របៀបសរសេរ​តែងសេចក្ដី

វិធីសាស្ត្រ​នៃ​ការ​សរសេរ​តែងសេចក្ដី​សម្រាប់​មធ្យមសិក្សា​ទុតិយភូមិថ្នាក់​ទី​១០-១១-១២

តែងសេចក្តី គឺជាបណ្តុំនៃកថាខណ្ឌគាំទ្រគំនិតសំខាន់តែមួយ។ វាប្រៀបដូចជាការធ្វើជំនួញដោយចែកចេជា៣ដំណាក់កាលគឺ ផ្សព្វផ្សាយផលិតផល(សេចក្តីផ្តើម) បង្ហាញផលិតផល(តួសេចក្តី) និងសរុបបទបង្ហាញ បញ្ចេញការយល់ឃើញនៃផលិតផល(សេចក្តីបញ្ចប់) ដោយបង្ហាញចេញនូវគោលបំណងរួមមួយគឺចំណេញ(ប្រធានបទ)។ តែងសេចក្តីត្រូវបានគេចែកចេញ ជាបីផ្នែកដែរ គឺ សេចក្តីផ្តើម តួសេចក្តី និងសេចក្តីបញ្ចប់ ហើយដែល ផ្នែកនីមួយៗភ្ជាប់គ្នាដោយ ឃ្លាភ្ជាប់សេចក្តី ។




ប្រធានៈ គេថា "នារីបានរួមវិភាគទានយ៉ាងធំធេងចំពោះសង្គមជាតិ និង គ្រួសារ​"។ ចូរពន្យល់ដោយបញ្ជាក់ពីសកម្មភាពរបស់នារីក្នុងរឿងភូមិតិរច្ឆាន និង រឿងគូលីកំណែន។
​                                                          សេចក្តីអត្ថាធិប្បាយ
     ចំពោះការអភិវឌ្ឍន៍ប្រទេសជាតិកាលពីសម័យមុនក៏ដូចជាសម័យបច្ចុប្បន្នដែរគេត្រូវការចាំបាច់នូវការចូលរួមពីកម្លាំងរបស់នារីភេទ។តាមរយៈប្រវត្តិសាស្រ្តនិងទំនៀមទម្លាប់ប្រពៃណីខ្មែរសង្គមខ្មែរយើងបាលើកតម្កើងស្រ្តីជាធំ។ទាំងនេះបញ្ជាក់ថាស្រ្តីមានតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ។ស្របទៅនឹងទស្សនៈខាងលើនេះហើយទើបមានមតិមួួយយល់ថា"នារីបានរួមវិភាគទានយ៉ាងធំធេងចំពោះសង្គមជាតិនិងគ្រួសារ​"។
           តើនារីបានចូលរួមសកម្មភាពអ្វីខ្លះចំពោះការអភិវឌ្ឍន៍សង្គមជាតិនិងគ្រួសារ?
           ដើម្បីងាយស្រួលដល់ការបកស្រាយនូវចំណាោទបញ្ហាខាងលើ យើងគប្បីយល់នូវអត្ថន័យរបស់ពាក្យ "រួមវិភាគទាន និង អភិវឌ្ឍ " ជាមុនសិន។ ពាក្យថា "រួមវិភាគទាន​"មានន័យថា ការចូលរួមចំណែកធ្វើនូវអំពើណាមួយជាមួយអ្នកដទៃ។ រីឯពាក្យ "អភិវឌ្ឍ​​ " មានន័យថា ការធ្វើអ្វីមួយឲ្យលូតលាស់រីកចម្រើន។ តាមរយៈអត្ថន័យរបស់ពាក្យខាងលើទស្សនៈរបស់ប្រធានមានន័យថា នារីភេទបានចូលរួមចំណែកយ៉ាងច្រើនសន្ធឹកសន្ធាប់ណាស់ក្នងការស្តារនិងកសាងនូវជីវភាពគ្រួសារ និង សង្គមជាតិឲ្យមានការរីកចម្រើនលូតលាស់។ 
           វាប្រាកដណាស់ដែលថា នារីជាកម្លាំងដ៏សំខាន់មួយក្នុងការអភិឌ្ឍន៍សង្គមជាតិ​និង គ្រួសារឲ្យរីកចម្រើើន។ បើយើងក្រឡេកទៅមើលនារីក្នុងរឿងភូមិតិរច្ឆានវិញយើងក៏ឃើញថា លោក ឌឿក អំ និង ឌឹក គាមបានបង្ហាញច្បាស់នូវសកម្មភាពនារីខ្មែរមួួយចំនួននៅភូមិក្រាំងលាវ ដែលតំណាងឲ្យនារីខ្មែរទូទៅនៅក្នុងប្រទេសដែលមានទឹកចិត្តក្លាហានក្នុងការបញេ្ចញនូវមតិដែលសុទ្ធតែគំនិតជឿនលឿនក្នុងការតបតជាមួួយពូកអាណាគមន៍បារាំង និង បរិវា។ តួយ៉ាងដូចជានាងតន់ភរិយារបស់សុវណ្ណ ក្រោយពីបាត់ប្តីក៏ខំដើររកនៅមន្ទីរឃុំឃាំងដោយនាងសាកសួរអ្នកយាមម្នាក់ដែលជាបរិវាបំរើដាច់ថ្លៃរបស់បារាំង។​ អ្នកទំាងពីរក៏បានប្រកែកគ្នាយ៉ាងតឹងសសៃកដូចសំដីនាងតន់បញ្ជាក់ថា "រឿងស្លាប់ជាការធម្មតាទេថី ! បើអ្នកស្រុកក្រាំងលាវមិនស្លាប់នឹងគ្រាប់កាំភ្លើងរបស់ថី ក៏គង់តែស្លាប់នឹងចាស់ជរា ឬ ស្លាប់នឹងរោគាផ្សេងៗ" ។ នាងតន់ក៏និយាយទៀតថា " មកពីគេទុកខ្មែរដូចសត្វតិរច្ឆានហ្នឹងហើយ បានជាមានរឿងធំដល់បុណ្ណឹង! ហើយខ្ញុំនឹកស្មានថា លោកចិត្តជាខ្មែរ! "។ លើសពីនេះទៅទៀត នាងនី នាងប៊ី ក៏មានសេចក្តីក្លាហានក្នុងការប្រកេែកតវ៉ាជាមួយពួកអាណានិគមបារាំងផងដែរ។ ដូចជាមានឃ្លាបញ្ជាក់ថា " នែលោកធំ! លោកប្រើអំណាចលើខ្ញុំ​ និង ជាតិខ្ញុំជ្រុលពេកហើយ។ លោកដាក់ខ្នោះបី្តមិនស្កប់ចិត្ត ឥឡូវលោកគិតដាក់ខ្នោះប្រពន្ធទៀត ...."។ ដោយឆ្អែតចិត្តនឹងពួកបារាំងជិះជាន់នាងប៊ីបានបន្តទៀតថា " លោកធ្វើចៅហ្វាយលើខ្មែរ លោកមើលឃើញត្រឹមតែប្រាក់មួយមុខប៉ុណ្ណោះ ចង់ខ្មែរធ្វើស្រែមិនបាន ចង់ខ្មែរដាច់ពោះស្លាប់ លោកឥតឈឺក្បាលទេ លោកគិតតែពីសង្ខើញទារពន្ធឲ្យខានតែបាន។ នេះឬដែលហៅថា អាណាព្យាបាល? "។​ សកម្មភាពទាំងនេះបញ្ជាក់ថានារីបានចូលរួមក្នុងការអភិវឌ្ឍន៍សង្គមជាតិ។ ចំពោះក្នុងគ្រួសារវិញនារីមានតួនាទីសំខាន់ណាស់ក្នុងការមើលថែទាំកូនចៅមើលការខុសត្រូវចំពោះផ្ទះសម្បែង។ នារីជាទីប្រឹក្សាមួយដ៏ល្អជាមួយប្តីកូនចៅមុនសម្រេចធ្វើអ្វីមួយ។ ចំពោះស្ថានភាពសង្គមនាពេលបច្ចុប្បន្ននារីក៏បានជួយបង្កើននូវជីវភាពគ្រួសារផងដែរ តាមរយៈការបង្ករបង្កើនផលឬលក់ដូរប្រកបអាជីវកម្មផ្សេងៗជាមួយកម្លាំងបុរស។បើយើងក្រឡេកមើលក្នុងរឿងគូលីកំណែនវិញម្តងយើងក៏ឃើញថា លោកអ៊ឹមថុកក៏បានបង្ហាញអំពីសកម្មភាពនារីក្នុងផ្ទៃរឿងផងដែរ។ នៅក្នុងចំនុចនេះយើងឃើញថា អ្នកគ្រូ គូ រស់ បានផ្តល់កម្លាំងគ្រប់យ៉ាងដល់ម៉ុឹងក្នុងការតស៊ូរំដោះជាតិមាតុភូមិពីកណ្តាប់ដៃបរទេសឈ្លានពាន។ ទោះបីមិនបានចេញតស៊ូដោយផ្ទាល់ក៏ដោយ ក៏អ្នកគ្រូបានចូលរួមចំណែកដោយប្រយោលដោយជួយជាគំនិតយោបល់ និង គាំទ្រដល់ការសម្រេចចិត្តរបស់ម៉ឹងដែរ។ ម៉្យាងវិញទៀតចំពោះជីវភាពគ្រួសារវិញ នារីក៏បានខិតខំជួយជាកម្លាំងបុរសផងដែរក្នុងការធ្វើស្រែចំការ និង ធ្វើការងារស្រាលៗនៅឯផ្ទះជំនួសកំលាំងប្តី។សកម្មភាពទាំងនេះជាការសម្រាលនូវបន្ទុកជីវភាពគ្រួសារមួយផ្នែកដែរ។ ចំនុចមួយទៀតគឺការស្មោះត្រង់ប្តូរផ្តាច់ក្នុងគ្រាមានអាសន្ន ឬ​ការលំបាកផ្សេងៗ។ ជាក់ស្តែងដូចជានាងហេងមិនបណ្តោយខ្លួនឲ្យក្លាយជាចំណីតណ្ហារបស់ចៅហ្វាយស្រុកតាមរយៈអំណាចទឹកប្រាក់ឡើយ។ នាងហេងសុខចិត្តរត់គេចពីស្រុកកំណើតជាមួយឪពុកម្តាយលឹមមកភ្នំពេញរហូតបាត់បង់ជីវិត។ 
          សរុបមក នារីពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ និង គ្រួសារប្រាកដមែន។ រួមសេចក្តីមកតាមរយៈការបកស្រាយក្នុងអក្សរសិល្ប៏រឿងទាំងពីររួចមកយើងអាចសន្និដ្ឋានបានថានារីជាកំលាំងដ៏សំខាន់ក្នុងការរួមចំណែកធ្វើឲ្យសង្គមគ្រួសារ និង សង្គមជាតិរីកចំរើន។ នារីបានជួយជ្រោមជ្រែងចំពោះការងារបុរសជាច្រើនទាំងការស្រួលលំបាកគ្រប់បែបយ៉ាងដើម្បីបំរើឲ្យការរស់នៅប្រកបដោយលក្ខណៈល្អប្រសើរ។ដូចនេះក្នុងនាមយើងជាពលរដ្ឋគ្រប់រូប យើងត្រូវលុបបំបាត់នូវគំនិតរើសអើងស្រ្តីភេទដោយយើងត្រូវចាត់ទុកស្រ្តីភេទជាកំលាំងចលករមួយចូលរួមក្នុងសកម្មភាពផ្សេងៗទាំងក្នុងគ្រួសារ និង សង្គមជាតិដូចយើងដែរ។ យើងត្រូវគិតថាស្រ្តី និង បុរសមានសិទ្ធិស្មើគ្នាក្នុងការរស់នៅក្នុងសង្គមជាតិ៕


ប្រធានៈ មានទស្សនៈមួយពោលថា៖ “លក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណជាតិខ្មែរ”។ ចូរពន្យល់។
សេចក្តីអត្ថាធិប្បាយ
            វណ្ណកម្មអក្សរសិល្ប៍ដែលជាសមិទ្ធផលប្រសូតចេញពីទឹកដៃច្នៃប្រឌិត បង្កើតរបស់បណ្តាកវី​អ្នកនិពន្ធតែងបង្កប់នូវលក្ខណៈទាំងប្រាំបីរបស់ខ្លួនក្នុងនោះមានលក្ខណៈមនុស្ស លក្ខណៈវណ្ណៈ លក្ខណៈប្រជាជន លក្ខណៈបក្ស លក្ខណៈប្រវត្តិ លក្ខណៈជាតិ និងលក្ខណៈអន្តរជាតិ។ និយាយពាក់ព័ន្ធទៅនឹងលក្ខណៈជាតិបានប្រការធ្វើឲ្យអ្នកវិភាគក្នុងមជ្ឈដា្ឋនខ្លះបានលើកឡើងថា៖ “លក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណជាតិខ្មែរ”។
           តើលក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណខ្មែរយ៉ាងដូចម្តេចខ្លះ?
           ដើម្បីបានជាស្ពានឈានទៅដល់ការបកស្រាយចំណោទបញ្ហារបស់ប្រធានខាងលើឲ្យកាន់​តែជាលក្ខណៈពិស្តារប្រកបដោយខ្លឹមសារកាន់តែបានស៊ីជម្រៅមួយកម្រិតទេ្វឡើងទៀតនោះ គេចាំបាច់ត្រូវតែយល់ជាមុនសិននូវអត្ថន័យនៃពាក្យ “លក្ខណៈជាតិនៃអក្សរសិល្ប៍” , “ចារឹក” និង “អត្តសញ្ញាណជាតិខ្មែរ”។ ពាក្យថា “លក្ខណៈជាតិនៃអក្សរសិល្ប៍” គឺជាលក្ខណៈពិសេសរបស់​ជាតិនីមួយៗលេចធ្លោខុសពីជាតិដទៃដែលស្តែងចេញតាមរយៈអក្សរសិល្ប៍។ ចំពោះពាក្យថា “ចារឹក” នោះគឺការសរសេរ ចារ កត់ត្រា បង្ហាញ។ ដោយឡែកពាក្យថា “អត្តសញ្ញាណជាតិខ្មែរ” បានដល់សញ្ញាដែលធ្វើឲ្យគេស្គាល់ពីខ្មែរ។មតិដែលវិភាគឃើញដោយប្រធានខាងលើមានអត្ថ​ន័យចង់និយាយថាគេអាចស្គាល់ជាតិខ្មែរបានដោយរំពឹងមើលទៅក្នុងលក្ខណៈជាតិរបស់អក្សរ​សិល្ប៍។
ជាមួយនឹងការសិក្សាចលនាអក្សរសិល្ប៍រួចមកហើយ បានជាមូលហេតុដែលធ្វើឲ្យស្រទាប់
​យុវវ័យខ្មែរអ្នកសិក្សាផ្តោតការយល់ឃើញរបស់ខ្លួនថា “លក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្ត​សញ្ញាណខ្មែរ”។
           ពិតដូចការលើកឡើងរបស់មតិខាងលើនេះមែន គេអាចស្គាល់ជាតិខ្មែរបានជា​ប្រត្យក្សតាមរយៈលក្ខណៈជាតិខ្មែរដែលគេកត់ត្រាឃើញក្នុងរឿងរ៉ាវអក្សរសិល្ប៍។ យ៉ាងណាមិញបើគេសិក្សារឿងភូមិតិរច្ឆាន គេនឹងបានស្គាល់ខ្មែរតាមរយៈជំនឿដែលជាទូទៅ​មនុស្សខ្មែរតែងតែជឿលើវត្ថុសក្តិសិទ្ធិ មានទម្លាប់ក្នុងការបន់ស្រន់ បួងសួងដូចនៅក្នុងរឿង​ភូមិតិរច្ឆាន គេឃើញថាពួកទាហានបារាំងដែលមានទាហានខ្លះជុះអាចម៍រាករូស គ្រុនក្តៅ ញាក់ញ័រ គេថាដោយសារទាហានទាំងនោះមិនគោរពវត្ថុសក្តិសិទ្ធិដែលនៅថែរក្សាវិហារព្រះកែវមរកត។ ស្ថិតនៅក្នុងទម្លាប់បន់ស្រន់គេឃើញថាមាននារីខ្លះដែលមានសង្សាចុះកប៉ាល់ទៅច្បាំងនៅស្រុកបា​រាំង​បានលួចទៅបន់ស្រន់ព្រះអង្គដងកើ​ឲ្យបារមីព្រះអង្គទៅជួយគាំពារ ធានាថែរក្សាសង្សាឲ្យឆាប់​មក​ស្រុកខ្មែរវិញ។ ក្នុងរឿងដដែលនេះ​គេឃើញមនុស្សខ្មែរមានជំនឿលើអព្ភូតហេតុធម្មជាតិដូចបានបង្ហាញថាមានរន្ទះបាញ់ចេតិយព្រះវិ​ហារព្រះកែវមរកតខាងត្បូង។ តាមជំនឿគេថាស្រុកនឹងកើតគ្រោះវឹកវរ ចលាចល ឬកើតមានហេតុ​ទុរភិក្ស។ ដំណើររឿងបាន​បង្ហាញ​នូវជំនឿរបស់ខ្មែរនៅក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង​ខណៈ​ពេល​ដែលគេរត់ទៅ​ពួន​​នៅលើភ្នំតាបាំង អ្នកភូមិក្រាំងលាវបានយកដីនៅតាមក្រហែងថ្ម​មកបាចសាចលើក្បាលដើម្បីឲ្យព្រះធរណីជួយបិទបាំង កុំឲ្យបារាំងឃើញ។ បើគេនិយាយពី​លក្ខណៈជាតិខ្មែរនោះគេពុំភ្លេចទាល់តែសោះឡើយថាខ្មែរគឺជាប្រជាជាតិមួយដែលមានទម្លាប់ជា​ទំនៀមក្នុងការចូលចែចូវ ចូលស្តីដណ្តឹងដូចជាសុវណ្ណដែលជាពោះម៉ាយកូនមួយបានឲ្យមេបា​ចាស់ទុំចូលទៅស្តីដណ្តឹងនាងតំ ក្រមុំសៅកែមកជាគូដណ្តឹង ជាប្រពន្ធទី២របស់ខ្លួនប៉ុន្តែបើគេមើល​មក​ក្នុងរឿងទុំទាវ នោះគេនឹងឃើញពីលក្ខណៈជាតិរបស់ខ្មែរនៅសម័យលង្វែក គឺមនុស្សខ្មែរមានទម្លាប់របស់ខ្លួនមួយគឺថាបើអ្នកមានកូនប្រុសគេទម្លាប់ឲ្យចូលសាងផ្នួស។ បើបួសជាសាមណេរដូចនេនទុំ និងនេនពេជ្រគឺបួសដើម្បីសងគុណម្តាយ តែបើបួសជាភិក្ខុគឺបួស​ដើម្បីសងគុណឪពុក។ បើនិយាយពីរឿងជំនឿវិញ គេឃើញថាខ្មែរនាសម័យលង្វែកនិយមជឿលើ​មន្តអាគម អូមអាមដូចនាយទុំទៅស្មូត្រនៅផ្ទះម្តាយទាវបានដាក់មន្តសារិកាលិនថោងឲ្យពិរោះ​ក្រអួនដើម្បីទាក់ទាញអ្នកស្តាប់ឲ្យចេះតែចូលចិត្តស្តាប់។ ដោយឡែកចំណែកអ្នកមានកូនស្រី ដូចករណីម្តាយទាវតែងទម្លាប់ឲ្យកូនស្រីចូលម្លប់។ បើគេរំពឹងសំលឹងមើលមកក្នុងវិស័យជំនឿ គេឃើញមនុស្សសម័យលង្វែកនិយមជឿលើមន្តអាគមផង ជឿលើការទស្សទាយផងដូចព្រះគ្រូ​ចៅ​អធិការវត្តវិហារធំ មុនពេលឲ្យទុំលាចាកសិក្ខាបទ លោកគ្រូបានទាញក្តារ ទាញដីសមកគូស​វៀស​លេខអត្តមើលជោគជតារាសីជាមុនសិន។សិក្សាអំពីប្រពៃណីឃើញថាសង្គមខ្មែរសម័យ​លង្វែកមានប្រពៃណីជាក់លាក់របស់ខ្លួនដោយអនុវត្តតាមទស្សនៈ “នំមិនធំជាងនាឡិ” ដែលមាតា​បិតាដែលមានកូនប្រុសកូនស្រីមិនផ្តល់សិទ្ធិស្វ័យសម្រេចឲ្យកូនៗនោះទេ គឺឪពុកម្តាយជាអ្នក​សម្រច​​អ្វីៗគ្រប់យ៉ាង។ ទំនៀមទម្លាប់នោះក៏ដូចជាសម័យបច្ចុប្បន្នដែរគឺកូនប្រុសត្រូវតែចុលខ្លួន​ទៅរៀបការនៅផ្ទះខាងកូនស្រី ដូចករណីម៉ឺនងួនត្រូវរៀបការជាមួយនឹងនាងទាវនៅផ្ទះខាងស្រី។ ចំពោះសាសនាវិញគេឃើញសង្គមខ្មែរសម័យលង្វែកផ្តោតជំនឿលើព្រះពុទ្ធសាសនានិកាយហិន​យានទទួលឥទ្ធិពលពីមហាយានមានអ្នកបួសក្នុងសំណាក់ពុទ្ធសាសនានេះដែរ។
          ដូចនេះបើនិយាយឲ្យខ្លីក្នុងអត្ថន័យជាសរុបសេចក្តីមកឃើញថាតាមរយៈលក្ខណៈជាតិខ្មែរ
​ដែលកវីនិពន្ធបានកត់ត្រាក្នុងបណ្តាស្នាដៃអក្សរសិល្ប៍ខ្មែរនានាសុទ្ធសឹងតែជាសញ្ញាសំគាល់ឲ្យគេ​ស្គាល់មនុស្សខ្មែរបានដោយងាយ។
           យោងតាមបណ្តាហេតុផលដែលបានលើកបង្ហាញរួចហើយខាងលើ
​ អាចឲ្យយើងធ្វើការវិនិច្ឆ័យ វាយតម្លៃទស្សនៈលើកឡើងរបស់ប្រធានថាពិតជាមានអត្ថន័យត្រឹមត្រូវសមស្របដែលយើងអាច​ទទួលបានដោយហេតុថាអក្សរសិល្ប៍ខ្មែរមានសារៈសំខាន់ដូចខាងលើទើបតម្រូវឲ្យយុវសិក្ខាកាម​ជនលើកស្ទួយវប្បធម៌ អក្សរសាស្ត្រសីលធម៌ដូចជា “វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន”។


