្នែកលើទឹក ជាស្ទឹងសិរីសោភ័ណ ។
បឹងទន្លេសាប មានខេត្តជាច្រើនព័ទ្ធជុំវិញៈ សៀមរាប កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ។ នៅរដូវប្រាំង បណ្ដោយមានប្រវែងប្រហែល ១៥០ គម ទទឹងអតិបរមាប្រហែល ៣២ គម និងផ្ទៃ ៣.០០០ គម២ ។ រីឯនៅរដូវទឹកឡើង ផ្ទៃអាចឡើងដល់ទៅ ១០.០០០ គម២ ។ បឹងទន្លេសាបចែកជាបីផ្នែក ៖
- បឹងធំ ស្ថិតនៅខាងជើង មានបណ្ដោយ ៧៥ គម និងទទឹង ៣២ គម ។
- បឹងតូច ស្ថិតនៅចំកណ្ដាល មានបណ្ដោយ ៣៥ គម និងទទឹង ២៨ គម ។
- វាលភក់ ជាវាលមួយធំធេង ប្រកបទៅដោយកូនកោះទាបៗ និងសម្បូរខ្សាច់ ។ ទីនោះមានតែរុក្ខជាតិក្រិនៗ ។
របបទឹកទន្លេសាប
បឹងទន្លេសាបមានទិដ្ឋភាពជាសមុទ្រក្នុងមួយយ៉ាងជ្រៅ និងអាចធ្វើនាវាចរបាននៅរដូវវស្សា ឬផ្ទុយទៅវិញនៅរដូវប្រាំង បឹងនេះមានទិដ្ឋភាពមិនខុសអំពីស្រះធំមួយប្រកបទៅដោយភក់ ហើយរាក់ថែមទៀតផង ។
រដូវទឹកសម្រក ចាប់ផ្ដើមនៅខែធ្នូ ហើយចប់នៅខែឧសភា ។ ពេលនោះ កម្ពស់ទឹកបឹងទន្លេសាបមានជាអប្បបរមាពី ០,៨០ ម ដល់ ២ ម ជាមធ្យម ។ ចាប់ពីកំពង់ឆ្នាំង ជាពិសេស នៅវាលភក់ ជម្រៅទឹកចុះជាលំដាប់រហូតដល់នាវាចរត្រូវហាមឃាត់ លើកលែងតែកូនទូកតូចៗ ។
នៅរដូវវស្សា ទិដ្ឋភាពទូទៅនៃបឹងទន្លេសាប ផ្លាស់ប្ដូរជាច្រើន ផ្ទៃព្រមទាំងជម្រៅទឹកក៏កើនជាលំដាប់ រហូតដល់ជួនកាលទឹកជំនន់ចូលពេញទំនាបដែលព័ទ្ធជុំវិញបឹងនោះ ។ កម្ពស់ទឹកអាចឡើងដល់ទៅ ១៤ ម គឺខុសគ្នា ១០ ម យ៉ាងតិចពីកម្ពស់ទឹកនៅរដូវប្រាំង ។ គឺនៅពេលនោះហើយដែលនាវាមានចំណុះច្រើនអាចបើកបរចូលទៅដល់បឹងទន្លេសាប ។
ដៃសំខាន់ៗនៃក្រុមទន្លេសាប
ដៃទន្លេសាបខាងស្ដាំមាន ៖
- ស្ទឹងស្រែង មានប្រភពនៅជួរភ្នំដងរែក ហើយមកប្រសព្វគ្នាជាមួយនឹងស្ទឹងសង្កែ ។ ដងស្ទឹងស្រែងកណ្ដាលស្ថិតជាព្រំប្រទល់រវាងខេត្តបាត់ដំបង និងខេត្តសៀមរាប ។
- ស្ទឹងសៀមរាប និងស្ទឹងរលួស ជាកូនស្ទឹងតូចពីរ ដែលមានប្រភពនៅភ្នំគូលែន ។ ស្ទឹងសៀមរាបហូរក្បែរប្រាសាទអង្គរ ហើយទឹកស្ទឹងនេះហូរបំពេញបារាយណ៍ (អង្គរ) ។