ប្រធានៈ មានមតិមួយយល់ថា « ប្រទេសអាប់ឱនព្រោះតែអំពើពុករលួយ» ឯមតិមួយទៀតយល់ថា « ប្រទសអាប់ឱនព្រោះតែអំពើមិនប្រក្រតីចំពោះការងារ»។ ចូពិភាក្សាដោយលើកអំណះអំណាងមកបញ្ជាក់។
សេចក្តីអត្ថាធិប្បាយ
          ប្រទេសណាក៏ដូចប្រទេសណាដែរតែងតែចង់បាននូវភាពរីកចំរើនលូតលាស់ប្រកបទៅដោយភាពរុងរឿង និង កិត្យានុភាពជានិច្ច។ ចំពោះការចង់បាននេះ វាតែងតែប្រឈមទៅនឹងឧបសគ្គ និង បញ្ហាផ្សេងៗមិនអាចចៀសផុត។ បញ្ហាទាំងនោះវាតែងបណ្តាលឲ្យកើតមានការអាប់ឱន ទន់ខ្សោយ ប្រជាជនជួបការលំបាកគ្រប់បែបយ៉ាង។ ជាពិសេសប្រទេសជាតិលិចលង់ បាត់បង់កិត្យានុភាពក្លាយជាប្រទេសអន់ថយគួរឲ្យអាម៉ាស។ ទាក់ទងនឹងបញ្ហាខាងលើនេះ មានមតិពីរលើកឡើងខុសគ្នាថា " ប្រទេសជាតិអាប់ឱនព្រោះតែអំពើពុករលួយ " ឯមតិទីពិរយល់ថា " ប្រទេសជាតិអាប់ឱនព្រោះតែអំពើមិនប្រក្រតីលើការងារ ។

         តើប្រទេសទាំងពីអប់ឱនបណ្តាលមកពីបញ្ហាទាំងពីរខាងលើ​ឬយ៉ាងណា?
         ដើម្បីងាយស្រួលដល់ការបកស្រាយយើងគួប្បីយល់នូវន័យរបស់ពាក្យ "អំពើពុករលួយ
​ និង អំពើមិនប្រក្រតីលើការងារ " ជាមុនសិន។ ពាក្យាថា អំពើពុករលួយ មានន័យថា អំពើមិនត្រឹមត្រូវបំបានលើច្បាប់ក្បត់នឹងផលប្រយោជន៍មនុស្សជាតិ។ រីឯពាក្យ អំពើមិនប្រក្រតីើលើការងារគឺសំដៅលើអំពើទាំងឡាយណាដែលរាំងស្ទះលើការងារមិនឲ្យការងារមានការលូតលាស់។ តាមរយៈខ្លឹមសារនៃពាក្យទាំងនេះទស្សនៈប្រធានខាងលើមានន័យថា ប្រទេសជាតិអាប់ឱនអន់ថយ ព្រោះតែសកម្មភាពទាំងឡាយណាដែលជាអំពើមិនត្រឹមត្រូវបំពានលើច្បាប់ក្បត់នឹងផលប្រយោជន៍ជាតិ។ ឯមិតិទីពីរមានន័យថាប្រទេសជាតិអាប់ឱនអន់ថយព្រោះតែអំពើទាំងឡាយណាដែលរាំងស្ទះដល់ការងារមិនឲ្យការងារមានការលូតលាស់ល្អ។

         មែនហើយជាការពិតណាស៊កក្តាដែលនាំឲ្យប្រទេសជាតិអាប់ឱនមានច្រើនណាស់ដែលពាក់ព័ន្ធទៅនឹងប្រយោជន៍បុគ្គល។ នៅពេលណាដែលគេបោះបង់ប្រយោជន៍ទូទៅហើយ ឈោងចាប់ប្រយោជន៍ផ្ទាល់ខ្លូនជាធំ គេសង្កេតឃើញថា ផលអវិជ្ជមានកើតឡើងចំពោះជាតិមិនអាចចៀសផុត។ តួយ៉ាងចំោះពោះការលួចកិបកេង បន្លំថវិកាជាតិវាជាទង្វើមួយដែលប៉ះពាល់យ៉ាងខ្លាំងទៅនឹងការលូតលាស់នៃសេដ្ឋកិច្ចជាតិ។ បើសិនជាទង្វើនេះវារីកក្នុងទ្រង់ទ្រាយធំ រដ្ឋនឹងត្រូវបាត់បង់ប្រាក់ចំណូលមិនតិចទេក្នុងមួយឆ្នាំៗ។ប្រការនេះវានឹងធ្វើឲ្យរដ្ឋមានការខ្វះខាតប្រាក់សម្រាប់ផ្គត់ផ្គង់ដឹកនាំ ឬ ធ្វើការអភិវឌ្ឍន៍វិស័យផ្សេងៗតៀត។ នៅពេលនោះហើយជាហេតុនាំមកនូវផលវិបាកដល់ការរស់នៅរបស់ប្រជជន ក៏ដូចជាការដឹកនាំគ្រប់គ្រង។ ជាឧទាហរណ៍ក្នុងស្ថាប័នណាមួយ បើកាលណាគេធ្វើការបន្លំដោយលើកគម្រោងពន្លើតម្លៃដោយបំប៉ោងចំណាយខុសបែបបទហិរញ្ញវត្ថុ ហើយបែរមកបង្កើនបុគ្គលិកធ្វើការច្រើននេះជាប្រការមួយដែលជំរុញឲ្យដំណើរការអភិវឌ្ឍជាតិមានដំណើរថយក្រោយ នឹង ធ្វើឲ្យសេដ្ឋកិច្ចជាិតិធ្លាក់ចុះ ឈានទៅធ្វើឲ្យប្រទេសជាតិជួបបញ្ហាក្រីក្រ អាប់ឱនមុខមាត់នៅលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះដែរការយកមូលដ្ឋានសម្ភារៈរដ្ឋធ្វើជាមជ្ឈមណ្ឌលអាជីវកម្មផ្ទាល់ខ្លួន ជាទង្វើមួយប៉ះពាល់ដល់ប្រយោជន៍សាធារណៈដែរព្រោះទង្វើនេះស្តែងឡើងដោយផលប្រយោជន៍បុគ្គលដែលជាទង្វើឲ្យជាតិខាតបង់។ តួយ៉ាងបុគ្គលខ្លះបានប្រើធនធាន អគារ​ទីតាំងរដ្ឋរកស៊ីយ៉ាងអាណាធិបតេយ្យ។ ចំណែកឯរដ្ឋពុំបានប្រាក់ចំណូលពីអាជីវកម្មនេះឡើយគឺបានតែបុគ្គលដែលជាអ្នកធ្វើអាជីវកម្មលើទ្រព្យសម្បត្តរដ្ឋតែបុណ្ណោះ។ ត្រង់នេះហើយដែលជាភាពខាតបង់នាំឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះនិងអាប់ឱន។ ប្រការមួយទៀត កាលណាគេឃុបឃិតជាមួយឈ្មួញទុច្ចរិតរកស៊ីខុសច្បាប់ វាក៏ជាអំពើមួយធ្វើឲ្យជាតិបាត់បង់ភាពថ្លៃថ្នូរដែរ។ ចំពោះបញ្ហានេះគេប្រទះឃើញច្រើនក្នុងប្រទេសនានា ដោយគេធ្វើការរកស៊ីគេចពន្ធ ព្រោះគេត្រូវរូវជាមួយសមត្ថកិច្ចទទួលខុសត្រូវដែលធ្វើឲ្យរដ្ឋខាតបង់ចំណូលហើយវាអាចធ្វើឲ្យមានភាពអាណាធិបតេយ្យនៅក្នុងសង្គមកាន់តែខ្លាំងឡើយៗនាំឲ្យវាគ្មានសណ្តាប់ធ្នាប់ល្អ។ មិនតែប៉ុណ្ណោះការរកស៊ីជួញដូរគ្រឿងញៀន លក់ទំនិញក្លែងក្លាយ ទំនិញគ្មានគុណភាពក៏ជាមូលហេតុធ្វើឲ្យជាតិលិចលង់បាត់បង់ភាពថ្លៃថ្នូររបស់ខ្លួនដែរ។ ជាពិសេសការកៀបសង្កត់អ្នកក្រីក្រ កិបកេងកំលាងំពលកម្មរបស់គេដើម្បីបង្កើនទ្រព្យរបស់ខ្លួនក៏ជាបញ្ហាធ្ងន់ធ្ងរក្នុងចំណោមបញ្ហាខាងលើដែលធ្វើឲ្យសង្គមធ្លាក់ចុះមុខមាត់។លើសពីនេះទៅទៀត ការប្រើអំណាចរំលោភយកទ្រព្យសម្បត្តិសាធារណៈជាកម្មសិទ្ធិវាជាហេតុមួយស្តែងឲ្យឃើញពីការធ្វើអាជីវកម្មលើជាតិ ហើយធ្វើឲ្យជាតិលិចលង់ធ្លាក់ទៅជាអន់ថយបន្តិចម្តងៗ ព្រោះទង្វើនេះជាការបន្លំភ្នែកស្រស់ៗដែលសាធារណជនទូទៅស្អប់ខ្ពើម និង ថ្កោលទោសដល់បុគ្គលដែលប្រព្រឹត្តទង្វើអវិជ្ជមានបែបនេះ។រួមមកទង្វើខាងលើនេះពិតជានាំឲ្យជាតិអាប់ឱន រដ្ឋបាត់បង់ប្រាក់ចំណូល ហើយសម្បត្តិមានតម្លៃរបស់ជាតិត្រូវរលាយហិនហោច។ ចំណែកឯផលទុនធ្លាក់ចុះ ជាតិ និង រាស្រ្តក្រទៅៗ ឯជនពុករលួយកាន់តែមានទៅៗ។ 
         ផ្ទុយពីមតិខាងលើនេះវិញ មតិទីពីរបែរជាយល់ថា ប្រទេសអាប់ឱន ព្រោះតែអំពើមិនប្រក្រតីលើការងារទៅវិញ។ ការដែលគេហ៊ានអះអាងដូចនេះមកពីគេយល់ឃើញថា បើកាលណាគេធ្វើការបញ្ចូលជនអសមត្ថភាពឲ្យកាន់កាប់ការងារសំខាន់ៗតាមរយៈខ្សែស្រឡាយរបស់ខ្លួនដោយមិនឆ្លងកាត់ការប្រឡងបញ្វាក់ពីសមត្ថភាពត្រឹមត្រូវវានឹងធ្វើឲ្យការងារដែលគេធ្វើមិនមនប្រសិទ្ធិភាពហើយលទ្ធផលការងារមានលក្កណៈមិនល្អ ឬ មិនបានទទួលជោគជ័យ។មិនតែប៉ុណ្ណោះ បើកាលណាគេបែរជាមិនគោរពអនុវត្តតាមច្បាប់ការងារវិញ វាធ្វើឲ្យបញ្ហាកើតឡើងចំពោះសង្គមដែរ ព្រោះទង្វើនេះសង្គមចាំតែទទួលរងផលអវិជ្ជមានតែប៉ុណ្ណោះ។ បើគេបណ្តោយឲ្យនាយទុនរំលោភបំពានលើច្បាប់ការងារ​ឬសិទ្ធិរបស់កម្មករស្រេចតែចិត្ត វានឹងបង្ករភាពស្មុកស្មាញកាន់តែច្រើនឡើងៗដល់សង្គមដែលវាអាចឈានទៅរកការធ្វើបាតុកម្ម កូដកម្ម ឬអំពើហឹង្សាផ្សេងៗដាក់គ្នាទៅវិញទៅមក ហើយវានឹងធ្វើឲ្យបាត់បង់ស្ថេរភាពសង្គម ឬភាពចលាចលវឹកវក្នុងសង្គមមិនខាន។ ម៉្យាងទៀតបើបុគ្គលិករដ្ឋវិញ បើបណ្តោយឲ្យឈប់ស្រេចតែអំពើចិត្ត ហើយមិនគោរពតួនាទី និង ភារកិច្ច ពេលវាលាធ្វើការ វាក៏ធ្វើឲ្យការងារដើរថយក្រោយ ជះឥទ្ធិពលមិនល្អដល់សង្គមផងដែរ។ ម៉្យាងទៀតចំពោះជនដែលគ្មានមនសិការលើការងារវិញ ក៏អាចចាត់ទុកជាអ្នកធ្វើឲ្យការងារមានលក្ខណៈមិនប្រក្រតី ហើយមិនសូវរីកចម្រើនដែរ។ ជនដែលធ្វើការឡេះឡោះខ្ជីខ្ជារមិនតស៊ូប្រឹងប្រែងក្នុងការបំពេញការងារ នាំឲ្យការងារមានលក្ខណៈមិនល្អប្រសើរ ព្រោះតែអ្នកបំពេញការងារមិនយកចិត្តទុកដាក់ ធ្វើការឲ្យរួចពីដៃ ធ្វើការងារដោយមិនស្រឡាញ់ការងារ។ ទន្ទឹមនឹងនេះដែរចំពោះបុគ្គលធ្វើការផ្តេកផ្តួលទៅតាមតែប្រាក់បៀរវត្សវាក៏ធ្វើឲ្យការងារមានលក្ខណៈមិនល្អដែរ ព្រោះការធ្វើការងារបែបនេះវាធ្វើឲ្យុដំណើរការមានលក្ខណៈមិនស្មើល្អ ម្តងល្អ ម្តងអាក្រក់ យឺតយ៉ាវ ឬលៀនដែលជាការបង្ហាញឲ្យឃើញពីលទ្ធផលវិជ្ជមាន និង អវិជ្ជមាន។លើសពីនេះទៅទៀតបើជនគ្មានសុឆន្ទៈលើការងារវិញក៏ដូច្នេះដែរព្រោះថាគេធ្វើការដោយគ្មានគំនិតម្ចាស់ការលើខ្លួនឯង ចាំតែគេប្រាាប់ គេបញ្ជា វាក៏ធ្វើឲ្យកើតមានភាពអវិជ្ជមានដល់សកម្មភាពនៃប្រព័ន្ធការងារនៅក្នុងស្ថាប័ន ឬកន្លែងណាមួយដែលនាំឲ្យស្ថាប័ន ឬកន្លែងនោះងាយនឹងទទួលរងនូវភាពអាប់ឱន​ឬ អន់ថយ។ ត្រង់គឺសំដៅបុគ្គលដែលបំពេញការងារធ្វើការទាល់តែគេត្រួត ហើយគេពុំប្រើបញ្ញាស្មារតីក្នុងការច្នៃប្រឌិតលើការងារ មិនសូវសិក្សាស្រាវជ្រាវធ្វើការងារឲ្យទៅមុខ ហើយចេះតែបណ្តែតបណ្តោយទៅតាមដំណើរ។
       សរុបសេចក្តីមកភាពអសកម្មខាងលើវានឹងធ្វើឲ្យជាតិទ្រុឌទ្រោមដោយសារកិច្ចការទាំងអស់ពុំសម្រេចតាមផែនការព្រោះការច្រើនធ្វើការបានតិច ជាតិខ្វះខាតផលិតផលសម្រាប់លក់ដូរ ហើយជាកក្តាធ្វើឲ្យគ្មានការប្រណាំងប្រជែងធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះ។
រួមសេចក្តីមកតាមរយៈការពិភាក្សាខាងលើយើងឃើញថាភាពអសកម្មដែលកើតមកពីមិនប្រក្រតីលើការងារធ្វើឲ្យជាតិជួបបញ្ហាភាពក្រីក្រ ទន់ខ្សោយ ហើយត្រូវជាតិដទៃមើលងាយ។ ជាពិសេសគ្រប់វិស័យទាំងអស់អសកម្ម រដ្ឋគ្មានទុនបំរុងរាស្រ្តកាន់តែក្រៗទៅព្រោះកើតពីអំពើពុករលួយ។
   សរុបសេចក្តីមកតាមរយៈការបកស្រាយខាងលើយើងអាចវាយតម្លៃបានថាទស្សនៈរបស់ប្រធានខាងលើមានលក្ខណៈត្រឹមត្រូវដូចគ្នា។ប្រទេសដែលមានការអាប់ឱនគឺបណ្តាលមកពីកក្តាយ៉ាងច្រើនហើយក៏មិអាចចៀសផុតពីកក្តាទាំងពិរខាងលើនេះដែរ។ ចំពោះបញ្ហានេះធាតុពិតនៃការលិចលង់របស់ជាតិផ្តើមចេញពីអំពើពុករលួយ ព្រោះអំពើនេះវារាលដាលធ្វើឲ្យមានភាពអសកម្មនៃការងារដែលនាំឲ្យការងារមានភាពអនថយឈានទៅដល់ការមើលបណាំគ្នាលែងខ្លាចច្បាប់ទម្លាប់ទៅជាអាណាធិបតេយ្យគ្មាននរណាស្តាប់នរណា។ ដូចនេះដើម្បីឲ្យសង្គមរីកចម្រើន និង ដំណើរការល្អ គេត្រូវបំបាត់អំពើពុករលួយតាំងពីថ្នាក់លើដល់ក្រោមដោយកុំយោគយល់ ហើយព្រមព្រៀងគ្នាក្នុងការបំពេញការងារប្រកបដោយឆន្ទៈ​ ទើបជាតិទទួលបានភាពលូតលាស់ និង មានភាពរុងរឿងព្រមទាំងកិត្យានុភាពល្អ៕

ប្រធានៈចូរតែងសេចក្តីអំពីបុណ្យចូលឆ្នាំប្រណីខ្មែរ។

សេចក្តីអត្ថាធិប្បាយ
 ជាតិសាសន៍និមួយៗលើលោកយើងនេះមានវប្បធម៌ប្រពៃណីផ្សេងៗពីគ្នា។ ចំណែកប្រជាជនខ្មែរដែលជាជាតិសាសន៍មួយមានវប្បធម៌ប្រពៃរុងរឿងតាំងពីយូរយាណាស់មកហើយក៏មានខឿនអរីយធម៌ដ៏ល្្អរបស់ខ្លួនបន្សល់ទុកមកដល់បច្ចុប្បន្ននេះដែរ។ យ៉ាងណាមិញ ចំពោះបុណ្យចូលឆ្នាំប្រពៃណីខ្មែរមានលក្ខណៈពិសេសគួរជាទីចាប់អារម្មណ៍។ តើបុណ្យចូលឆ្នាំប្រពៃណីខ្មែរមានលក្ខណៈយ៉ាងណាខ្លះ?
         ដើម្បីងាយស្រួលដល់ការស្វែងយល់ពីប្រភពនៃបុណ្យចូលឆ្នាំខ្មែរយើងត្រូវយល់ដឹងពីប្រភពនៃរឿងនិទានទាក់ទងនឹងពិធីបុណ្យចូលឆ្នាំខ្មែរនេះ។ រឿងនិទានប្រវត្ដិពិធីបុណ្យចូលឆ្នាំ ប្រវត្ដិនៃពិធីបុណ្យចូលឆ្នាំខ្មែរបានដល់រឿងនិទានមួយ នៅក្នុងសង្ក្រានសូត្រនិទានថាមានបុរសម្នាក់ឈ្មោះថាធម្មបាលជាអ្នក ប្រាជ្ញាចេះចប់ត្រៃវេទ ព្រមទាំងចេះភាសាសត្វបក្សីផង ហើយតែងតែសម្ដែងមង្គលដល់មនុស្សទាំងអស់។ លុះកបិលមហាព្រហ្ម (សម័យនោះគេគោរពបូជាមហាព្រហ្ម និងកបិលមហាព្រហ្ម)ជ្រាបថាធម្មបាលកុមារជាអ្នកប្រាជ្ញ ក៏មកសួរប្រស្នា៣ខ ហើយសន្យាថា ប្រសិនបើធម្មបាលដោះប្រស្នានេះរួច កបិលមហាព្រហ្មនឹងកាត់ក្បាលខ្លួនបូជាធម្មបាល។ តែបើធម្មបាលមិនអាចដោះស្រាយប្រស្នារួច ទេ ត្រូវកាត់ក្បាលបូជាជូនមហាព្រហ្មវិញ។ ធម្មបាលសូមបង្អង់៧ថ្ងៃសិន ដើម្បីគិតប្រស្នា ប៉ុន្ដែ៦ថ្ងៃបានកន្លងផុតទៅហើយ នៅតែគិត មិនឃើញ ធម្មបាលក៏ភៀសខ្លួនទៅពួនក្រោមដើមត្នោតមួយគូដែលជាលំនៅសម្បុកនៃសត្វឥន្ទ្រី។ ជាភ័ព្វសំណាងល្អ យប់នោះធម្មបាលក៏បានឮសត្វឥន្ទ្រីញីឈ្មោលនិយាយគ្នា។ សត្វឥន្ទ្រីញីបានសួរទៅសត្វឥន្ទ្រីឈ្មោលថា ថ្ងៃនេះយើងបានអ្វីជាអាហារ? សត្វឥន្ទ្រីឈ្មោលនិយាយទៅសត្វឥន្ទ្រីញីថា ថ្ងៃនេះ នឹងបានសាច់ធម្មបាលកុមារស៊ីជាអាហារ ដែលត្រូវកបិលមហាព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច។ ឥន្ទ្រីញីបានសួរទៀតថា ប្រស្នា នោះដូចម្ដេច? ឥន្ទ្រីឈ្មោលឆ្លើយថា ៖ • ខ១ ៖ នៅវេលាព្រឹក សិរីស្ថិតនៅទីណា? ត្រូវឆ្លើយថានៅមុខ ហេតុនេះហើយមនុស្សទាំងឡាយ ត្រូវយកទឹកលុបលាងមុខ។ • ខ២ ៖ ថ្ងៃត្រង់ សិរីស្ថិតនៅទីណា? ត្រូវឆ្លើយថានៅទ្រូង ហេតុនេះទើបមនុស្សទាំងឡាយយកទឹកលាងទ្រូង។ • ខ៣ ៖ វេលាល្ងាច សិរីស្ថិតនៅត្រង់ណា? ត្រូវឆ្លើយថានៅជើង ហេតុនោះទើបមនុស្សទាំងឡាយយកទឹកលាងជើង។ ពាក្យពេចន៍ទាំងប៉ុន្មានរបស់ឥន្ទ្រីក៏បានមកជាពន្លឺមកបំភ្លឺដោះស្រាយប្រស្នាកបិលមហាព្រហ្ម រួចចៀសផុតពីក្ដីមរណៈ។ កបិលមហាព្រហ្មសុខចិត្ដចាញ់ ព្រមកាត់ក្បាលបូជាធម្មបាល។ មុនពេលកាត់ក្បាល កបិលមហាព្រហ្មបានកោះហៅទេពធីតា ទាំង៧អង្គដែលជាបុត្រីរបស់ខ្លួនឱ្យយកពានមកទ្រក្បាល ព្រោះថាបើដាក់ក្បាលនោះនៅលើផែនដីនឹងឆេះលោកធាតុ។ បើបោះទៅ លើអាកាសនឹងរាំងភ្លៀង បើចោលទៅក្នុងសមុទ្រ ទឹកនឹងរីងស្ងួតអស់ រួចក៏កាត់ក្បាលឱ្យទៅនាងទុង្សាជាកូនច្បង។ នាងទុង្សាហែ ក្បាលកបិលមហាព្រហ្មប្រទក្សិណភ្នំព្រះសុមេរុ៦០នាទី ទើបអញ្ជើញក្បាលនោះទៅប្រតិស្ឋានទុកក្នុងមណ្ឌលភ្នំកៃលាស។ លុះដល់ គម្រប់មួយឆ្នាំសង្ក្រាន ទើបនាងទេពធីតាទាំង៧អង្គផ្លាស់វេនគ្នាមកដង្ហែក្បាលកបិលមហាព្រហ្មប្រទកិ្សណភ្នំព្រះសុមេរុជារៀងរាល់ ឆ្នាំ។ 1. បើសង្ក្រានត្រូវចំថ្ងៃអាទិត្យ ត្រូវវេននាងទស្សា 2. បើសង្ក្រានត្រូវចំថ្ងៃច័ន្ទ ត្រូវវេននាងគោរាគ 3. បើសង្ក្រានត្រូវចំថ្ងៃអង្គារ ត្រូវវេននាងរាក្យសា 4. បើសង្ក្រានត្រូវចំថ្ងៃពុធ ត្រូវវេននាងមណ្ឌា 5. បើសង្ក្រានត្រូវចំថ្ងៃព្រហស្បត៍ ត្រូវវេននាងកិរិណី 6. បើសង្ក្រានត្រូវចំថ្ងៃសុក្រ ត្រូវវេននាងកិមិរា 7. បើសង្ក្រានត្រូវចំថ្ងៃសៅរ៍ ត្រូវវេននាងមហោទរា ដោយមាននិទានបែបនេះហើយ ទើបខ្មែរយើងមានជំនឿ ហើយបានរៀបចំជាពិធីបូជាទេវតាដែលត្រូវវេនដង្ហែក្បាលកបិល មហាព្រហ្ម និងត្រូវអភិបាលពិភពលោករៀងរាល់ឆ្នាំថ្មីចូលមកដល់ពុំដែលអាក់ខានឡើយ។ បុណ្យចូលឆ្នាំប្រព្រឹត្ដទៅរយៈពេលបីថ្ងៃ គឺនៅថ្ងៃ១២ ១៣ ១៤ រោចខែចេត្រត្រូវនឹងថ្ងៃទី១៣ ១៤ ១៥ ឬថ្ងៃទី១៤ ១៥ ១៦ ខែមេសាជារៀងរាល់ឆ្នាំពុំដែលខានឡើយ ៕ តាំងពី ចុល្លសករាជ គេបានបង្កើតទំរង់តាម ប្រតិទិនសុរិយគតិ ហើយបានយក ថ្ងៃនៃបុណ្យ ចូលឆ្នាំខ្មែរនៅ ខែចេត្រ ជាខែដែលប្រជាជន ទំនេរពីការងារស្រែចំការ។ មានរដូវបួន នៅក្នុង ប្រតិទិននៃ ឆ្នាំសុរិយគតិ គឺ រដូវរងារ រដូវផ្ការីក រដូវក្ដៅ និង សរទរដូវ ប្រជាជនខ្មែរ បានអនុវត្ត យកខែទីប្រាំ គឺខែចេត្រ ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំ។ តាមធម្មតា ត្រូវនឹងថ្ងៃទី១៣ ខែ មេសា ឬ ពេលខ្លះត្រូវចំថ្ងៃទី ១៤ ខែមេសា។ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ គឺបានបង្ហាញតាមតារាសាស្ត្រមហាសង្ក្រាន ហើយអូស បន្លាយ ក្នុងរយះពេលបីថ្ងៃ។ ថ្ងៃទី១ ហៅថ្ងៃ មហាសង្ក្រាន ថ្ងៃទី២ ហៅថ្ងៃ វារវនបត និងថ្ងៃទីបីហៅថ្ងៃវារឡើងសក្ដិជាថ្ងៃដែលគេសន្មតថាមានឬទ្ធិជាងគេ។

ក្នុងអំលុងបុណ្យចូលឆ្នាំខ្មែរ យុវជន យុវតី បានប្រមូលផ្តុំគ្នាលេង ល្បែងប្រជាប្រិយ ប្រពៃណី ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រាត់៕នេះជាល្បែងដែលប្រជាជនខ្មែរនិយមចូលចិត្តលេងតាំងពីរដើមមករហូតដល់បច្ចុប្បន្ននេះ៕ ក្នុងផ្នែកខ្លះនៃប្រទេសកម្ពុជា ដូចជា ខេត្តសៀមរាប និង បាត់ដំបង ឫខេត្តមួយចំនួនទៀតគេលេងល្បែងទាំងនោះ។ បុរសម្នាក់ជិះឈើកោងមួយ ដោយពាក់ក្បាលរមាំង នៅលើក្បាល និងមានចង្ក្រងនៅខាងក្រោយ ដូចជាកន្ទុយរមាំង។ បុរសពីនាក់ទៀតត្រៀមខ្លួនដើម្បីប្រម៉ាញ់ ដោយមានកាន់ធ្នូរក្នុងដៃ។ នៅពេល ទទួលបានទេយ្យទានហើយ ពួកគេបរិច្ចាគសំរាប់ជាទេយ្យវត្ថុសំរាប់ព្រះសង្ឃនៅវត្ត។ ក្នុងភូមិតាមបណ្ដោយដងទន្លេមេគង្គ ស្រ្តីខេត្តកណ្ដាល ប្រមូលផ្ដុំគ្នាទៅលេងនៅវត្ត៕ សកម្មភាព នេះត្រូវគេជឿថានឹងធ្វើឲ្យក្រពើស្ងប់ស្ងាត់។ ទំនៀមទំលាប់នេះ មានប្រភពយូរលង់ណាស់មកហើយនៅពេលដែលមានក្រពើជាច្រើនក្បាល បានរស់នៅក្នុងទន្លេ។ ភូមិខ្លះ ប្រជាជនជាន់រូបសំនាក ដើម្បីឲ្យខ្មោចព្រាយ រស់នៅតាមដើមឈើជិតៗវត្ត ស្ងប់ស្ងាត់ ហើយសុំសេចក្ដីសុខក្នុងឆ្នាំថ្មី ចូលមក ដល់ខ្លួននិងក្រុមគ្រួសារផង។ ប្រជាជនខ្មែរ បានប្រមូលផ្ដុំគ្នាទៅលេងវត្ត ទៅលេងតាមមាត់សមុទ្រ រមណីដ្នានឬ តាមប្រាសាទនានា ដែលមាននៅក្នុងប្រទេសឬក្រៅប្រទេស ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំ ខ្មែរប្រពៃណីជាតិហើយប្រជាជនខ្លះជួមជុំបង ប្អូនគ្រួសារញាតិមិត្តនៅឯផ្ទះរបស់ពួកគេដោយក្ដីរីករាយ។
         សរុបសេចក្តីមកពិធីបុណ្យចូលឆ្នាំពិតជាពិធីបុណ្យមួយដ៏ពិសេសរបស់ជាតិសាសន៍ខ្មែរដែលមានប្រវត្តិទាក់ទងនឹងជំនឿរបស់ខ្មែរ។ ជាពិសេសដូនតាខ្មែរយើងបានប្រារព្ធពិធីបុណ្យនេះឡើងដើម្បីផ្តល់ឱកាសដល់ជនានុជនប្រុសស្រីបានជួបជុំក្នុងក្រុមគ្រួសារ និង បានទៅវត្តធ្វើបុណ្យរួមគ្នា ហើយចូលរួមកំសាន្តលែងល្បែងប្រជាប្រិយកំសាន្តសប្បាយរីករាយក្រោយពីប្រមូលផលស្រូវរួចផងដែរ។

ប្រធានៈ មានទស្សនៈមួយយល់ថា " ដើម្បីឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជាមានដំណើរការល្អ និង មានកំណើនរៀងរាល់ឆ្នាំនោះ លុះត្រាតែគេលុបបំបាត់អំពើពុករលួយ ធ្វើកំណែទំរង់សេដ្ឋកិច្ច និង រៀបអភិបាលកិច្ចល្អក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិឲ្យបានល្អ និង មានតម្លាភាព " ។ ​​​ចូរពន្យល់បកស្រាយឲ្យបានក្បោះក្បាយ។