- ស្ទឹងជីក្រែង និងស្ទឹងស្ទោង ដែលហូរចាក់ទៅក្នុងតំបន់វាលភក់ ឬទន្លេឆ្មារ ។
- ស្ទឹងសែន ដែលហូរចុះមកពីជួរភ្នំដងរែក មានទឹកច្រើន ដោយសារមានអូរជាច្រើនហូរមកកាន់ ។ ស្ទឹងនេះមានបណ្ដោយ ៤៥០ គម ហើយបត់បែនជាភ្នែនយ៉ាងច្រើនមុនមកដល់កំពង់ធំ ហើយហូរកាត់ច្រកឆ្នុកទ្រូ ។
- ស្ទឹងជីនិត រីកធំដោយសារទឹក ស្ទឹងតាំងក្រសាំង និងស្ទឹងពង្រង ហូរចាក់មកស្ទឹងនេះ ហូរចាក់ទៅក្នុងវាលភក់ ដោយឆ្លងកាត់កំពង់ថ្ម ។
ដៃទន្លេសាបខាងឆ្វេងមាន ៖
- ស្ទឹងសិរីសោភ័ណ ដែលហូរមកពីប្រទេសថៃ ទទួលទឹកស្ទឹងមង្គលបូរី (មានប្រភពនៅភ្នំសាយខាវ កម្ពស់ ១.៤៧០ ម ប្រទេសថៃ) និងទឹកស្ទឹងសង្កែ (មានប្រភពនៅភ្នំតាលរ កម្ពស់ ៧០០ ម ប្រទេសខ្មែរ) មុននឹងហូរចាក់ទៅក្នុងបឹងទន្លេសាប ។
- ស្ទឹងមោង (ដូនទ្រី) ហូរពីភ្នំទឹកព្រិល (១.៤២៥ ម) កាត់ស្រុកមោងឫស្សី ។
- ស្ទឹងស្វាយដូនកែវ ហូរកាត់ភូមិស្វាយដូនកែវ ។
- ស្ទឹងពោធិ៍សាត់ មានប្រភពនៅភ្នំខ្មោច (១.៤២៥ ម) ជាស្ទឹងប្រកបដោយរបបប្រៀបបាននឹងរបបទឹកជ្រោះដែលបណ្ដាលឲ្យមានជំនន់ ។
- ស្ទឹងបរិបូរណ៍ ហូរកាត់ច្រកបរិបូរណ៍នៅកំពង់ឆ្នាំង ។
- ស្ទឹងជ្រៀវ ហូរកាត់ឧដុង្គ ។
- ស្ទឹងព្រែកត្នោត កើតមកពីអូរជាច្រើន ដែលហូរមកពីភ្នំឱរ៉ាល់ និងពីប្រជុំភ្នំអូរម្លូ ។ ស្ទឹងនេះហូរកាត់ខេត្តកំពង់ស្ពឺ និងតាខ្មៅ ។
- ស្ទឹងតាកែវ ហូរប្រសព្វនឹងទន្លេបាសាក់ត្រង់មាត់ជ្រូក ។
មុខងារទន្លេសាប
ទន្លេសាប និងដៃទាំងអស់ រួមគ្នាបង្កើតជាផ្លូវនាវាចរមួយដ៏មានប្រយោជន៍ ។ នៅរដូវវស្សា បឹងទន្លេសាបប្រកបទៅដោយទូកប៉ុកចាយបើកក្ដោង ។ រីឯស្ទឹងមានតែកប៉ាល់តូចៗ និងទូកប៉ុកចាយ ដែលមានចំណុះមិនលើសពី ១០០ តោន ។ នៅរដូវប្រាំង ក្នុងបឹងទន្លេសាប គេអាចធ្វើនាវាចរបានចំពោះតែកូនទូកប៉ុណ្ណោះ ។ ប៉ុន្តែបឹងទន្លេសាបជាមជ្ឈមណ្ឌលនេសាទមួយយ៉ាងធំ គឺជាមជ្ឈមណ្ឌលត្រីច្រើនជាងគេនៅក្នុងពិភពលោក ពីព្រោះទីនោះមានព្រៃលិចទឹកជាជម្រកដ៏សម្បូរអាហារនៃសត្វត្រីទាំងឡាយ ។
គ. ក្រុមទន្លេស្ថិតនៅតាមឈូងសមុទ្រថៃ