សេចក្តីអត្ថាធិប្បាយ

              ប្រទេសកម្ពុជាបានធ្វើកំណែទម្រង់នូវកម្មវិធីនយោបាយរបស់ខ្លួនច្រើនដំណាក់់កាលដើម្បីអភិវឌ្ឍប្រទេសឲ្យក្លាយជាប្រទេសមួយមានប្រព័ន្ធសេដ្ឋកិច្ចល្អប្រសើរ។ កម្ពុជាបានសម្រេចងាកចូលក្នុងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារចាប់តាំងពីឆ្នាំ ១៩៩៣តាមស្មារតីនៃរដ្ឋធម្មនុញ្ញ។​ គោលបំណងនៃការអនុវត្តសេដ្ឋកិច្ចទីផ្សារសេរីគឺធានានូវប្រយោជន៍សង្គម សមធម៌ និង ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ​ និង សេដ្ឋកិច្ចគ្រួសារទូទៅ។ ចំពោះបញ្ហាសេដ្ឋកិច្ចនេះមានទស្សនៈមួយយល់ថា " ដើម្បីឲ្យសេដ្ឋកិច្ចកម្ពុជាមានដំណើរការល្អ និង មានកំណើនរៀងរាល់ឆ្នាំនោះលុះត្រាតែគេលុបបំបាត់អំពើពុករលួយ ធ្វើកំណែទម្រង់សេដ្ឋកិច្ច និង រៀបចំអភិបាលកិច្ចល្អក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិឲ្យបានល្អ និង មានតម្លាភាព​​។​
         តើការអនុវត្តបែបយុទ្ធសាស្រ្តខាងលើធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានដំណើរការយ៉ាងដូចម្តេចខ្លះ?
             ដើម្បីងាយស្រួលដល់ការបកស្រាយឲ្យបានក្បោះក្បាយនិងស៊ីជម្រៅយើងគួរគប្បីយល់នូវន័យរបស់ពាក្យ " សេដ្ឋកិច្ច អំពើពុករលួយ អភិបាលកិច្ចល្អ និង តម្លាភាពជាមុនសិន។ ពាក្យថា " សេដ្ឋកិច្ច
​" មានន័យថា ដំណើរការនៃការប្រើប្រាស់ធនធាន និង ចំណូលចំណាយរបស់បុគ្គលម្នាក់ៗ។ រីឯពាក្យ ​"អំពើពុករលួយ ' សំដៅលើរាល់ទង្វើទាំងឡាយណាដែលកើតឡើងមកពីការស៊ីសំណូកសូកប៉ាន់កិបកេងថវិកាជាតិផ្សេងៗ។ ចំណែកឯពាក្យ " អភិបាលកិច្ចល្អ " មានន័យថា ការគ្រប់គ្រងដោយសមភាពយុត្តិធម៌។ រីឯពាក្យ " តម្លាភាព " មានន័យថា ​ការអនុវត្តសកម្មភាពអ្វីមួយមានលក្ខណៈសមស្រប និង មានទំនួលខុសត្រូវចំពោះការងាររបស់ខ្លួន។ យោងតាមអត្ថន័យរបស់ពាក្យខាងលើ ទស្សនៈរបស់ប្រធានមានន័យថា ដើម្បីធ្វើឲ្យសេដ្ឋកិច្ចជាតិប្រទេសកម្ពុជាមានដំណើរការល្អនិងមានកំណើនរាល់ឆ្នាំលុះត្រាតែគេលុបបំបាត់នូវទង្វើ​ឬសកម្មភាពទាំងឡាយកើតឡើងពីការស៊ីសំណូកសូកប៉ាន់ និង ការគ្រប់គ្រងដោយសមភាពយុត្តិធម៌ហើយគេហ៊ានទទួលខុសត្រូវចំពោះការងារទាំងឡាយ។
            ជាការពិតណាស់ ប្រទេសកម្ពុជាបានអនុវត្តសេដ្ឋកិច្ចទីផ្សារសេរីចាប់តាំងពីឆ្នាំ១៩៩៣មក។ ការអនុវត្តបែបនេះបានធ្វើឲ្យប្រជាជនកម្ពុជាប្រឡូកយ៉ាងសកម្មក្នុងជំនួញជួញដូរនូវផលិតផលនានាក្នុងទីផ្សារអន្តរជាតិ។ ចំណែកឯសេដ្ឋកិច្ចគ្រួសារវិញក៏មានសកម្មភាពមមារញឹកនៅលើទីផ្សារនានាក្នុងប្រទេសកម្ពុជាដែរ។
​ សេដ្ឋកិច្ចកម្ពុជាមួយផ្នែកធំផ្អែកលើវិស័យកសិកម្មព្រោះប្រជាជនកម្ពុជាភាគច្រើនជាកសិករ ហើយកសិផលនានាត្រូវបានគេនាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ។​ ទន្ទឹមនឹងនេះដែរសេដ្ឋកិច្ចវិទូនានាបានសម្លឹងមើលឃើញថាសក្តានុពលសេដ្ឋកិច្ចកម្ពុជាដែលយកធ្វើជាជញ្ជីងដើម្បីទប់ទល់ទៅនឹងលំនឹងពាណិជ្ជកម្មរបស់ប្រទេសនេះបានមានតែបញ្ហាចំបងមួយប៉ុណ្ណោះកឺកសិកម្ម។ គេពិនិត្យឃើញថាទោះបីកសិកម្មសព្វថ្ងៃផ្តល់នូវកំណើនសេដ្ឋកិច្ចប្រទេសខ្លះក៏ដោយក៏មិនអាចជំរុញឲ្យសេដ្ឋកិច្ចឲ្យរីកចម្រើនដែរ។គេសង្កេតឃើញថាឧស្សាហកម្មកាត់ដេរគឺបានផ្តល់នូវប្រាក់ចំណូលយ៉ាងច្រើនដល់វិស័យសេដ្ឋកិច្ចជាតិ។រីឯវិស័យទេសចរណ៍វិញក៏បានផ្តល់ប្រាក់ចំណូលយ៉ាងច្រើនដែរមកក្នុងថវិកាជាតិដើម្បីគាំទ្រដល់សេដ្ឋកិច្ចជាតិផងដែរ។ ទោះបីបែបនេះក៏ដោយក៏សេដ្ឋកិច្ចប្រទេសកម្ពុជាមានឧបសគ្គដែរ។ ឧបសគ្គទាំងនោះគឺបណ្តាលមកពីបញ្ហាយ៉ាងច្រើនដូចជា អំពើពុករលួយ និង ការិយាធិបតេយ្យជាដើម។ចំពោះការការការពារសុវត្ថិភាពដល់អ្នកវិនិយោគទុនគឺជាបញ្ហាដ៏សំខាន់មួយដែលអាចទាក់ទាញនូវការវិនិយោគបានច្រើនដែលជាផ្នែកមួយធ្វើឲ្យសេដ្ឋកិច្ចជាតិមានកំណើននិងដំណើរការល្អផងដែរ។ ពិសេសជាងនេះទៅទៀតគេត្រូវចាត់វិធានការឲ្យបានតឹងតែងក្នុងការទប់ស្កាត់នូវការរត់ពន្ធទំនិញផ្សេងៗគេចពីការយកពន្ធរបស់មន្រ្តីគយព្រោះការបណ្តែតបណ្តោយឲ្យមានបាតុភាពនេះកើតឡើងវានឹងធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះហើយដំណើរការមិនល្អ។ ដូច្នេះដើម្បីសម្រេចបាននូវវិធានការនេះគេត្រូវសហការពីក្រសួងទៅក្រសួងមួយដើម្បីបំពេញបាននូវវិធាននេះទទួលបានជោគជ័យ។ រួមមកដើម្បីឲ្យដំណើរសេដ្ឋកិច្ចកម្ពុជាមានកំណើនរៀងរាល់ឆ្នាំគឺគេត្រូវលុបបំបាត់អំពើពុករលួយ ពង្រឹងសន្តិសុខសង្គម ធ្វើកំណែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងប្រកដដោយតម្លាភាព និង អភិបាលកិច្ចល្អព្រមទាំងចាត់វិធានការលុបបំបាត់ការរត់ពន្ធជាដើម។
              សរុបមកតាមរយៈអំណាងខាាងលើយើងអាចវាយតម្លៃសន្និដ្ឋានបានថាការធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានដំណើរការល្អ និង មានកំណើនរាល់ឆ្នាំនោះ គេត្រូវរៀបចំផែនការលុបបំបាត់អំពើពុករលួយដោយសហការគ្នាអនុវត្តច្បាប់ និង ពង្រឹងសន្តិសុខសង្គម រក្សាសុវត្ថិភាពជូនអ្នកវិនិយោគទុន និង រកទីផ្សារសម្រាប់លក់កសិផលរបស់កសិិករ ព្រមទាំងធ្វើការកែទម្រង់នូវប្រព័ន្ធសេដ្ឋកិច្ច និងធ្វើការគ្រប់គ្រងប្រកបដោយអភិបាលកិច្ចល្អ និង តម្លាភាព។
​ ជាពិសេសមន្ត្រីគយត្រូវតែមានឆន្ទៈ និង មនសិការ ឧត្តមគតិជាតិក្នុងការបំពេញតួនាទីក្នុងការប្រមូលពន្ធសម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចរបស់ជាតិឲ្យមានដំណើរការល្អទាន់សេដ្ឋកិច្ចរបស់ជាតិដទៃក្នុងពិភពលោក៕

ប្រធាន៖ គេនិយាយថា “សម្បតិ្តវប្បធម៌ខ្មែរ ពុំគ្រាន់តែជា បេតិកភណ្ឌរបស់ខ្មែរប៉ុណ្ណោះទេតែក៏ជាបេតិកភណ្ឌរបស់ពិភពលោកទាំងមូលទៀតផង”។ ចូរពន្យល់អោយបានក្បោះក្បាយ។
សេចក្តីអត្ថាធិប្បាយ
           ជាតិខ្មែរមានកេរ្តិ៍ឈ្មោះល្បីរន្ទឺលើសកលលោក ត្រង់ខ្មែរមានសម្បតិ្តវប្បធម៌ច្រើនសំបូរ បែបពាសពេញផ្ទៃប្រទេសវាជាមរតកដ៏មានតំលៃពុំអាចកាត់ថ្លៃបាន នៃជនជាតិខ្មែរ និង មនុស្សជាតិទាំងសកល។ ក្នុងន័យខាងលើនេះមានទស្សនៈមួយលើកឡើងថា “សម្បតិ្តវប្បធម៌ខ្មែរ ពុំគ្រាន់តែជាបេតិកភណ្ឌរបស់ខ្មែរប៉ុណ្ណោះទេតែក៏ជាបេតិកភណ្ឌ របស់ពិភពលោកទាំងមូលទៀតផង” ។

           តើទស្សនៈខាងលើនេះមានអត្ថន័យដូចម្តេច?
          ដើម្បីធ្វើការបកស្រាយនួវទស្សនៈរបស់ប្រធានខាងលើ យើងគប្បីយល់ន័យរបស់ពាក្យ សម្បតិ្តវប្បធម៌ខ្មែរ និងបេតិកភណ្ឌ ជាមុនសិន។ សម្បត្តិវប្បធម៌ខ្មែរគឺ សំដៅទៅលើ សម្បតិ្ត ដែលកើតឡើងដោយបុព្វបុរសខ្មែរ។ ឯបេតិកភណ្ឌគឺ ជាសម្បតិ្តបន្សល់ពីដូនតា មានតំលៃវិសេសវិសាលតំណាងអោយប្រទេសជាតិនីមួយៗ។ តាមន័យខាងលើទស្សនៈ របស់ប្រធានចង់បញ្ជាក់ពីសម្បតិ្តដ៏ប្រសើរនានា ដែលជាស្នាដៃដ៏ពិសិដ្ឋដែលដូនតាខ្មែរ បានបន្សល់ទុកមកបានបង្កើតផ្តល់គុណតំលៃដល់ខ្មែរដែលជាម្ចាស់ស្រុកផងហើយក៏ជាសម្បត្តិនៃមនុស្សជាតិទូទាំងពិភពលាកផងដែរ។

           ជាការពិតណាស់ថា សម្បតិ្តវប្បធម៌ខ្មែរជាបេតិកភណ្ឌនៃជាតិខ្មែរពិតប្រាកដ ព្រោះថា ខ្មែរជាប្រទេសមានសម្បតិ្តវប្បធម៌ដ៏ច្រើនស្អេកស្កះជាស្នាដៃដ៏ពិសិដ្ឋ នៃបុព្វ បុរសរបស់ខ្លួនមានប្រាង្គប្រាសាទរាប់ពាន់ប្រកបដោយក្បូរក្បាច់រចនាដ៏វិចិត្រមានសិល្បៈ តន្ត្រីច្រើនប្រភេទដូចជា ពិណពាទ្យ ភ្លេងការ ភ្លេងខ្លងខែក ឆៃយ៉ាំ សិល្បៈសៀក របាំល្ខោន។ល។ ក្នុងនោះដែរខ្មែរមានសំណង់បូជនីយដ្ឋានជាច្រើនកន្លែងស្រប ទៅតាម ក្បូនខ្នាតត្រឹមត្រូវនិងបម្រើដល់ប្រពៃណីទំនៀមទំលាប់ការរស់នៅរបស់ខ្លួន។ សម្បត្តិទាំង អស់នោះស្ថិតលើទឹកដីខ្មែរពេញច្បាប់ ខ្មែរជាអ្នកកាន់កាប់គ្រប់គ្រងថែរក្សាក្នុង ខេត្ត ស្រុក ភូមិខ្មែរ ហើយខ្មែរចេះចាំសំដែងផ្សព្វផ្សាយ និង មានស្ថិរភាពនៅលើទឹកដីខ្មែរតាំង ពីបុរាណកាលមក។ ខ្មែរជាអ្នកកសាងបង្កើតដោយគំនិតច្នៃប្រឌិត តស៊ូព្យាយាមស្រាវ ជ្រាវ ចំណាយធនធាន កំលាំងកាយចិត្ត ប្រាជ្ញាស្មារតី ទម្រាំតែកើតរូបរាងល្អប្រណីត ពិរោះ រណ្តំ មានទឹកដម ស្របទៅតាមជំនឿនិងចំណង់ចំណូលចិត្តខ្មែរដែលពេញនិយម។សម្បត្តិវប្បធម៌ខ្មែរតែវាជាបេតិកភណ្ឌពិភពលោកគឺ អាស្រ័យដោយសម្បត្តិ ទាំង អស់នេះអាចអោយបរទេសមកទស្សនា ស្តាប់កំសាន្ត តាមចិត្តប្រាថ្នា ដោយ ចំណាយ ធនធានស្របទៅតាមទីកន្លែងដែលខ្លួនចង់ឃើញចង់ឮ។ ម៉្យាងវិញទៀតសកលលោក អាចយកស្នាដៃទាំងនេះ មកសិក្សាស្រាវជ្រាវ រៀនសូត្របន្ត ដោយសេរី ដើម្បីបង្កើន សមត្ថភាពផ្សេងៗ ពីជាតិសាសន៍ខ្មែរ ដែលជាកោសិកាមួយនៃពិភពលោក រួចបន្តផ្សព្វផ្សាយអោយជាតិសាសន៍ដទៃបានស្គាល់ខ្មែរកាន់តែច្បាស់ឡើង។ សម្បត្តិបេតិកភណ្ឌ ខ្មែរ បានលើកតំលៃមនុស្សខ្មែរ និងរួមចំនែក លើកតម្លៃមនុស្សជាតិទាំងមូលស្ថាបនា ប្រវតិ្តសាស្ត្រមនុស្សជាតិកាន់តែខ្ពង់ខ្ពស់សក្តិសម ជាមនុស្សប្រកបដោយបញ្ញាញាណ គំនិតស្មារតី និង ច្នៃប្រឌិត។ លើសពីនេះទៀតដោយសារតែសម្បត្តិបេតិកភណ្ឌខ្មែរនេះ ទើបធ្វើអោយគេស្គាល់ពីសង្គមសាស្ត្រវប្បធម៌ខ្មែរការវិវត្តន៍នៃសង្គមខ្មែរស្គាល់ពូជពង្ស កំណើតភាសាអក្សរ និង ទេពកោសល្យខ្មែរជាសក្ខីភាព នៃសម្បត្តិវប្បធម៌ខ្មែរនេះហើយ ទើបអង្គការបេតិកភណ្ឌពិភពលាកយូណេស្កូបានដាក់បញ្ចូលប្រាសាទអង្គរវត្តរបស់ខ្មែរជា សម្បត្តិពិភពលាកនៅថ្ងៃទី ១៤ ធ្នូ ១៩៩២ របាំព្រះរាជទ្រព្យនៅ ថ្ងៃទី០៧ វិច្ឆិកា ២០០៣ ល្ខោនស្បែកធំនៅ ថ្ងៃទី២២វិច្ឆិកា ២០០៥ និងចុងក្រោយគឺ ប្រសាទព្រះវិហារ នៅថ្ងៃទី ៧ កក្កដា ២០០៨ កន្លងទៅនេះ។ ដោយសារច្បាស់ពីតួនាទីសម្បត្តិវប្បធម៌ជាផ្នែកមួយ នៃបេតិកភណ្ឌពិភពលោកបានជាតាំងពីដើមរៀងមក បច្ចុប្បន្នអង្គការយូណេស្កូបានចាត់ វិធានការអំពាវនាវដល់ប្រទេសនានាលើសកលលោកអោយជួយសង្រ្គោះប្រាសាទបុរាណខ្មែរ ទាំងអស់នៅតំបន់អង្គរ និង ពិសេសប្រាសាទអង្គរវត្តដែលទទួលរងគ្រោះពីគ្រោះ ធម្មជាតិ និង កត្តាផ្សេងៗទៀត។

សរុបសេចក្តីមកសម្បត្តិវប្បធម៌ខ្មែរជាបេតិកភណ្ឌខ្មែរផងនិង ជាបេតិកភណ្ឌពិភពលោកផង។ ខ្មែរជាអ្នកដែលបានកសាងពិតប្រាកដមែន តែខ្មែរជាផ្នែកមួយនៃពិភពលោក ដូចនេះបេតិកភណ្ឌខ្មែរក៏ចាត់ទុកជាបេតិកភណ្ឌពិភពលាកដែរ។

             ឆ្លងតាមការបកស្រាយខាងលើ យើងអាចវាយតម្លៃបានថា សម្បត្តិវប្បធម៌ខ្មែរ ជាសម្បត្តិដ៏មានតម្លៃខ្ពស់បំផុត ដែលបានលើកស្ទួយជាតិខ្មែរអោយមានកេរ្តិ៍ឈ្មោះល្បីល្បាញ លើឆាកអន្តរជាតិ។ ដូចនេះយើងកូនចៅខ្មែរជំនាន់ក្រោយ ត្រូវបន្តសហការការពារ សម្បត្តិដ៏មានតម្លៃទាំងនេះអោយស្ថិតគង់វង្សជាអមតៈសំរាប់មនុស្សជាតិទាំងអស់គ្នា។


ប្រធាន៖ អ្នកខ្លះថា “ស្រ្តីសូម្បីតែបង្វិលកន្ទុយចង្រ្កានក៏មិនបានជុំផង” ឯអ្នកខ្លះទៀតថា“ស្រ្តីគឺជានារីរតនៈ” ។ តើអ្នកយល់ឃើញយ៉ាងណាចំពោះ ការយល់ឃើញទាំង២ខាងលើនេះ។ ចូរពិភាក្សា។

សេចក្តីអត្ថាធិប្បាយ


           នៅបុរាណសម័យបុព្វបុរសខ្មែរនិយមប្រកាន់យករបបគ្រប់គ្រងសង្គម តាមបែប មាតា បិតា ធិបតេយ្យ ដោយនិយមលើកតំកើងតំកលតំលៃស្រ្តីជាធំ។ ប៉ុន្តែលុះចំណេរកាល ក្រោយមកគេត្រលប់បែរប្រែជាប្រទះឃើញមានការមើលស្រាលដោយបន្តុះបង្អាប់បន្ថោក តំលៃរបស់ស្រ្តីទៅវិញ។ វិភាគទាក់ទងទៅនឹងគុណតំលៃនៃស្រ្តីភេទខាងលើ ធ្វើអោយមាន ទស្សនៈពីរយល់ឃើញបដិបក្ខនឹងគ្នាដោយអ្នកខ្លះថា “ស្រ្តីសូម្បីតែបង្វិលកន្ទុយចង្រ្កានក៏ មិនបានជុំផង” តែអ្នកខ្លះទៀតថា “ស្រ្តីគឺជានារីរតនៈ” ។
      តើមតិទាំងពីរខាងលើ នេះមតិមួយណាសមហេតុសមផលជាង?
          ដើម្បីឈានដល់ការបកស្រាយឱ្យមានអត្ថន័យកាន់តែក្បោះក្បាយថែមមួយកំរិតទៀតនោះ​ យើងគប្បីស្វែងយល់នៃន័យពាក្យគន្លះជាមុនសិន។ពាក្យបង្វិលកន្ទុយចង្រ្កានសំដៅលើការងារ ដែលស្រ្តីត្រូវធ្វើនៅជុំវិញចង្រ្កាន ផ្ទះបាយ ដែលជាការងារប្រចាំថ្ងៃរបស់ស្រ្តីមេផ្ទះ។ ចំពោះពាក្យថានារីរតនៈនោះគឺ ស្រ្តីក៏មានតំលៃប្រសើរដូចត្បូង ឬ កែវ។ មតិដែលកំណត់ដោយប្រធានបទខាងលើ មានអត្ថន័យពីរផ្ទុយគ្នាដែលអត្ថន័យទីមួយ មានលក្ខណៈជាការរិៈគន់ថាមនុស្សស្រីសូម្បី តែធ្វើការស្រាលៗ នៅតាមចង្រ្កានផ្ទះបាយក៏ធ្វើមិនបាន គ្រប់ជ្រុងជ្រោយផង។ តែអត្ថន័យទីពីរមានលក្ខណៈជាការលើកសរសើរថាស្រ្តីមានតម្លៃពិសេសដូចកែវ ឬ ត្បូងចរណៃ។
         វិភាគអំពីលទ្ធភាពការងាររបស់ស្រ្តីមេផ្ទះ បានធ្វើអោយមជ្ឈដ្ឋានរបស់អ្នកវិភាគមួយ ចំនួនធ្វើការកំណត់សំគាល់ក្នុងន័យបរិហារិះគន់ថាស្រ្តីដែលជាអ្នកបំពេញការងារគេហកិច្ច ដែលការងារស្រាលៗ ក៏ស្រ្តីមិនបានបំពេញគ្រប់ជ្រុងជ្រោយនោះទេ។ ក្នុងភាពជាអ្នក មានកំលាំងខ្សោយស្រ្តីធ្វើតែការងារស្រាលៗ ដូចជាការងារដេរប៉ាក់ ចាក់ដេរ ដាំស្ល បបរ បោសសំអាត លាងចាន រៀបចំតុបតែងលម្អផ្ទះសំបែង មើលថែកូនចៅ ដោយការងូតទឹក មើលទុកដាក់ទ្រព្យសម្បតិ្ត ដល់បុរសជាប្តីរកបានពីខាងក្រៅមក។ ខណៈដែលជួបនឹង ការងារធ្ងន់ធ្ងរលើកដាក់លីសែងច្បាស់ជាត្រូវការពឹងពាក់រកកំលាំងបុរសៗ អោយជួយដាក់ ជាក់ជាមិនខានឡើយ។ បើនិយាយពីការយល់ដឹងវិញស្រ្តីខ្មែរនៅសម័យបុរាណ ពិសេស គឺ នៅក្នុងសម័យអាណានិគមមិនបានរៀនសូត្រអក្សរសាស្ត្រ ឬ លេខនព្វន្ត ដូចកូនប្រុសទេ ព្រោះដោយសារតែគ្មានសាលារៀន។ សម័យនោះសាលារៀន មានតែ នៅក្នុងវត្តអារាមមានព្រះសង្ឃជាគ្រូបាអាចារ្យជាអ្នកបង្ហាត់បង្ហាញដល់កូនចៅអ្នកស្រុក។ មាតាបិតាខ្មែរមានកូនស្រីមិនហ៊ានបញ្ជូនកូនទៅរៀននៅសាលាវត្តទេ។ ដោយហេតុនេះ បានជានៅសម័យអាណានិគមនិយមបារាំង គេកម្រនឹងបានឃើញស្រ្តីមានឋានៈខ្ពស់ យសធំមានការងារជាមន្ត្រី មាត្រា។
          ដូចនេះសរុបសេចក្តីមក ឃើញថាស្រ្តីមានលទ្ធភាពខ្សោយមានកំលាំងខ្សោយ ដែលសូម្បីតែបំពេញការងារគេហកិច្ច នៅជុំវិញតែចង្រ្កានផ្ទះបាយក៏ស្រ្តីធ្វើមិនបានសព្វជ្រុងជ្រោយផងទេ។
          តើតាមពិតទៅស្រ្តីបង្វិលចង្រ្កានមិនជុំមែនឬ?
          បើទោះជាមជ្ឈដ្ឋានទីមួយខាងលើ បានធ្វើការបរិហារិះគន់យ៉ាងធ្ងន់ពាក់ពន្ធ័ ដល់លទ្ធភាពរបស់ស្រ្តីយ៉ាងណាក៏ដោយ ក៏គេនៅប្រទះឃើញមានមជ្ឃដ្ឋានមួយទៀត បានយល់ឃើញក្នុងន័យផ្ទុយស្រលះថាតាមពិតស្រ្តីជានារីរតនៈត្រូវបានគេប្រដូចទៅនឹង ត្បូង ឬ កែវដ៏ពិសិដ្ឋ។ ទស្សនៈក្រោយនេះបានសំអាងដោយផ្អែកតាមគំហើញប្រវតិ្ត សាស្រ្តតាំងពីសម័យករកើតទឹកដីរហូតដល់សម័យនេះ។ នៅសម័យនគរភ្នំ ឬសម័យ ហ្វូណនគេឃើញមានស្រ្តីជាមគ្គុទេសក៍នោះគឺ នាងលីវយី ឬ នាងសោមា ឬ នាងនាគ។ វត្តមាននៃការគ្រប់គ្រងរបស់នាងលីវយីធ្វើឡើងមុនពេលព្រាហ្មណ៍ជាឥណ្ឌាឈ្មោះកោណ្ឌញ្ញៈ ឬ កោណ្ឌន្យ មកដល់នគរភ្នំមកម្ល៉េះ។ នៅសម័យមហានគរប្រវត្តិសាស្ត្រ នៅបានបន្តប្រាប់អោយដឹងថាមានស្រ្តីជាអ្នកប្រាជ្ញរាជបណ្ឌិតគឺ ព្រះនាងឥន្រ្ទទេវី ដែលត្រូវជា មហេសីទី២របស់ព្រះបាទជ័យវរ្មន័ទី៧នៅជំនាន់នោះ។ មហានគរបានសំបូរសប្បាយ រុងរឿង ប្រជារាស្រ្តរស់នៅដោយសេចក្តីសុខក្សេមក្សាន្ត ក៏ដោយសារបានមហេសី អ្នកប្រាជ្ញជួយជាទីប្រឹក្សាជួយសម្រចកិច្ចការរបស់ប្រទេសរបស់នគរ។ មកដល់សម័យ ក្រោយអង្គរគេនៅប្រទះឃើញវីរភាពរបស់ស្រ្តីខ្មែរ នៅសម័យដែលស្រ្តីខ្មែរកាត់សក់ផ្កាថ្កួវ គេឃើញថាស្រ្តីខ្មែរសម័យនោះនិយមទុកសក់វែងព្រោះគេចូលចិត្តបួងសក់។ ប៉ុន្តែខណៈ ដែលឃើញកងទ័ពជាតិត្រូវឡោមពទ្ធ័អស់ជាច្រើនថ្ងៃទើបស្រ្តីជាម្តាយជាភរិយាជាបងស្រី និងជាប្អូនស្រីនៅសមរភូមិក្រោយត្រូវបង្ខំចិត្តកាត់សក់ខ្លីដែលគេហៅថាសក់ផ្កាថ្កូវរួចក្លែង ឯកសណ្ឋានជាបុរសចូលទៅវាយរំដោះដណ្តើមជោគជ័យលើសត្រូរហូតដល់ សង្រ្គោះ រំដោះបាន។ នៅសម័យតស៊ូទាមទារឯករាជ្យពីអាណានិគមនិយមបារាំងប្រវត្តិសាស្រ្ត បានបង្ហាញអោយឃើញពីចលនាកងនារីក្លាហាន បានសហការគ្នាជាមួយនឹងកងជីវពលក្នុង ការដេញកំចាយ វាយកំចាត់ កាច់បំបាក់ ចាក់បំបែក ពួកអាណានិគម រហូតទាមទារ ដណ្តើមឯករាជ្យពេញលេញជូនជាតិមាតុភូមិនាថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។ ជាមួយនឹង រឿងរ៉ាវដែលកត់ត្រាចារឹកដោយប្រវតិ្តសាស្រ្តខាងលើ បើគេមើលមកក្នុងចលនាអក្សរ សិល្ប៍ខ្មែរវិញគេឃើញមានរឿងរ៉ាវខ្មែរមួយចំនួនដែលកវីអ្នកនិពន្ធខ្មែរ បានសរសេរលើក សរសើរឧត្តមភាពរបស់ស្រ្តីក្នុងនោះមានរឿងព្រេងប្រជាប្រិយខ្មែរមួយ នៅខេត្តកំពង់ចាម នោះគឺរឿងភ្នំប្រុសភ្នំស្រីដែលបានបង្ហាញថាស្រ្តីខ្មែរជំនាន់នោះ មានសមត្ថភាពសំរាប់ធ្វើ បដិវត្តប្រពៃណីពីទំនៀមទំលាប់ស្រីៗ ចូលដណ្តឹងប្រុសមកជាទន្លាប់អោយប្រុសៗ ចូលដណ្តឹងស្រីនិងរៀបការនៅផ្ទះខាងស្រីរហូតដល់សព្វថ្ងៃនេះ។ ប៉ុន្តែបើគេសិក្សាក្នុងរឿងបុរាណខ្មែរមួយគឺរឿងមាយើងនោះគេនឹងឃើញអំពីតូនាទីរបស់ស្រ្តីដែលមិនត្រឹមតែមេផ្ទះ ប៉ុណ្ណោះទេតែជាអ្នកបានផ្តល់ការណែនំាបុរសជាប្តីអោយដើរតាមផ្លូវត្រូវ ផ្លូវល្អ ដូចប្រពន្ធទី២ របស់ចៅមាណពដែលជាអតីតភរិយារបស់នាយភេត្រា បានផ្តួចផ្តើមផ្តល់យោបល់អោយប្តី ហាត់រត់រហូតពូកែអាចតាមល្បឿនជើងសេះរបស់ស្តេចព្រហ្មទត្ថ។ ដោយសារការហាត់ រត់តាមគំនិតផ្តើមរបស់ភរិយាទើបមាណពទទួលបានជាឈ្មោះមាយើង ហើយក្រោយមក ក៏ក្លាយជាសេនាដ៏ជំនិតក្លាយទៅជារាជអង្គរក្សរបស់ព្រះបាទព្រហ្មទត្ថ។ នៅសម័យ អាណានិគមបារាំងជាមួយនឹងរឿងភូមិតិរិច្ឆាន លោកឌឺកគាម និងឌឿកអំ បាននិយាយ ដល់វីរៈភាពរបស់ស្រ្តីខ្មែរនៅក្រាំងលាវ ស្រុករលាប្អៀខេត្តកំពង់ឆ្នាំង ឈ្មោះនាងនីនិងនាងប៊ី និងនាងតន់ ដែលស្រ្តីទាំងនេះបានបង្កបរិយាកាសជ្រួលច្របល់ផ្តល់ឱកា អោយក្រុមអ្មកក្លាហាននៅក្រាំងលាវសម្រចបានគំរោងការតស៊ូរបស់ខ្លួនដោយបានកំចាត់បារាំងបាដេសក្នុងព្រឹត្តិកា១៨ មេសា១៩២៥។ ចំណែកលោក ទី ជីហួត បានបង្ហាញ តាមរយៈរឿងតេជោយ៉តអោយឃើញពីសមត្ថភាព និង សេចក្តីក្លាហានរបស់ជំទាវស្រែន ដែលជួយយិតយោងកិតិ្តយសរបស់តេជោមាសជាប្តី ក្នុងការបង្រ្កាបស្តេចសំរ៉ែ និង បក្សពួក។
           ដូចនេះជាសរុបឃើញថា ស្រ្តីពិតជាមិនអន់ដល់ទៅបង្វិលមិនជុំកន្ទុយ ចង្រ្កាន នោះឡើយ។ចំពោះទស្សនៈរបស់ប្រធានដែលថា “ស្រ្តីសូម្បីតែបង្វិលកន្ទុយ ចង្រ្កាន ក៏មិនជុំផង” គឺជាទស្សនៈមើលស្រាលដោយចេតនាប៉ះពាល់ដល់កេរ្តិ៍ ឈ្មោះកិតិ្តយស របស់ស្រ្តីជាទូទៅដែលគេមិនអាចទទួលយកបានឡើយតាមពិតស្រ្តីជាស្រទាប់ខ្លាំងដែលទោះនៅសម័យកាលណាក៏ដោយក៏មិនអាចត្រូវគេបដិសេធកម្លំាងស្រ្តីចេញពីវឌ្ឍនភាពសង្គមបានឡើយ។
             យោងតាមខ្លឹមសារដូចដែលបានពិភាក្សារួចមកនេះ អាចអោយយើងនៅតែចាត់ទុក ការអះអាងតាមបែបមតិទីមួយគឺ គេយល់ឃើញតាមលក្ខណៈខុសឆ្គងភាន់ច្រឡំធ្ងន់ ណាស់។ តែតាមការសំអាងតាមបែបមតិទីពីរទើបជាការយល់ឃើញត្រឹមត្រូវសមស្រប។ មកដល់សម័យសកលភាវូបនីកម្មដូចសព្វថ្ងៃគេគួរតែទទួលស្គាល់សមភាពរវាងបុរស និង ស្រ្តីអោយមានសិទ្ធស្មើគ្នាពេញលេញ ទើបជាកម្លាំងចលករក្នុងចលនាកសាងជាតិមាតុភូមិ របស់យើងឲឈានឡើងជាវឌ្ឃនសង្គមមួយ។


ប្រធាន៖ មតិមួយលើកឡើងថា ” ទុំស្លាប់មកពីមិនបង្ហាញរាជសារ “  តើអ្នកយល់យ៉ាងណា? (បែបពិភាក្សា)
           នរណាៗក៏ធ្លាប់បានលឺ និងដឹងអំពីប្រវត្តិនៃរឿងទុំទាយហើយដែរ ដែលជារឿងដ៏ជូរចត់ ផ្អែមល្ហែម ការព្យាបាទគ្នា មិនចេះចប់មិនចេះហើយ នៃអំឡុងពេលដ៏យូរលង់មួយក្នុងសម័យលង្វែក។ ទុំទាវជាគូស្នេហ៍ ដ៏មហិមាមួយ ដែលតស៊ូនឹងសេចក្តីស្នេហាយ៉ាងពិតប្រាកដ ទោះមានឧបសគ្គ ការបំបែកបំបាក់ ពង្រាត់ពង្រាសយ៉ាងណាក៏ដោយ ក៏ពួកគេទាំងពីរ នៅតែស្រលាញ់គ្នាគ្មានទីបញ្ចប់។ ជាអកុសលរឿងយើងទាំងឡាយ ក៏ដូចជាតួអង្គនៃរឿងពិតនេះដែរ មិនចង់ជួប តែបានជួប ទុំស្លាប់យ៉ាងអនោចអធមន៏ ដោយក្តីស្ម័ក្រស្មោះនិងគ្នា ទាវក៏ស្លាប់ខ្លួនតាមទុំដែរ ក្នុងគ្រានោះទៅ។ ការស្លាប់របស់ទុំធ្វើឱ្យមានមតិលើកឡើងថា ” ទុំស្លាប់មកពីមិនបង្ហាញរាជសារ “។
          តើមតិដែលបានលើកឡើងខាងលើត្រឹមត្រូវដែរឬទេ?
          ដោយឡែកដើម្បីអោយបានយល់អំពីមតិយោបល់ខាងលើអោយបានក្បោះក្បាយនោះ យើងគប្បីឈ្វេងយល់អំពីពាក្យថា ” រាជសារ “ ជាមុនសិន។ពាក្យថា ” រាជសារ “ បានដល់នូវ អក្ខរៈ ដែលព្រះរាជាទ្រង់តាក់តែងចងក្រងដោយព្រះហត្ថទ្រង់ផ្ទាល់ ដើម្បីជាសារ ឬសំបុត្រសំរាប់កោះប្រាប់ ឬបង្គាប់បញ្ជាផ្សេងៗ។ ប្រធានខាងលើចង់បង្ហាញពីគុណតំលៃ របស់ព្រះរាជសារមួយជាប់ខ្លួនទុំ ដើម្បីជាការ ការពារទុំអោយរួចផុតពីការបៀតបៀនដល់អាយុជីវិតពីសំណាក់ជន ទុច្ចរិតផ្សេងៗ។ តួយ៉ាងសម័យកាលនោះ ក្នុងរបបសក្តិភូមិ ប្រជារាស្រ្ត ឈ្មួញជួញដូរ សេនា នាយមឺុនមន្រ្តី អ្នកមុខអ្នកការ ទាំងឡាយមានការគោរពកោតខ្លាចស្តេចជាងអ្វីៗទាំងអស់។ ឋានះ អរជួនជាស្តេចក្រាញ់ ក៏ត្រូវតែខ្លាចស្តេចមហានគរដែរ។ ហេតុនៃការស្លាប់របស់ទុំបណ្តាលមកពីឃាតករ ដែលអរជួនបានបញ្ជានោះ ប្រសិនទុំបានបង្ហាញរាជសារដែលព្រះរាជាទ្រង់ប្រគល់ ដោយផ្ទាល់នោះអោយអរជួនបានឃើញ បានយល់ខ្លឹមសារ ម្លោះអរជួនក៏មិនហ៊ានសំលាប់ទុំ ដោយមិនប្រណីដៃដែរ។ ដូចចំណុចត្រង់ឃ្លាថា ” លើកហត្ថប្រញាប់ចាប់ លាតលាមើលដឹងស្គាល់ជាបន្ទូលថ្លៃ អរជួនភ័យខ្លួនខ្លាចលើកដៃ សំពះនិស្ស័យ ដល់ចេស្តា “។ ត្រង់ឃ្លានេះចង់ប្រាប់ថា ខណៈពេលដែលពួកឃាតករធ្វើសកម្មភាពសម្លាប់ទុំរួចហើយ ស្រាប់តែមានរាជសារធ្លាក់ចេញពីកាយទុំ ពេលអរជួន និងបក្សពួកបានឃើញហើយ ពន្លាមើលឃើញថាជាព្រះរាជបន្ទូល ក៏នាំគ្នាលលុតជង្គង់ប្រណមសំពះនូវព្រះរាជបន្ទួលគ្រប់គ្នា ដោយភិតភ័យរកតែអាយូសរៀងៗខ្លួន។ ម្យ៉ាងវិញទៀតទុំខ្លួនឯង បែរជាយកស្រាធ្វើជាត្រីមុខ វង្វេងបាត់ស្មារតី ភ្លេចរាជសារដែលជាអាវុធ សំរាប់ការពារខ្លួនអោយរួចចាកទុក្ខ ទើបបណ្តាលអោយពួកអរជូនសំលាប់បានដូច្នេះ។រួមមកទុំស្លាប់មកពី មិនបង្ហាញរាជសារពិតប្រាកដមែន។ ផ្ទុយពីមតិនេះទៅវិញ ទោះបីទុំបង្ហាញរាជសារ ក៏នៅតែពួកអរជួនសំលាប់ដដែល ព្រោះថាអរជួនអាងអំណាចខ្លួនខ្លាំង នៅស្រុកត្បូងឃ្មុំ នាមជាស្តេចក្រាញ់ ប្រចាំស្រុក។ ណាមួយអរជួន ជាពិសេសម្តាយទាវ សុទ្ធតែបានដឹងថា ទុំនិងទាវជាប្តីប្រពន្ធ ស្តេចរាជាប្រទានអោយ ក៏ប៉ន្តែគេនៅតែហ៊ាន ចាប់ទាវអោយរៀបការ ជាមួយមឺុនងួនទៀត។ ទាំងនេះស​បញ្ជាក់ថា អរជួនក៏ដូចជាម្តាយទាវ មិនដែលកោតខ្លាចអំណាចតេជះ របស់ព្រះរាជាឡើយ ទើបហ៊ានប្រើល្បិចបោកបញ្ឆោតទាវ និងសំលាប់ទុំបានយ៉ាងនេះ។
          រួមទៅទោះបីទុំបង្ហាញ រាជសារដល់អរជួន ក៏ដោយក៏ទុំនៅតែស្លាប់ ព្រោះអរជួនជាមនុស្សម្នាក់ ដែលអាងនូវអំណាច ។ តាមការលើកឡើងនៃគំនិតដែលថា ទុំស្លាប់ព្រោះមិនបង្ហាញរាជសារ ពិតណាស់ថា មិនទាន់សមស្របនិងប្រកបដោយយុត្តិធម៌នៅឡើយ។ ដោយសារការស្វែងរកភស្តុតាងមិនអាស្រ័យតែលើរបស់សំគាល់មួយ ឬសាក្សីមួយរូប អាចស្រាយបំភ្លឺគ្រប់ជ្រុងជ្រោយទេ ដូចនេះសំខាន់ត្រូវការស្វែងរក ភស្តុតាង មករួមផ្សំបន្ថែមទៀតទើបការកាត់ក្តី ប្រកបដោយតម្លាភាព យុត្តិធម៌ អាចទទួលយកបាន។ តែបើគ្មានរាជសារទេនោះ អរជួននៅតែហ៊ានសំលាប់គេគ្រប់គ្នា ដដែលដែរ។ ហេតិថា វាជារបបសក្តិភូមិ ដែលអរជួនតែងយកតំណែងអំណាច ឥទ្ធិពលរបស់ខ្លួន ទៅជិះជាន់អ្នកផ្សេង ឯទៀតដែលទន់ទាបជាងខ្លួន ជាមនុស្សដែលគេពុំពេញចិត្តទាស់ចិត្ត ដោយគ្មានជំនុំអ្វីឡើយ។ តាមមតិយោបល់ខាងលើវាគ្រាន់តែជាការបិទបាំង អំពើអាក្រក់របស់ពួកគេ តែប៉ុណ្ណោះ ព្រោះភស្តុតាងមិនអាចមានត្រឹមតែរាជសារប៉ុណ្ណោះនោះទេ ហើយណាមួយយើងក៏មិនអាចទៅឆ្លុះបញ្ចាំងអោយឃើញអំពីទង្វើ នៃការគិតរបស់ មនុស្សបានដែរ។ បើតាមការអង្កេតអោយបានស៊ីជម្រៅទៅអរជួននិងម្តាយទាវ ទើបសមជាឃាតករពិតប្រាកដ។
             សរុបសេចក្តីមកប្រធានបទខាងលើមិនទាន់ត្រឹមត្រូវនៅ0ឡើយទេ។ ដោយយល់ឃើញថា បញ្ហាក៏ដូចជាមូលហេតុ បង្កមានច្រើន ទុំស្លាប់នេះក៏មានការទាក់ទងនិងរបបសក្តិភូមិ ជិះជាន់អាងអំណាច។ ដូចនេះចូរយើងគ្រប់គ្នា ជាកុលបុត្រកុលធីតាខ្មែរ គ្រប់ជំនាន់ គ្រប់ស្រទាប់វណ្ណះ គ្រប់វ័យ ចូរចេះរួមកំលាំង ទាំងកំលាំងកាយ និងកំលាំងចិត្ត សាមគ្គីជាភាតរភាព គោរពសិទ្ធសេរីភាពគ្នាទៅវិញទៅមក ទើបប្រទេសជាតិមានសុខសន្តិភាព យូរអង្វែងប្រកបដោយភាពរុងរឿងខ្ពស់ឈ្មោះកេរ្តិ៍។