មួយភាគប្រាំមួយ (១/៦) នៃបរិវេណព្រំប្រទល់ខ្មែរ ជាឆ្នេរសមុទ្រ ។ ឆ្នេរនេះមានប្រវែង ៤៥៥ គម នៅតាមបណ្ដោយឈូងសមុទ្រថៃ ។ ហើយទន្លេដែលស្ថិតនៅតាមឈូងសមុទ្រនេះច្រើនជាព្រែកតុចៗ ដែលមានទឹកឡើង និងស្រកយ៉ាងឆាប់រហ័ស អាស្រ័យមានភ្លៀង ឬគ្មានភ្លៀង ។ ផ្លូវទឹកសំខាន់ៗនៃតំបន់នេះ ច្រើនតែហូរធ្លាក់ពីរយៈកម្ពស់ ៥០០ ទៅ ៦០០ ម ពីធ្លាក់ពីល្បាក់មួយទៅកាន់ទំនាបជិតៗ ដោយបត់ជាភ្នែនដ៏ច្រើនមុននឹងទៅដល់មាត់សមុទ្រ ចម្ងាយ ១៥ ទៅ ២០ គម ។ នៅត្រង់ដីសណ្ដ ផ្លូវទឹកទាំងនោះតែងចែកជាដៃដ៏ច្រើន កប់ក្រោមភក់ជ្រាយ ដែលមានដើមកោងកាងដុះពាសពេញ ។
ម្យ៉ាងទៀត ជ្រោះជាច្រើនដែលស្ងួតនៅរដូវប្រាំងតែងតែមានទឹកច្រើន ហើយហូរយ៉ាងខ្លាំងនៅរដូវវស្សា ដោយនាំមកនូវដុំថ្មធំៗ និងមែកឈើផង ជាហេតុបណ្ដាលឲ្យមានជំនន់ក្នុងរយៈពេលដ៏ខ្លី ។ ក្រៅអំពីទឹកភ្លៀង ព្រែកតូចៗក្នុងតំបន់នេះស្ថិតនៅក្រោមឥទ្ធិពលនៃជំនោរសមុទ្រថែមទៀត ។ នៅរដូវប្រាំង ទឹកសមុទ្រតែងតែចូលមកក្នុងព្រែកយ៉ាងងាយ ។ ហេតុដូច្នេះ ស្ទឹងតាមឆ្នេរទាំងអស់ ពុំមានសារសំខាន់ប៉ុន្មានទេចំពោះផ្នែកសេដ្ឋកិច្ច ។ ស្ទឹងសំខាន់ៗនៃតំបន់ឆ្នេរសមុទ្រពីជើងទៅត្បូងមាន ៖
- ស្ទឹងមេទឹក មានប្រភពនៅភ្នំធំ (១.២៥៨ ម) ហើយហូរស្របនឹងព្រំប្រទល់ រួចចាក់ទៅក្នុងសមុទ្រត្រង់ថ្នល់ក្របី ។ ស្ទឹងនេះទទួលទឹកពីស្ទឹងឫស្សីជ្រំ ពិខាងឆ្វេងដៃ ។
- ព្រែកតាតី យកឈ្មោះតាមភូមិតាតី ដែលស្ថិតជិតប្រភពដើម ព្រមទាំងទទួលទឹកពីខាងស្ដាំដៃចំនួនពិរគឺស្ទឹងកែប និងស្ទឹងសាលបន្ធន ។
- ស្ទឹងជាយអារែង មានរាងបត់បែន ទទួលទឹកពីព្រែកយួន ព្រែកស្មៅ ព្រែកតាចន្ទ ។ ម្យ៉ាងទៀត មុនទៅដល់សមុទ្រ ស្ទឹងនេះកែងចូលទៅរកស្ទឹងតាតី ដើរធ្លាក់ចូលទៅរកដៃសមុទ្រជាមួយគ្នា ។
- ព្រែកជីផាត ដែលហូរចាក់ទៅក្នុងឆកកំពង់សោម ជាផ្លូវធម្មជាតិមួយសម្រាប់ឡើងទៅតំបន់ខ្ពស់ ។ ដងខាងលើនៃព្រែកនេះជាទីប្រជុំនៃជ្រោះជាច្រើន ។
- ព្រែកកំពង់សោម ដែលហូរចាក់ទៅក្នុងឆកកំពង់សោមដែរនោះ ស្ថិតនៅក្បែរស្រែអំបិល ដោយទទួលទឹកខាងស្ដាំដៃពីស្ទឹងកំបុត និងស្ទឹងសំរោង ។