ប្រធានៈ ចូរអ្នកធ្វើការប្រៀបធៀបពុទ្ធសាសនា និង ព្រហ្មញ្ញសាសនាដែលខ្មែរធ្លាប់ទទួលមកគោរពបូជាតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន។
សេចក្តីអត្ថាធិប្បាយ

    ប្រទេសកម្ពុជាជាប្រទេសមួយដែលមានខឿនវប្បធម៌ល្បីល្បាញរុងរឿងព្រមទាំងមានទំនៀមទំលាប់ជំនឿសាសនា ប្រពៃណីដ៏សំបូរបែប។ វប្បធម៌អរិយធម៌ទាំងនេះកើតមានដំណាលនឹងវត្តមានជនជាតិខ្មែរដែរ ប៉ុន្តែក្រោយមកខ្មែរបានទទួលយកវប្បធម៌អរិយធម៌ ភាសា អក្សរ សាសនា របស់ឥណ្ឌាមកច្នៃប្រឌិតបន្ថែមទៀត។ ចំពោះបញ្ហាសាសនាវិញ យើងលើកយកព្រះពុទ្ធសាសនា និង ព្រហ្មញ្ញសាសនាមកធ្វើការប្រៀបធៀបដើម្បីរកឲ្យឃើញនូវលក្ខណៈដូចគ្នា និង ខុសគ្នារវាងសាសនាទាំងពីរនេះ។
       តើសាសនាទាំងពីរនេះមានលក្ខណៈដូចគ្នា និង ខុសគ្នាយ៉ាងណាខ្លះ?
  មែនហើយជាការពិតណាស់ សាសានាទាំងពីរនេះមានវត្តមាននៅលើទឹកដីខ្មែរតាំងពីយូរយារណាស់មកហើយ ហើយត្រូវបានប្រជាជនខ្មែរនិយមរាប់អានទទួលយកមកគោរពបូជាតាំងពីដើមសតវត្សទី១នៃគ្រឹស្គសករាជសម័យនគរភ្នំមកម៉្លេះ។ ចំពោះលក្ខណៈដូចគ្នានៃសាសនាទាំងពីរនេះគេសង្កេតឃើញថា សាសនាទាំងពីរនេះមានប្រភពមកពីប្រទេសឥណ្ឌាដូចគ្នា ហើយវាបានហូរចូលមកប្រទេសកម្ពុជាបន្តបន្ទាប់គ្នាគ្រាន់តែមុន និង ក្រោយគ្នាបន្តិចបន្តួតែប៉ុណ្ណោះ។ ចំពោះវត្តមានព្រហ្មញ្ញសាសនាគេសង្កេតឃើញវត្តមានមុនពុទ្ធសាសនាគឺនៅពេលដែលព្រះបាទកៅណ្ឌិន្យបានរៀបអភិសេកជាមួយព្រះនាងសោមាហើយបានគ្រប់គ្រងប្រទេសកម្ពុជា។ ពេលនោះហើយដែលអង្គក្សត្រនេះបានផ្សាយវប្បធម៌ព្រហ្មញ្ញសាសនាដល់ប្រជារាស្រ្តព្រះអង្គ។ យ៉ាងណាមិញចំពោះពុទ្ធសាសនាប្រហែលជាហូរចូលក្រោយព្រហ្មញ្ញសាសនា១សតវត្ស គឺប្រហែលសតវត្សទី២នៃគ្រឹស្តសករាជតាមរយៈសមណៈទូតពីរអង្គដែលព្រះបាទធម្មាសោកក្សត្រប្រទេសឥណ្ឌាបញ្ជូនមកផ្សព្វផ្សាយនៅដែនដីសុវណ្ណភូមិ គឺព្រះសោណត្ថេ និង ព្រះឧត្តរត្ថេរ។ចំពោះលក្ខណៈដូចគ្នាមួួយទៀតនៃសាសនាទាំងពីរនេះគឺអប់រំមនុស្សឲ្យធ្វើអំពើល្អ ជឿលើបុណ្យបាបដូចគ្នា។ ថ្វីត្បិតតែសាសនាទាំងពីរនេះមានមាគ៌ាសម្រាប់គោរពប្រតិបត្តិខុសគ្នា ប៉ុន្តែគោលបំណងគឺដូចគ្នានៅត្រង់អប់រំកាយ ចិត្តរបស់មនុស្ស ឲ្យធ្វើអំពើល្អវៀចាកអំពើអាក្រក់ ឲ្យចេះខ្លាចបាប ពោលគឺឲ្យមនុស្សហាត់ពុតលត់ដំចិត្តឲ្យប្រកាន់យកតែសេចក្តីល្អប្រកបដោយមេត្តាករុណាមុទិតា ដែលក្នុងព្រហ្មញ្ញសាសនាមានព្រះព្រហ្មជាតំណាង( ព្រះភក្រ័្តទាំងបួន)។ ការអប់រំបែបនេះគឺបានជ្រាបដល់សន្តានចិត្តខ្មែរគ្រប់រូបរហូតដល់ការគ្រប់គ្រងប្រទេស ក៏ព្រះរាជាខ្មែរយកទ្រឹស្តីនេះមកអនុវត្តផងដែរ។ រីឯទ្រឹស្តីនៃសាសនាទាំងពីរនេះវិញ ថ្វីត្បិតតែមានលក្ខណៈក៏ពិតមែនក៏គេឃើញមានលក្ខណៈដូចគ្នាខ្លះដែរ គឺនៅត្រង់សាសនាទាំងពីរនេះមាននិយាយពីភពទាំងបីដូចជា ឋានមនុស្ស ឋាន សួគ៌ ឋាននរក។ នៅត្រង់ចំនុចនេះគឺសំដៅទីកន្លែងដែលមនុស្ស ទេវតា និង សត្វនរករស់នៅ។ ភពទាំងបីនេះមនុស្សតែងតែវិលវល់កើតទីណាមួួយមិនអាចជៀសផុត ដោយវាអាស្រ័យលើសកម្មភាពល្អ អាក្រក់តែប៉ុណ្ណោះ។ ស្ថានទាំងបីនេះ គឺមនុស្សយើងអាចមើលឃើញតែស្ថានមនុស្សលោកយើងតែមួួយប៉ុណ្ណោះ។ ប៉ុន្តែស្ថានសួគ៌នរកវិញមនុស្សមិនអាចមើលឃើញបានទេ។ម៉្យាងវិញទៀតសាសនាទាំងពីរនេះខែ្មរបានទទួលយកមកគោរពបូជាដូចគ្នាតាំងពីសម័បុរាណមកម៉្លេះ។ ដោយសារជំនឿទៅលើសាសនាទាំងពីរនេះហើយ ទើបបានជាខ្មែរបានកសាងនូវប្រាង្គប្រាសាទជាច្រើនដើម្បីឧទ្ទិសចំពោះអាទិទេពនៃសាសនាទាំងពីរក្នុងន័យលើកតម្កើងអាទិទេពសុំសេចក្តីសុខផ្សេងៗ។មិនតែប៉ុណ្ណោះខ្មែរបាធ្វើសមាហរណកម្មសាសនាទំាងពីរឲ្យចូលគ្នាមកគោរពប្រតិបត្តិរហូតមកដល់សព្វថ្ងៃ។ បើគេពិនិត្យលក្ខណៈខុសគ្នាវិញគេឃើញថា ព្រះពុទ្ធសាសនាគឺមិននិយាយពីអាទិទេពទេព្រោះព្រះពុទ្ធជាមនុស្សហើយក៏ជាម្ខាស់សាសនានិងជាអ្នកសិក្សាស្រាវជ្រាវរកឃើញទ្រឹស្តីនេះដែរ។ព្រះនាមសទត្ថ មានមាតាបិតា និង នគរនៅលើផែនដីនេះ ហើយការដែលព្រះអង្គអាចត្រាស់ដឹងនូវសម្មាសម្ពោធិញាណ ក៏ព្រោះតែការខិតខំព្យាយាមបំពេញបារមីទាំងដប់នេះដែរ។ ផ្ទុយពីព្រះពុទ្ធសាសនានេះវិញ ព្រហ្មញ្ញសាសនាគឺមានអាទិទេពបីអង្គជាអ្នកបង្កើតទ្រឹស្តី គឺព្រះព្រហ្ម ព្រះសិវៈ និង ព្រះវិស្ណុ។ អាទិទេពទាំងបីអង្គនេះមាននាទីផ្សេងៗពីគ្នាគឺព្រះព្រហ្មជាអ្នកបង្កើតលោក ព្រះសិវៈជាអ្នកបំផ្លាញលោក និង ព្រះវិស្ណុជាអ្នកថែរក្សាលោក។ ព្រះពុទ្ធសាសនាក្រៅពីព្រះពុទ្ធ មានតែអង្គព្រះអរហន្តជាសាវគ្គដែលមាននាទីជួយផ្សព្វផ្សាយគៅរពប្រតិបត្តិទៅតាមទ្រឹស្តីរបស់ព្រះពុទ្ធ។ ផ្ទុយពីនេះព្រហ្មញ្ញសាសនាព្រះវិស្ណុមានអវតាររហូតដល់ទៅដប់ដែលអវតារនិមួួយៗមាននាទីជួយមនុស្សនៅពេលណាដែលពិភពលោកគ្រាអាសន្នដោយពួកអសុរៈអុកឡុកធ្វើបាបម្តងៗ។រីព្រះពុទ្ធសាសានាាគោរពប្រតិបត្តិតាមពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធដែលទ្រង់បានស្រាវជ្រាវរកឃើញដោយព្រះអង្គផ្ទាល់ក្នុងរយៈពេល៤៥ព្រះវស្សាក្រោយពេលត្រាស់ដឹងដោយគេបានប្រមូលចងក្រងជាគម្ពីរព្រះត្រៃបិដកដែលមានមាន៨៤០០០ធម្មក្ខន្ធចែកចេញជាបីគម្ពីរគឺ វិន័យបិដក សុត្តន្តបិដក និង អភិធម្មបិដក ដើម្បីទុកឲ្យពុទ្ធបរស័ទគោរពប្រតិបត្តិតាម។ ឯព្រហ្មញ្ញសាសនាវិញមានគម្ពីរវេទជាគោលដែលជាទ្រឹស្តីអាទិទេពទាំងបីអង្គនេះហើយគម្ពីរនេះចែកចេញជាបួនគឺសម្រាប់បរិស័ទគោរពប្រតិបត្តិតាម។ ទ្រឹស្តីនៃសាសនាទាំងពីរនេះមានលក្ខណៈផ្ទុយគ្នាយ៉ាងខ្លាំង នៅត្រង់ព្រះពុទ្ធសាសនាអប់រំមនុស្សឲ្យជឿនិងផ្អែកលើសមត្ថភាពខ្លួនឯង រីឯព្រហ្មញ្ញសាសនាអប់រំមនុស្សឲ្យជឿលើអាទិទេពព្រេងសំណាងទៅវិញ។ ម៉្យាងទៀតចំពោះសេចក្តីសុខ និង ទុក្ខវិញក៏មានលក្ខណៈខុសគ្នាច្រើនដែរ ព្រោះតាមពុទ្ធសាសនា សេចក្តីសុខ និង ទុក្ខរបស់មនុស្សគឺស្ថិតនៅលើអំពើរបស់មនុស្សជាអ្នកប្រព្រឹត្ត។ បើកាលណាគេធ្វើអំពើល្អ នឹងបានល្អ គេធ្វើអំពើអាក្រក់ នឹងបានអាក្រក់ ពោលគឺសុខ និង ទុក្ខ តាមរយៈកម្ម និង​ផលនេះឯង។ ចំណែកតាមរយៈព្រហ្មញ្ញសាសនាវិញសេចក្តីសុខ និង ទុក្ខគឺស្ថិតនៅលើកណ្តាប់ដៃអាទិទេព ព្រោះបើកាលណាអាទិទេពឲ្យសុខគឺមនុស្ស នឹងបានសុខ បើកាលណាអាទិទេពឲ្យទុក្ខមនុស្សនឹងបានទុក្ខដោយមិនអាចចៀសផុតឡើយ។ ពោលគឺអាទិទេពជាកំណត់ជោគវាសនា សុខ ទុក្ខ ល្អអាក្រក់របស់មនុស្ស។បើកាលណាគេចង់សុខគឺគេត្រូវខិតខំព្យាយាមធ្វើការអង្វរកអាទិទេព សុំសេចក្តីសុខតាមរយៈវិធីប្រតិបត្តិទាំងបួនគឺ តបៈ យោគៈ បូជាយញ្ញ និង ពិធីលាងបាប ឬ សិវៈរាត្រី។ ឯព្រះពុទ្ធសាសនាវិញ កាលណាមនុស្សចង់បានសុខ គេត្រូវលះបង់អំពើអាក្រក់ចោល ហើយប្រកាន់យកអំពើល្អទាំងកាយ វាចា និង ចិត្តនោះ គេនឹងបានសុខ។
ទន្ទឹមនឹងនេះដែរ ចំពោះវាសនារបស់មនុស្សដែលល្អ អាក្រក់ មាន ក្រ លំបាកវេទនា ស្រួលស្រណុក មានឋានៈធំតូចយ៉ាងណា តាមទ្រឹស្តីព្រហ្មញ្ញសាសនាគឺស្ថិតនៅលើកណ្តាប់ដៃរបស់អាទិទេពផងដែរ ព្រោះអាទិទេពបានចារវាសនារបស់មនុស្សរួចជាស្រេចនៅពេលមនុស្សកើតមកដោយមិនអាចកែប្រែបានឡើយ ដូចជាការបែងចែកឋានៈទាំងបួននៅក្នុងសាសនានេះអញ្ចឹង គឺវណ្ណៈព្រាហ្មណ៍ វណ្ណៈក្សត្រ វណ្ណៈវៃស្សៈ និង វណ្ណៈសូទ្រៈ ដែលវណ្ណៈទាំងបួននេះមិនអាចផ្លាស់ប្តូរបានឡើយ។ រីឯព្រះពុទ្ធសាសនាវិញ ចំពោះបញ្ហាខាងលើក៏ស្ថិតនៅលើមនុស្សជាអ្នកកំណត់ខ្លួនឯងដែរ ព្រោះបើកាលណាមនុស្សប្រកាន់យកសេចក្តីព្យាយមត្រូវ គិតត្រូវ​ ធ្វើអំពើជាកុសល ទាំងកាយ​ វាយចា និង ចិត្តទៅលើសកម្មភាពការងាររបស់គេដោយផ្ចិតផ្ចង់ និង យកចិត្តទុកដាក់គេនឹងទទួលបានសម្រេចជោគវាសនារបស់គេមិនខានដូចជាចំណេះដឹងជាដើម។ បើកាលណាយើងខិតខំរៀនយើងនឹងទទួលបានចំណេះដឹង ផ្ទុយពីព្រហ្មញ្ញសាសនាដែលថា ពុទ្ធិគឺអាទិទេពជាអ្នកផ្តល់ឲ្យទៅវិញ។
        សរុបមកតាមរយៈការបកស្រាយប្រៀបធៀបនូវលក្ខណៈដូច និង លក្ខណៈខុសគ្នានៃសាសនាទាំងពីររួចមកយើងអាចវាយតម្លៃ និង សន្និដ្ឋានបានថា ថ្វីត្បិតតែសាសនាទាំងពីរនេះមានលក្ខណ​​​​​​​​​ដូចគ្នាខ្លះក៏ដោយ ខុសគ្នាខ្លះក៏ដោយក៏ខ្មែយើងទទួលយកមកគោរពបូជា ដោយធ្វើការកែច្នៃទ្រឹស្តីខ្លះមកជាការកសាងដើម្បីសាសានាទៅវិញដូចជាការកសាងប្រាសាទភ្នំដើម្បីឧទ្ទិសដល់អាទិទេពដែលមានច្រើនពាសពេញផ្ទៃប្រទេស។ មិនតែប៉ុណ្ណោះទស្សនៈសាសនាទាំងពីរ ខ្មែរបានយកមកបញ្ចាូលលាយឡំគ្នាដើម្បីគោរពប្រតិបត្តិរហូតមកដល់សព្វថ្ងៃ។ ម៉្យាងទៀតដោយយល់ឃើញថា ទ្រឹស្តីព្រះពុទ្ធសាសនាមានលក្ខណៈវិជ្ចមានជាងទើបខ្មែរលះបង់ព្រហ្មញ្ញសាសនា បែរមកគោរពពុទ្ធសាសនារហូតមកដល់សព្វថ្ងៃ ប៉ុន្តែខ្មរបានយកទ្រឹស្តីនៃព្រហ្មញ្ញសាសនាខ្លះមកបញ្ចូលក្នងព្រះពុទ្ធសាសនាដើម្បីគោរពប្រតិបត្តិផងដែរ។ ដូច្នេះទ្រឹស្ថី នៃសាសនាទំាងពីរនេះមានវត្តមាននៅលើទឹកដីខ្មរ និង សណ្តានចិត្តខ្មែរមិនសាបសូន្យឡើយ៕