- ស្ទឹងកំពត ដែលមានប្រភពនៅភ្នំដំរី ជិតច្រកពេជ្រនិល ទទួលទឹកខាងស្ដាំដៃ និងនៅពីលើខេត្តកំពត ពីស្ទឹងមួយដ៏សំខាន់គឺស្ទឹងកំចាយ ដែលហូរធ្លាក់មកលើភ្នំពពកវិល (បូកគោ) ។
- ស្ទឹងទូកមាស ហូរចូលទៅប្រទេសវៀតណាមត្រង់ទាន់ហន់ រួចចាក់ទៅក្នុងឆកសមុទ្រហាទៀង ។ ហើយស្ទឹងនេះហូរភ្ជាប់ទៅនឹងទន្លេបាសាក់ ដោយសារព្រែកវិញតេ ត្រង់ព្រំប្រទល់ប្រទេសខ្មែរ និងប្រទេសវៀតណាមតែម្ដង ។
ក្រៅពីទន្លេសំខាន់ៗខាងលើនេះ មានកូនជ្រោះជាច្រើន ដែលតែងតែនាំនូវកម្ទេចវត្ថុគ្រប់យ៉ាងមកចាក់បំពេញត្រើយសមុទ្រនៅរាល់រដូវភ្លៀង ។
៣. ឆ្នេរសមុទ្រ និងសមុទ្រនៃប្រទេសខ្មែរ
មួយភាគប្រាំមួយនៃប្រទេសខ្មែរជាឆ្នេរសមុទ្រប្រវែង ៤៥៥ គម ដែលជាឆ្នេរនៃសមុទ្រតែមួយគឺឈូងសមុទ្រថៃ ។
ក. ឆ្នេរសមុទ្រខ្មែរ

មានស្ទើរកោះពីរយ៉ាង ដាច់ពីគ្នាដោយឆកកំពង់សោមគឺ ស្ទើរកោះស្មាច់ និងស្ទើរកោះវាលរេញ ។ ឆ្នេរសមុទ្រខ្មែរមិនសូវជ្រៅប៉ុន្មានទេ ដោយមានជម្រៅទឹកមធ្យមមិនហួសពី ៥៦ ម ជាហេតុនាំឲ្យមានលទ្ធភាពជាច្រើនក្នុងការពង្រីកសកម្មភាពនៅតាមសមុទ្រ ។ គឺនៅតាមឆ្នេរសមុទ្រនេះហើយដែលរដ្ឋាភិបាលស្ថាបនាកំពង់ផែយ៉ាងល្អពីរគឺៈ កំពង់ផែរាម និងកំពង់ផែកំពង់សោម ។ ទីក្រុងកែប ដែលស្ថិតនៅតាមឆ្នេរសមុទ្រនេះដែរ ជាបុរីទេសចរណ៍ទំនើបមួយ ប្រកបដោយសោភណភាពយ៉ាងប្រសើរ ។ គេអាចចែកឆ្នេរសមុទ្រខ្មែរជាប្រាំផ្នែក ពីពាយ័ព្យទៅអាគ្នេយ៍ ៖
១. ពីចាំយាមទៅព្រែកគគីរ
ពីព្រំប្រទល់ថៃត្រង់ចាំយាមទៅទល់ព្រែកគគីរ ឆ្នេរសមុទ្រតំបន់នោះទាប ប្រកបទៅដោយភក់ និងព្រៃកោងកាង ។ នៅទីនោះមានភូមិច្រើនដែលជាភូមិអ្នកនេសាទ ដូចជា ថ្នល់ក្របី បឹងក្រសោប កោះចៅលាវ កោះកាពិ ។ល។ រីឯទីតាំងមណ្ឌលស្រុកកោះកុង គឺកោះមូល ដែលជាកោះមួយដុះភ្ជាប់មកដីគោកដោយសារទំនប់ផែ ។
២. ពីព្រែកគគីរទៅជ្រោយសូរិយាវង្ស