ប្រធាន: សំណេរពន្យល់សុភាសិត «ងើយស្រក​ ឱន​ដាក់​គ្រាប់​» ចូលពន្យល់សុភាសិតនេះអោយបានក្បោះក្បាយ និងលើកឧទាហរណ៍មកបញ្ចាក់។


សេចក្តីអត្ថាធិប្យាយ

         មនុស្ស​ដែល​កើត​នៅ​ក្នុង​ពិភពលោក​នេះ​ ចម្រុះ​ទៅ​ដោយ​ពណ៌​សម្បុរ​ និង​មាន​អត្ថចរិត​ផ្សេង​​ពី​គ្នា​ ខ្លះ​ល្អ​ ខ្លះ​អាក្រក់​ រី​ឯ​ខ្លះ​ទៀត​ព្រហើន​កោង​កាច​ក្អេង​ក្អាង​ លើក​តំកើង​ខ្លួន​ឯង​ហួស​ហេតុ​ ថែម​ទាំង​ធ្វើ​ឲ្យ​គេ​ស្អប់​ ព្រមទាំង​បាត់​បង់​តម្លៃ​ទៀត​ផង​ រី​ឯ​បុគ្គល​ខ្លះ​ទៀត​ចេះ​សម្រប​ខ្លួន​ ដាក់​ខ្លួន​ ស្គាល់​កាលៈទេសៈ​ ហើយ​ថែម​ទាំង​ចេះ​គោរព​ចាស់​​ទុំ​ គ្រូ​ ឬ​ក៏​រៀម​ច្បង​​ផងដែរ​​ ទី​បំផុត​ក៏​មាន​អ្នក​ស្រឡាញ់​រាប់​អាន​ច្រើន​ យ៉ាង​ណា​មិញ​ គេ​សង្កេត​ឃើញ​ថា​មនុស្ស​ទាំងអស់​ ទោះ​បី​អាក្រក់​យ៉ាង​ណា​ក៏​អាច​អប់រំ​បាន​ដែរ​។ ដោយ​ហេតុ​ផល​នេះ​ហើយ ទើប​ដូន​តា​ខ្មែរ​បង្កើត​ជា​សុភាសិត​មួយ​ឡើង​យ៉ាង​ដូច្នេះ​ថា «​ងើយ​ស្រក​ ឱន​ដាក់​គ្រាប់​»។​
         តើ​សុភាសិត​នេះ​មាន​ន័យ​អប់រំ​យ៉ាង​ដូចម្ដេច​?
        ​ដើម្បី​ជា​ស្ពាន​ចម្លង​ទៅ​ដល់​ការ​បក​ស្រាយ​សុភាសិត​នេះ​ គួរ​គប្បី​យល់នូវ​ពាក្យ​គន្លឺ​មួយ​ចំនួន​សិន​ ដូចជា «ងើយ​»​ និង​ «ស្កក​»​។ ពាក្យ​ «​ងើយ​»​ មាន​ន័យ​ថា សម្លឹង​មើល​ទៅ​លើ​ ដោយ​មិន​មើល​អ្នក​នៅ​ក្រោម​ៗ​ឡើយ រី​ឯ​ ​«ស្កក» គឺ​ខក​ខាន​ អត់​ប្រយោជន៍​។ សុភាសិត​ទាំងមូល​នេះ​ ​បើ​តាម​ន័យ​ត្រង់​ សំដៅ​ទៅ​លើ​ដើម​ស្រូវ​ កាលណា​ វាយ​ងើយ​ឡើង​ទៅ​លើគឺ​គ្មាន​គ្រាប់​ស្រូវ​ទេ ប់ុន្តែ​បើ​វា​ឱន​ ប្រាកដ​ជា​មាន​គ្រាប់​ស្រូវ​មិន​ខាន​ នេះ​បើ​តាម​ន័យ​ធៀប​ចង់​សំដៅ​ថា បុគ្គ​ល​ដែល​ចេះ​ដាក់​ខ្លួន​ រមែង​មាន​គេ​ចូលចិត្ត​ គោរព​ស្រឡាញ់​ និង​ឲ្យ​តម្លៃ​ ចំណែក​បុគ្គល​ដែល​មាន​អំនួត​ក្អេង​ក្អាង​ មិន​ចេះ​​ឱន​លំទោន​ ច្រើន​តែ​ទទួល​នូវ​ការ​ស្អប់​ខ្ពើម​ពី​អ្នក​ផង​ទាំង​ឡាយ​។​
    ជា​ការ​ពិត​ណាស់​ មនុស្ស​នៅ​ក្នុង​សង្គម​សម័យ​ថ្មី​នេះ​​មាន​ការ​រីកចម្រើន​ខ្លាំង​ណាស់​ ខ្លះ​ស្ទើរ​តែ​ភ្លើត​ភ្លើន​ទៅ​តាម​សម្ភារនិយម រី​ឯ​ខ្លះ​មាន​ចិត្ត​នឹងន​ ស្រឡាញ៉​ការ​សិក្សា​រៀន​សូត្រ​ និង​ចេះ​គោរព​ចាស់​ទុំ​ផង​ដែរ​។ ជា​ទឡ្ហីករណ៍ មនុស្ស​ដែល​អួត​ថា​ខ្លួន​ចេះ​គ្រប់​យ៉ាង​ រមែង​ចាញ់​អាត្មា​ ទី​បំផុត​ក៏​ត្រូវ​គេ​ជាន់​កែង​ខ្លួន​ឯង​ ហើយ​ទទួល​រង​នូវ​ក្ដី​អាម៉ាស់​ តួយ៉ាង​ បើ​យើង​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ ហើយ​ត្រូវ​វង្វេង​ផ្លូវ​ ត្រូវ​ចេះ​ជំរាប​សួ​គេ ចេះ​សំពះ​ទៅ​តាម​បែប​បទ​នៃ​សីលធម៌​ខ្មែរ​ ហើយ​សឹម​សួរ​គេ​នូវ​តំបន់​ណា​ដែល​យើង​ចង់​ទៅ​ តែ​បើ​មក​ដល់​ យើង​ប្រើ​ពាក្យ​អសុរោះ​មិន​គោរព​គេ គេ​ប្រាកដ​​វាយ​តម្លៃ​យើង​ភ្លាម​ថាជា បុគ្គល​អសីលធម៌​ ហើយ​ជួន​កាល​គេ​មិន​ឆ្លើយ​តប​វិញ​ផង​ក៏​ថា​បាន​។ រឿង​​មួយ​ទៀត​ ​ទោះ​បី​ខ្លួន​ចំណេះ​ដឹង​ជ្រៅ​ជ្រះ​យ៉ាង​ណា​ក៏​ដោយ​ ក៏​ត្រូវ​ចេះ​ចូល​រួម​ក្នុង​សង្គម​ដែរ​ ដោយ​សារ​តែ​ក្នុង​លោក​នេះ​មិន​មែន​មាន​តែ​យើង​ម្នាក់​ទេ អ្វី​ដែល​យើង​មិន​ដឹង​ អ្នក​ផ្សេង​អាច​ដឹង ទោះ​បី​អ្នក​នោះ​ជា​អ្នក​សុំទានក្ដី ឬ​កសិករ​ក្រីក្រ ឬ​ជា​ក្មេង​ក្ដី គឺ​សុទ្ធ​តែ​គ្រូ​យើង​ទាំង​អស់​ ដូច​ពាក្យ​ចាស់​តែង​ពោលថា​​ «ចេះ​ឯង​ ឲ្យ​ក្រែង​ចេះ​គេ​»​ ឬ​មួយ​ទៀត​ថា «​ភ្នំ​ខ្ពស់​គង់​ទាប​ជាង​ស្មៅ​»​។ ​ការ​រស់​នៅ​ក្នុង​សង្គម​ ត្រូវ​ចេះ​មើល​គេ​មើល​ឯង​ គេ​រស់​បែប​ណា យើង​ក៏​រស់​បែប​នោះ​បាន​ដែរ ឲ្យ​តែ​វិធី​សុចរិត​ត្រឹម​ត្រូវ​។ ម្យ៉ាង​វិញ​ទៀត ការ​ចេះដាក់​ខ្លួន​ រមែង​ទទួល​បាន​នូវ​តម្លៃ និង​ការ​កោត​សរសើរ​ពី​គ្រប់​​បុគ្គល​នានា​គ្រប់​មជ្ឍដ្ឋាន​ និង​អាច​រៀន​សូត្រ​រាល់​ចំណេះ​ថ្មី​ៗ​ទៀត​ផង​។ ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​នោះ សូម​ក្រឡេក​ទៅ​មើល​អក្សរសិល្ប៍​ខ្មែរ​មួយ​ចំនួន​។ ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា តួអង្គ​ចៅចិត្រ​ នៅ​ក្នុង​រឿង​កុលាប​ប៉ែលិន​ ចេះ​ដាក់​ខ្លួន​ធ្វើ​ការ​ជា​កម្មករ​ជីក​ត្បូង ដោយ​មិន​រើស​អើង​ឡើយ​ គេ​បាន​លះបង់​កម្លាំង​យុវវ័យ​របស់​ខ្លួន​ដើម្បី​ការងារ​ ហើយ​ចេះ​រាប់​អាន​មិត្ត​ៗ​កម្ម​ករ​ដូច​គ្នា​យ៉ាង​ស្អិត​ល្មួត​ទៀត​ផង​។ ជាង​​នេះ​ទៅ​ទៀត ចៅចិត្រ​មាន​សីលធម៌​ខ្ពស់​ ចេះ​គោរព​ចាស់​ទុំ​ ចាស់​ព្រឹទ្ធាចារ្យ​ និង​ចៅ​ហ្វាយ​នាយ​របស់​ខ្លួន​ ដោយ​ប្រើ​ពាក្យ​សម្ដី​ពីរោះ​ពិសា ទន់ភ្លន់​ ប៉ុន្តែ​ពុំ​​មាន​ពុត​ត្បុត​ឡើយ​ ដែល​ខុស​ពី​លោកបាឡាត់​ស្រុក​សង្កែ ដែល​តែង​តែ​និយាយ​ក្អេង​ក្អាង​ អាង​អំណាច​ មើល​ងាយ​អ្នក​ក្រ​ មិន​ចេះ​ឲ្យ​តម្លៃ​អ្នក​តូចទាប​ជាង​ខ្លួន​ ចំណុច​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​នាង​ឃុន នារី​ មិន​ពេញ​ចិត្ត​រូប​លោក​ឡើយ​។ បន្ថែម​ពី​នេះ លោក ហ្លួង​រតនសម្បត្តិ​ គឺ​ជា​មហាសេដ្ឋី​ដែល​ចេះ​ រាប់អាន​កូនចៅ​ មិន​ប្រកាន់​ឋានៈ​បុណ្យ​សក្ដិ​ ឬ​បុណ្យ​សក្ដី​ លោក​បាន​រៀន​សូត្រ​ច្រើន​ពី​អ្នក​ក្រ​ ដែល​ធ្វើ​លោក​យល់​ដឹង​ច្រើន​ពី​បញ្ហា​របស់​អ្នក​ក្រ ហេតុ​នេះ​ហើយ​គេ​សង្កេត​ឃើញ​ថា កម្ម​ករ​ដែល​នៅ​ក្រោម​បង្គាប់​របស់លោក​​ និង​អ្នក​នៅ​ជុំវិញ​ខ្លួន​លោក​ សុទ្ធ​តែ​គោរព​និង​​ពេញ​ចិត្ត​លោក​គ្រប់​គ្នា​។​ ក្រៅ​នេះ​ នៅ​ក្នុង​អក្សរសិល្ប៍​រឿង ផ្កា​ស្រពោន ដែល​ជា​វណ្ណកម្ម​របស់​លោក នូ ហាច​ ក៏​ស​បញ្ជាក់​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ ប៊ុន​ធឿន​ មិន​ត្រឹម​តែ​មាន​ចំណេះ​ដឹង​ទេ ថែម​ទាំង​មាន​សុជីវធម៌​ក្នុង​ការ​រស់​នៅ​ទៀត​ផង​ ដែល​ខុស​ពី​ ណៃ​ស៊ត​ គឺ​មាន​ចរិត​ព្រហើន​អាង​ជា​កូន​អ្នក​មាន មិន​គោរព​ចាស់​ទុំ​ ធ្វើ​ឲ្យ​អ្នក​ភូមិ​ស្អប់​ខ្ពើម​ សូម្បី​តែ​នាង​វិធាវី​ ក៏​មិន​ពេញ​ចិត្ត​ដែរ​ ហើយ​នាង​សុខ​ចិត្ត​ក៏​មិន​ប្រាថ្នា​ បុគ្គល​ដែល​ «​ងើយ​ស្ក​ក​»​ ដែរ គឺ​ប្រាថ្នា​តែ​ប៊ុនធឿន​មួយ​គត់ ដែល​​អាច​ហៅ​បាន​ថា ​បុរស​ «​ឱន​ដាក់​គ្រាប់​»​។ តាមរយៈ​រឿង​ទុំទាវ​ ដែល​ជា​ស្នាដៃ​របស់​ភិក្ខុ​សោម បាន​លាត​ត្រដាង​ឲ្យ​ឃើញ​នូវ​ការ​ប្រើ​អំណាច​របស់​បក្ស​ពួក​អរជួន​ ដែល​មាន​សភាព​ព្រៃ​ផ្សៃ​នៅ​ខេត្ត​ត្បូង​ឃ្មុំ ហ៊ាន​ពង្រាត់​ប្ដី​ប្រពន្ធ​ស្រប​ច្បាស់​របស់​គេ​គឺ​ទុំនិង​ទាវ ដែល​ព្រះ​រាជា​ជា​អ្នក​ផ្សំផ្គុំ​ឲ្យ​ រហូត​ឈាន​ដល់​សម្លាប់​ទុំ​នៅ​ក្រោម​ដើម​ពោធិ៍​ជើង​ខាល​ រី​ឯ​នាង​ទាវ​ក៏​ធ្វើ​អត្តឃាត​ទៅ​តាម​ទុំ​ដែរ​។ សោកនាដកម្ម​នេះ​​ក៏​បាន​លេច​ឮ​ទៅ​ដល់​ព្រះ​កាណ៌​របស់​ព្រះ​បាទ​រាមា​ជើង​ព្រៃ​ ហើយ​ព្រះ​អង្គ​ខ្ញាល់​ជា​ខ្លាំង​ ក៏​លើក​រេហ៍ពល​យាង​មក​ដោយ​អង្គ​ឯង ហើយ​កាត់​ទោស​បក្សពួក​អរជួន​ឲ្យ​ក្ស័យ​មរណា​។ ទាំង​នេះ​គឺ​សុទ្ធតែ​ជា​ទង្វើ​ព្រហើន​របស់​បក្ស​ពួក​អរជួន​នេះ​ ទើប​ទទួល​លទ្ធផល​បែប​នេះ​។ យ៉ាង​ណា​មិញ​ រឿង​ព្រះ​អាទិត្យ​ថ្មី​រះ​លើ​ផែន​ដី​ លោក សួន សុរិន្ទ បាន​បង្ហាញ​ឲ្យ​ឃើញ​រាល់​សកម្ម​ភាព​ទាំង​អស់​របស់​តួអង្គ​ សម​ ដែល​ចេះ​ស្រឡាញ់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ ហើយ​គោរព​មនុស្ស​ទាំង​អស់​ទោះ​ចាស់​ក្មេង​មាន​ក្រ​ក្ដី​ សម​មិន​ដែល​ប្រើ​ពាក្យ​ឬ​បញ្ចេញ​អាកប្បកិរិយា​មើល​ងាយ​មើល​ថោក​នរណា​ម្នាក់​ឡើយ​។ សកម្ម​ភាព​នេះ​ធ្វើ​ឲ្យ​សម​ ទទួល​បាន​មក​វិញ​នូវ​ការ​កោត​សរសើរ​មិន​ដាច់​ពី​មាត់​ពី​សំណាក់​តួអង្គ​ក្នុង​ក្ដី​និង​អ្នក​អាន​ អ្នក​សិក្សា​ក្ដី​។
        សរុប​មក​ឃើញ​ថា​ ការ​ដែល​មនុស្ស​ចេះ​ដាក់​ខ្លួន​ឱនលំទោន​ដោយ​ភាព​ទន់​ភ្លន់​នោះ មិន​ខ្លះ​ទេ​អ្នក​ជួយ​ជ្រោម​ជ្រែង​ កុំ​ឲ្យ​តែ​មាន​អំនួត​អួត​អាង​ ទោះ​បី​អ្នក​ឯង​មាន​ដល់​ណា​ក្ដី​ក៏​គ្មាន​តម្លៃ​ដែរ​​ ហើយ​រឹត​តែ​ទទួល​បាន​នូវ​ការ​ស្អប់​ខ្ពើម​បំផុត​ ថា​មិន​ត្រូវ​អាច​នឹង​បាត់បង់​តំណែង ឬ​ជីវិត​វៀត​ផង​។​
          យោង​តាម​ការ​បក​ស្រាយ​យ៉ាង​ក្បោះក្បាយ​ខាង​លើ​ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា សុភាសិត​នេះ​ពិត​ជា​មាន​តម្លៃ​អប់រំ​យ៉ាង​ខ្ពង់ខ្ពស់​ក្នុង​ការ​បណ្ដុះ​ឲ្យ​មនុស្ស​គ្រប់​រូប​ចេះ​រស់​នៅ​ក្នុង​សង្គម​ដោយ​គ្មាន​ការ​រើស​អើង​ និង​ការ​មាន​សីលធម៌​ក្នុង​ខ្លួន​។ ដូចនេះ​ ក្នុង​នាម​ជា​អ្នក​សិក្សា​ គួរ​គប្បី​ស្វែង​យល់​ពី​អ្វី​ៗ​ឲ្យ​បាន​ច្រើន ហើយ​មិន​ត្រូវ​ប្រកាន់​ខ្លួន ឬ​រើសអើង​នរណា​ម្នាក់​ឡើយ ចូរ​ចង​ចាំ​ថា អ្វី​ៗ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង គឺ​សុទ្ធ​តែ​ជា​គ្រូ​របស់​យើង​ទាំង​អស់​។

ប្រធាន: សំណេរពន្យល់សុភាសិត​ «ក្រោយ​​ភ្លៀង​ មេឃ​ស្រឡះ​» ចូលពន្យល់អោយបានក្បោះក្បាយ។