ពីព្រែកគគីរទៅទល់ជ្រោយសូរិយាវង្ស ឆ្នេរសមុទ្រស្ថិតនៅក្បែរជើងភ្នំ និងនៅចំផ្លូវខ្យល់មូសុង គឺជាឆ្នេរប្រកបទៅដោយថ្ម និងមានរាងរឆិញរឆុញ ។ ប៉ុន្តែ ផ្ទាំងថ្មធំៗពុំសូវសម្បូរទេ មានតែជ្រោយខ្លះដែលជាជម្រកនៃឆកសមុទ្រ ដែលវិចិត្រទៅដោយដើមស្ងាវ ដុះងតាមឆ្នេរ ដូចជា ជ្រោយយាយសែន ជ្រោយស្មាច់ និងជ្រោយសូរិយាវង្ស ។ មានកោះ និងកូនកោះជាច្រើននៅរាយបន្តពីមុខជ្រោយទាំងនោះ ចុះទៅឈូងសមុទ្រថៃ ។ តំបន់ឆ្នេរនេះពុំសូវមានមនុស្សរស់នៅទេ ។
៣. ឆកកំពង់សោម
ឆកកំពង់សោម ព័ទ្ធពីក្រៅដោយកោះភ្នំមួយជួរ ។ ទីនេះសម្បូរព្រៃ តែគ្មានមនុស្សរស់នៅទេ ។នៅខាងកើត និងខាងលិចឆកនេះ មានជ្រោយសូរិយាវង្ស និងជ្រោយថ្មសដែលមានភូមិអ្នកនេសាទចម្លងគោ និងជ្រោយវាលរេញដែលមានកំពង់ផែកំពង់សោម ។
ទិដ្ឋភាពទូទៅនៃឆកកំពង់សោមប្រសើរណាស់ ព្រោះឆកនេះបែរមុខចំខ្យល់មូសុងវស្សាពីទិសនិរតី ។ ទទឹងឆកនេះមានប្រវែង ៣០ គម ។ ខាងលិចឆ្នេរទាបហើយត្រង់ ខាងកើតឆ្នេរទាបត្រង់តំបន់ខាងជើង ហើយមានថ្មប៉ប្រះទឹកត្រង់តំបន់ខាងត្បូង ។ ម្យ៉ាងទៀត ឆកនេះចាប់គោកបន្តិចម្ដងៗ ដោយសារល្បប់ដីច្រើនដែលទឹកព្រែកទាំងឡាយនាំចូលមក ។
៤. ពីកំពង់សោមដល់ឆកទឹកសាប
ពីក្រុងព្រះសីហនុទៅដល់ឆកទឹកសាប មានឆ្នេរខ្សាច់ជាច្រើន ប្រកបទៅដោយដើមស្ងាវដុះឆ្លាស់គ្នានឹងដុំថ្ម ។ នៅចំកណ្ដាលវាលឆ្នេរនេះ មានឆករាប ជាជម្រកយ៉ាងល្អសម្រាប់កំពង់ផែរាម ដែលគេចផុតពីខ្យល់មូសុង ។
៥. ពីឆកទឹកសាបទៅហាទៀត
ពីឆកទឹកសាបទៅហាទៀង (ប្រទេសវៀតណាម) មាត់សមុទ្រមានរាងផតចូលក្នុងដោយសារឆកទឹកសាប និងឆកវាលរេញ ដែលមានឆ្នេរទាប ហើយពោរពេញទៅដោយភក់ ។ បន្ទាប់ពីឆកទាំងពីរនេះ ក្បែរជើងឆ្នេរចោតនៃភ្នំបូកគោ មានឆ្នេររាងដងធ្នូប្រកបដោយដើមកោងកាង ។ ខាងកើតពាមសមុទ្រនៃស្ទឹងកំពត ឆ្នេរនៅតែទាប លើកលែងតែជ្រោយកែប ដែលមានស្ថានីយងូតទឹកនោះចេញ ។
ខ. ឈូងសមុទ្រថៃ
ឈូងសមុទ្រថៃ ជាសមុទ្រមួយពុំសូវជ្រៅ ហើយមានបាតរាបស្មើ ។ ឈូងសមុទ្រនេះផ្ដាច់ប្រទេសខ្មែរពីឧបទ្វីបម៉ាឡាកា កោះសូម៉ាត្រា និងកោះជ្វា ។ គឺជាជាយទ្វីបដែលមានជម្រៅមធ្យម ១០ ម ហើយជម្រៅអតិបរមាមិនដល់ ៧៥ ម ឡើយ ។ទឹកនៃឈូងសមុទ្រនេះ មានសភាពស្ងប់នៅរដូវប្រាំង ឬសិសិររដូវ (ពីខែធ្នូទៅខែមេសា) និងមានភាពរញ្ជួយដោយរលកធំៗនៅរដូវវស្សា (ពីខែឧសភាទៅខែវិច្ឆិកា) ។ ភាពស្ងប់ ឬភាពរញ្ជួយនៃទឹកប្រែប្រួលទៅតាមរបបខ្យល់មូសុងដែលបក់មកពីទិសឦសាន ឬមកពីទិសនិរតី ។ព្យុះស៊ីក្លូន ឬព្យុះទីហ្វុងបែបសមុទ្រចិន ពុំដែលមាននៅលើឈូងសមុទ្រនេះឡើយគឺមានតែព្យុះភ្លៀងខ្លះនៅពេលប្ដូររបបមូសុងប៉ុណ្ណោះ ដែលជាហេតុបណ្ដាលឲ្យមានគ្រោះថ្នាក់តិច និងមានថ្មប៉ប្រះទឹកក៏តិចដែរ ។ឈូងសមុទ្រថៃនេះ ស្ថិតនៅក្រោមឥទ្ធិពលនៃជំនោរទឹកដូចជាសមុទ្រដទៃទៀតដែរគឺក្នុងមួយថ្ងៃ (២៤ ម៉ោង) មានជំនោរចំនួនពីរឆ្លាស់គ្នានឹងលំនាចចំនួនពីរដែរ ។ ចលនានៃជំនោរនេះ កើតឡើងដោយការប្រែប្រួលនៃផ្ទៃទឹកសមុទ្រទាំងឡាយក្រោមឥទ្ធិពលនៃទំនាញព្រះអាទិត្យ និងព្រះចន្ទ ។ ក្រៅពីជំនោរទឹក មានចរន្តសមុទ្រដែលកើតឡើងដោយការបក់បោកនៃខ្យល់នៅតំបន់នោះ ។ ទិស និងកម្លាំងខ្យល់បញ្ជាក់ទិស និងល្បឿននៃចរន្តទឹកសមុទ្រតែម្ដង ដូចជា នៅតាមឆ្នេរសមុទ្រនៃប្រទេសខ្មែរ ចរន្តក្បែរឆ្នេរជួនកាលខ្លាំងក្លាណាស់គឺអាចមានប្រវែងជិត ១៣០ គម ក្នុងរយៈពេល ២៤ ម៉ោង នៅពេលខ្លះ ។នៅរដូវខ្យល់មូសុងឦសានក្នុងសមុទ្រចិន ចរន្តសមុទ្របែរទៅពាយ័ព្យដោយមានមួយផ្នែកបែរទៅរកឆ្នេរម៉ាឡាកា រួចបង្វិលមួយជុំស្របទៅនឹងទ្រនិចនាឡិកា ។ ចំពោះឆ្នេរខ្មែរ ចរន្តកើតឡើងពីទិសពាយ័ព្យទៅអាគ្នេយ៍ ជាហេតុបណ្ដាលឲ្យឆ្នេរនេះគេចផុតពីគ្រោះថ្នាក់ គឺខ្យល់មូសុងឦសាននេះហើយ បង្កើតរដូវនេសាទតាមឆ្នេរសមុទ្រខ្មែរយើង ។នៅរដូវខ្យល់មូសុងនិរតី គេសង្កេតឃើញមានបាតុភូតមួយផ្ទុយទៅវិញ គឺចរន្តសមុទ្រចូលមកប៉ះនឹងឆ្នេរខ្មែរ រួចឡើងទៅទិសខាងជើង ។ បន្ថែមពីលើនេះ មានរលកធំៗនៅកណ្ដាលសមុទ្រ ចូលមកបែកត្រង់ឆ្នេរនេះតែម្ដង ។ គឺខ្យល់មូសុងនិរតីនេះហើយ ដែលបង្កើតរដូវយ៉ាងអាក្រក់នៅសមុទ្រ បណ្ដាលឲ្យនាវាចរប្រព្រឹត្តទៅដោយពិបាក និងដោយគ្រោះថ្នាក់ ។ ជាសង្ខេប ឈូងសមុទ្រថៃមានការអនុគ្រោះច្រើនដល់នាវាចរ ដូចជា នាវាចរនៃកាណូត កប៉ាល់តូចៗ ឬទូកប៉ុកចាយបើកក្ដោងជាច្រើន ដែលចេញនេសាទ ដើម្បីចិញ្ចឹមអ្នកមាត់សមុទ្រ ព្រមទាំងដើម្បីទទួលយកផលពីសមុទ្រគ្រប់បែបយ៉ាង ។ កំពង់ផែព្រះសីហនុ ជាកំពង់ផែមួយដែលមាននាវាសមុទ្រធំៗចូលចតបាន ។ នេះជាមូលហេតុនៃការលូតលាស់ផ្នែកសេដ្ឋកិច្ចតំបន់មាត់សមុទ្រនៃប្រទេសខ្មែរ ។
គ. កោះទាំងឡាយនៃឈូងសមុទ្រថៃ
ក្រុមកោះនៅខាងជើងពៀបសមុទ្រព្រែកតាគី ជាកោះកើតឡើងដោយសម្រុតសមុទ្រនៃតំបន់នោះ ដូចជា កោះពរ កោះកាពិ កោះចៅលាវ កោះស្កេត ។កោះកុង ជាកោះធំជាងគេនៅប្រទេសខ្មែរ (ប្រហែល ៨០ គម២) គឺជាកូនភ្នំមួយកម្ពស់ ៤១០ ម ដែលដាច់ចេញពីទ្វីបដោយសារបំណាក់ភ្នំភ្លើង ។ ខាងលិចឆ្នេរកោះនេះដែលតែងទទួលខ្យល់មូសុងនិរតី សុទ្ធសឹងប្រកបទៅដោយថ្ម ហើយរឆិញរឆុញខ្លាំងស្ទើរចូលពុំចុះ ។ ផ្ទុយទៅវិញ ឆ្នេរខាងកើត គេចផុតពីខ្យល់មូសុង ហើយមានចម្ការដំណាំជាច្រើនកន្លែង ។កូនកោះ ប្រកបទៅដោយថ្មមួយជួរ នៅតាមបណ្ដោយជុំវិញជ្រោយស្មាច់ គឺកូនកោះដំបង កោះព្រះ កោះបួន ។កោះរង់ និងកោះរង់សន្លឹម ស្ថិតនៅពីមុខឆកកំពង់សោម កោះទាំងពីរនេះភ្ជាប់មកដីគោកដោយសារកូនកោះមួយជួរ ។កោះនៅឯនាយស្ទើរកោះវាលរេញមានបីក្រុមៈ ក្រុមទីមួយ នៅពីមុខកំពង់ផែព្រះសីហនុ មានកោះពស់ ក្រុមទីពីរ នៅពីមុខរាម មានកោះតាកៀវ ព័ទ្ធជុំវិញដោយកោះឫស្សី កោះត្រែស កោះចន្លុះ និងកោះស្រមោច និងក្រុមទីបី បន្តទៅកោះត្រង់ មានកោះថ្មី និងកោះសេះ ។កោះត្រល់ ដែលពីដើមជាកោះប្រទេសខ្មែរ ឥឡូវបានទៅប្រទេសវៀតណាម ជាកោះមួយដ៏ធំ ដែលការពារឆ្នេរពីខ្យល់មូសុងនិរតី ហើយបាំងជាជម្រកនៃភូមិនេសាទជាច្រើន ។ជាចុងក្រោយបង្អស់ នៅខាងត្បូងស្ថានីយកែប មានកោះស្វាយ កោះទន្សាយ កោះត្បាល់ កោះអង្គុញ និងកោះសេះ ។កោះទាំងអស់នៃឈូងសមុទ្រថៃ មានបណ្ដាជនរស់នៅតិចតួចទេ ព្រមទាំងប្រកបទៅដោយព្រៃស្ដុក ដែលគេពុំទាន់ទាញយកផលបាននៅឡើយ ។ តែផ្ទុយទៅវិញ កោះទាំងនេះជាមជ្ឈមណ្ឌលនេសាទនៅរដូវមូសុងឦសាន ៕
No comments:
Post a Comment