សេចក្តីអត្ថាធិប្បាយ
      ឆាក​ជីវិត​មាន​សប្បាយ កម្សត់​ ព្រាត់ប្រាស​ ផ្អែមល្ហែម​ ជូរចត់​ គ្មាន​នរណា​ម្នាក់​អាច​គេច​ផុត​នូវ​លក្ខណៈ​ទាំង​នេះ​បាន​ឡើយ​ ជា​ការ​ពិត​ណាស់​ ​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​ មនុស្ស​គ្រប់​រូប​តែង​តែ​ឆ្លង​កាត់​នូវ​ឧបសគ្គ​យ៉ាង​ច្រើន​រាប់​មិន​អស់​ ជួន​កាល​អាច​ធ្វើ​ឲ្យ​យើង​ដួល​ ឬ​អស់សង្ឃឹម​ ឬ​ក៏​អាច​លែង​ចង់​រស់​ទៀត​ក៏​ថា​បាន អ្វី​ដែល​សំខាន់​បំផុត​គឺ​ ត្រូវ​រក្សា​ជំហរ​និង​ជម្នះ​រាល់​ការ​លំបាក​ទាំងឡាយ​ដែល​កើត​មាន​ឡើង​ចំពោះ​មុខ​​។ ​ដូច​សុភាសិត​មួយ​ឃ្លា​លើក​ឡើង​ថា «​ក្រោយ​ភ្លៀង​ មេឃ​ស្រឡះ​»​។​
​​      តើ​សុភាសិត​ខាង​លើ​នេះ​​បង្កប់​នូវ​ខ្លឹមសារ​អប់រំ​យ៉ាង​ដូចម្ដេច​ខ្លះ​?​
​    ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​បកស្រាយ​បន្ត​ទៅ​មុខ​ទៀត​ ​​គួរ​គប្បី​យល់​នូវ​ឃ្លា​សំខាន់​ៗ​ជាមុន​សិន​ ដូចជា​ ​«​ក្រោយ​ភ្លៀង​»​ និង​ «​មេឃ​ស្រឡះ​»​​។ ឃ្លា​ «​ក្រោយ​ភ្លៀង​»​ គឺ​មាន​ថា បន្ទាប់​ពី​ភ្លៀង​រួច​ហើយ ឬ​ពេល​ភ្លៀង​រាំង​ហើយ​ ចំណែក​ឯ​ «​មេឃ​ស្រឡះ​»​ គឺ​សំដៅ​ដល់​ពេល​ដែល​​ផ្ទៃ​មេឃ​ភ្លឺ​ច្បាស់​ល្អ​ ពុំ​មាន​ខ្យល់​ព្យុះ​ ឬ​ពពក​ខ្មៅ​ឡើយ​។ តាម​ន័យ​ត្រង់​ ​មុន​ពេល​មេឃ​ភ្លៀង ​រមែង​មាន​ខ្យល់​​បក់​បោក​ ពពក​ខ្មៅ​ដេរដាស​គ្របដណ្ដប់​នៅ​លើ​លំហ​ បង្កើត​បាន​ជា​ភាព​អាប់អួ​ងងឹត​មេឃ​ងងឹត​ដី​ រក​មើល​អ្វី​មិន​យល់​ ហើយ​ជួន​កាល​មាន​ផ្គរ​រន្ទះ​គ្រាំងៗ​ ​នៅ​ពេល​ភ្លៀង​ធ្លាក់​ច្រើន​ ក៏​បង្កើត​បាន​ជា​ទឹក​ជំនន់​ជន់​លិច​​ផ្ទះ​សម្បែង​ និង​ភូមិឋាន​នានា​ ​​ប៉ុន្តែ​ក្រោយ​ពី​ភ្លៀង​រាំង​ហើយ​ នោះ​អ្វី​ៗ​នឹង​ប្រែ​មក​ជា​​សភាព​ដើម​វិញ​ គឺ​មាន​ពន្លឺ​ឡើង​វិញ​ ហើយ​មនុស្ស​ម្នា​ទាំង​ឡាយ​ប្រាកដ​ជា​អាច​ធ្វើ​ដំណើរ​ដោយ​មិន​មាន​ក្ដី​បារម្ភ​ទៀត​ឡើយ​ ចំណែក​ឯ​ន័យ​ធៀប​វិញ​ គឺ​ចង់​បង្ហាញ​ថា​ ​​ជោគជ័យ​ទាំង​ឡាយ​តែង​តែ​ឆ្លង​កាត់​ឧបសគ្គ​ជាមុន​សិន ក្រោយ​មក​ទើប​អាច​ទទួល​បាន​នូវ​ដែល​ខ្លួន​ប៉ង​ប្រាថ្នា​។​
​      ​មែន​ហើយ​ គ្មាន​បុគ្គល​ណា​ម្នាក់​​អាច​​សម្រេច​ប្រាថ្នា​បាន​ដោយ​គ្រាន់​តែ​ដេក​នៅ​ស្ងៀម​នោះ​ឡើយ​ គឺ​ត្រូវ​តែ​រួត​រះ​ស្វះស្វែង​ជានិច្ច​ ហើយ​ជួន​កាល​ក៏​ត្រូវ​ជួប​ប្រទះ​នូវ​រឿងរ៉ាវ​អាក្រក់​ៗ​ផ្សេង​ៗ​ទៀត​ដែល​មក​រំខាន​ដំណើរ​ការ​នៃ​ជីវិត​របស់​យើង​ទៀត​ផង​​។ ជាក់​ស្ដែង​ សិស្ស​​ម្នាក់​ដែល​កើត​ចេញ​ពី​ត្រកូល​កសិករ​ក្រីក្រ​ នៅ​ឯ​ស្រុក​ស្រែ​ជនបទ ដែល​​ស្ទើរ​តែ​គ្មាន​ឱកាស​បាន​សិក្សា​ច្រើន​ដូច​កូន​អ្នក​មាន​ឬ​កូន​អ្នក​ទីក្រុង​ តែ​ដោយ​ការ​​តស៊ូ​ក្នុង​ឆាក​ជីវិត​ និង​ការ​ជម្នះ​រាល់​ការ​លំបាក​នានា​​ទើប​គេ​អាច​​ទទួល​បាន​លទ្ធផល​ល្អ​។ ក្រៅ​ពី​នេះ​ គេ​តែង​បង្កើត​ទម្លាប់​ល្អ​ៗ​ ដោយ​ត្រូវ​ងើប​តាំង​ពី​ព្រលឹម​ ដើម្បី​ជួយ​ធ្វើ​ការងារ​ផ្ទះ​ ជួយ​ធ្វើ​ស្រែ​ចម្ការ​ ចិញ្ចឹម​សត្វ​ ឃ្វាល​គោ​ឃ្វាល​ក្របី​​ ហើយ​ជួនកាល​ទៀត​ត្រូវ​ចំណាយ​ពេល​ទៅ​រក​ប្រាក់​កម្រៃ​បន្ថែម​​សម្រាប់​គ្រួសារ​ទៀត​ផង​ ប៉ុន្តែ​គេ​មិន​ដែល​បោះបង់​ការ​សិក្សា​នោះ​ឡើយ​ ដោយ​តែង​តែ​ឆ្លៀត​រៀន​ និង​ខំ​សន្សំ​លុយ​បន្តិច​បន្តួច​ដើម្បី​ទិញ​សៀវភៅ​សិក្សា ឬ​សៀវភៅ​អាន​ ឲ្យ​ដូច​គេ​ដូច​ឯង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត​ ដោយ​ជីវភាព​តោកយ៉ាក​ពេក​ ក៏​ត្រូវ​ធ្វើ​ដំណើរ​ទៅ​សាលា​រៀន​ដោយ​ថ្មើរ​ជើង​ ហើយ​ត្រូវ​ចំណាយ​ពេល​ពី​កន្លះ​ម៉ោង​ទៅ​មួយ​ម៉ោង​ ដើម្បី​ទៅ​ដល់​សាលារៀន​។ ពេល​ខ្លះ ក៏​ត្រូវ​ទឹក​ភ្លៀង​រហូត​សើម​ជោក​អស់​ ពេល​ខ្លះ​ទៀត​ ក៏​ធ្លាក់​ខ្លួន​ឈឺ​។ ផ្ទុយ​ទៅ​វិញ​ ផល​លំបាក​ទាំង​នេះ​មិន​បាន​រារាំង​នូវ​ដំណើរ​ការ​តស៊ូ​របស់​គេ​ឡើយ​ ទីបំផុត​ គេ​អាច​យក​ឈ្នះ​លើ​​ព្រហ្មលិខិត​របស់​ខ្លួន​ ដោយ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា និង​ទទួល​បាន​ការងារ​ដែល​ខ្លួន​តែង​តែ​ប្រាថ្នា​ជា​យូរ​មក​ហើយ​ទៀត​ផង​។ គេ​អាច​និយាយ​បាន​ថា គ្មាន​អ្វី​ដែល​មនុស្ស​យើង​មិន​អាច​ធ្វើ​បាន​ទេ​ ឲ្យ​តែ​ខ្លួន​យើង​សម្រេច​ចិត្ត​ត្រឹមត្រូវ​និង​តាំង​ចិត្ត​ខ្ពស់​ប្រកប​ដោយ​ក្ដី​អំណត់​ព្យាយាម​ដាច់​ខាត​ ដូច​​ច្បាប់​ស្រីហិតោបទេស​តែង​លើក​ឡើង​ថា ​«​គ្មាន​ម្រឹគ​ឯណា​ បោល​ចូល​មាត់​សីហៈ​ដែល​កំពុង​ដេក​នោះ​ទេ​»​ ជោគជ័យ​មិន​ដែល​រត់​មក​រក​យើង​ឡើយ​ មាន​តែ​មនុស្ស​ទេ​ដែល​រត់​ទៅ​រក​ជោគជ័យ​ ឬ​គោល​ដៅ​នោះ​។ បន្ថែម​ពី​នេះ​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ​ ​គេ​សង្កេត​ឃើញ​ថា​ ​ទម្រាំ​តែ​អាច​កសាង​អង្គរវត្ត​បាន​​ គឺ​ត្រូវ​ចំណាយ​ពេល​យ៉ាង​យូរ​ និង​ចំណាយ​ជីវិត​មនុស្ស​អស់​ជាច្រើន​ ​ដំបូង​គេ​ត្រូវ​ជ្រើសរើស​ទី​តាំង​ ដាក់​ខ្សាច់​បុក​គ្រឹះ​ ដើរ​ស្វែង​រក​ប្រភព​ថ្ម​ ការ​ដឹក​ជញ្ជូន​ថ្ម​មួយ​ផ្ទាំង​ៗ​ដ៏​ធំ​មហិមា​ និង​ការ​រចនា​ម៉ូត​ចម្លាក់​ជា​ក្បាច់​នានា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ទាំង​នេះ​មិន​​មែន​កើត​ឡើង​ពី​​ព្រះ​អាទិទេព​​ព្រះជាម្ចាស់​ឡើយ ប៉ុន្តែ​គឺ​មនុស្ស​នេះ​ឯង​ដែល​ប្រឹង​ប្រែង​រាល់​ការ​លំបាក​ទាំង​ឡាយ​ រហូត​បន្សល់​បាន​នូវ​វត្ថុ​អច្ឆរិយ​​សម្រាប់​កម្ពុជា​និង​ពិភពលោក​ទាំង​មូល​។​ យ៉ាង​ណា​មិញ​ ​ប្រទេសខ្មែរ​យើង​អាច​​នៅ​គង់វង្ស​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ក៏​ព្រោះ​តែ​ដូនតា​យើង​ខិតខំ​ការពារ​ពី​ឈ្លានពាន​ពី​បរទេស​ ហើយ​ហ៊ាន​ពលី​ជីវិត​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​របស់​ខ្លួន​ដោយ​មិន​មាន​ការ​សោកស្ដាយ​ ហើយ​កូន​ខ្មែរ​គ្រប់​រូប​ក៏​បាន​ស្គាល់​ទឹក​ដី​របស់​ខ្លួន​ ​និង​យល់​ពី​ប្រវត្តិ​សាស្ត្រ​តស៊ូ​របស់​ខ្លួន​កាន់​តែ​ច្បាស់​ថែម​ទៀត​។ ក្រៅ​ពី​នេះ​ គេ​សង្កេត​ឃើញ​ នៅ​ក្នុង​សម័យ​ឧដុង្គ​ ព្រះ​ខ្មែរ​ត្រូវ​ចោរ​យួន​និង​សៀម​បែងចែក​ទឹកដី​យើង​ជា​ពីរ​ក្នុង​បំណង​ពុះ​ចែក​គ្នា​ ដើម្បី​បញ្ចប់​សង្គ្រាម​រវាង​សៀម​និង​យួន ប្រទេស​ទាំង​ពីរ​នេះ​ក៏​បាន​លើក​ព្រះ​បាទ​អង្គ​ឌួង​ ឲ្យ​ឡើង​សោយរាជ្យ​ ប៉ុន្តែ​ដោយ​សារ​ព្រះ​អង្គ​មាន​ឆន្ទៈ​ស្នេហាជាតិ​មិន​ចង់​ឲ្យ​ទឹក​ដី​បាត់​បង់​ ទ្រង់​ក៏​លួច​ផ្ញើ​លិខិត​សម្ងាត់​ទៅ​កាន់​ព្រះ​ចៅ​ណាប៉ូឡេអុង​ទី​បី​នៅ​សិង្ហបូរី​ឲ្យ​ចូល​មក​ដែន​កម្ពុជា​ ក្នុង​បំណង​យក​បារាំង​ជា​បង្អែក​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​យួន​និង​សៀម។ ក្រោយ​មក​បារាំង​ក៏​បាន​ចូល​មក​ដាក់​អាណាព្យាបាល​លើ​ប្រទេស​កម្ពុជា​ក្នុង​រជ្ជកាល​ព្រះ​បាទ​នរោត្ដម​ ហើយ​ឥទ្ធិពល​យួន​សៀម​ក៏​ត្រូវ​បញ្ចប់​នៅ​ពេល​នោះ។​ នៅ​ក្នុង​សម័យ​អាណានិគម​និយម​បារាំង​ទៀត​សោត​ កម្ពុជា​​ពុំ​បាន​សុខ​ស្រួល​ឡើង​ គឺ​ត្រូវ​បារាំង​ជំរិត​ទារ​ពន្ធ​យ៉ាង​ដំណំ​ យុវជន​ខ្លះ​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​ច្បាំង​ក្នុង​សង្គ្រាម​លោក ហើយ​ត្រូវ​ស្លាប់​អស់​ជាច្រើន​។ សេចក្ដី​ឈឺ​ចាប់​ទាំង​ប៉ុន្មាន​ធ្វើ​ឲ្យ​ខ្មែរ​អ្នក​ស្នេហា​ជាតិ​ខិត​ខំ​ទាមទារ​ឯករាជ្យ​ រហូត​ទទួល​សិទ្ធិ​ពេញលេញ​ជា​ម្ចាស់​ទឹក​ដី​របស់​ខ្លួន​នៅ​ក្រោយ​ស្នាព្រះហស្ត​របស់​ព្រះ​បាទ​នរោត្ដម​សីហនុ​ ដែល​ព្រះ​អង្គ​ខិតខំ​បំពេញ​តួនាទី​ស្វែង​រក​ឯករាជ្យ​រហូត​ទទួល​បាន​ជោគជ័យ​ទាំង​ស្រុង​ក្នុង​ឆ្នាំ​មួយ​ពាន់​ប្រាំ​បួន​រយ​ហាសិប​បី​។ ហេតុ​ការ​តាមរយៈ​ប្រវត្តិ​សាស្ត្រ​សុទ្ធ​តែ​លាត​ត្រដាង​ឲ្យ​ឃើញ​​យ៉ាង​ច្បាស់​ថា ទម្រាំ​តែ​ទទួល​បាន​ស្វ័យភាព​គឺ​ត្រូវ​ចំណាយ​ពេល​ជិត​មួយ​សតវត្ស​ឯណោះ​ ប៉ុន្តែ​មិន​មែន​បោះ​បង់​ការ​តស៊ូ​នោះ​នៅ​ពាក់​កណ្ដាល​ទី​នោះ​ឡើយ​។​ បើ​ក្រឡេក​មក​មើល​នៅ​ក្នុង​ស្នាដៃ​អក្សរសិល្ប៍​ប្រជាប្រិយ​ រឿង​រៃ​និង​ស្រមោច​ បាន​ឆ្លុះ​បញ្ចាំង​នូវ​ទស្សនៈ​ពីរ​ មួយ​គឺ​ភាព​ខ្ជិល​ច្រអូស និង​ទី​ពីរ​គឺ​ការ​ខិតខំ​ព្យាយាម​។ រៃ​តំណាង​ឲ្យ​តួអង្គ​ឥត​បាន​ការ​ គិត​តែ​ពី​ច្រៀង​រាំ​ សប្បាយ​ មិន​គិត​រក​ចំណី​ទុក​​ក្នុង​រដូវ​ក្ដី​ឡើយ ដល់​ពេល​រដូវ​វស្សា​មក​ដល់​ ទើប​ភ្ញាក់​ខ្លួន​ថា​មិន​មានចំណី​ ក៏​ទៅ​សុំ​ខ្ចី​ពី​ស្រមោច​ ស្រមោច​ក៏​មិន​ឲ្យ​ខ្ចី​ ចំណែក​សត្វ​ហេតុ​តែ​ភ្លើតភ្លើន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ទើប​ដាច់​ស្បៀង​រហូត​ដល់​ស្លាប់​អស់​ ចំណែក​ឯ​តួអង្គ​ស្រមោច​ខំ​លីសែង​អង្ក​ឬ​ចំណី​តូច​ៗ​ល្អិត​ៗ​យ៉ាង​សស្រាក់សស្រាំ​ដោយ​មិន​ចេះ​នឿយណាយ​ ឬ​ពន្យារពេល​ឡើយ​ មិន​យូរ​ប៉ុន្មាន​ស្បៀងអាហារ​ក៏​ពេញ​សម្បុក​ ហើយ​អាច​ចិញ្ចឹម​ពួកគេ​ពេញ​មួយ​រដូវ​វស្សា​បាន​។ ក្រៅ​ពី​នេះ​ នៅ​ក្នុង​រឿង​ប្ដី​ប្រពន្ធ​នាក់​បាច់​ទឹក​សមុទ្រ​រីង​ ក៏​បាន​បង្ហា​យ៉ាង​ច្បាស់​ក្រឡែត​តែ​ម្ដង​។ ក្នុង​នោះ​ មាន​ប្ដី​ប្រពន្ធ​មួយ​គូ​ខំ​បាច​ទឹក​សមុទ្រ​ដែរ​ តែ​មិន​រីង​សោះ ក៏​បោះបង់​ការ​ងារ​របស់​ខ្លួន​ចោល​ ចំណែក​ឯ​ប្ដី​ប្រពន្ធ​មួយ​គូ​ទៀត​បាន​ខិត​ខំ​ដោយ​ឥត​ឈប់ឈរ​ឡើយ​ក្នុង​ការ​បាច់​ទឹក​សមុទ្រ​ឲ្យ​រីង​ ដោយ​មច្ឆាជាតិ​ខ្លាច​ទឹក​សមុទ្រ​រីង​អស់ ទី​បំផុត​ពួកគេ​ក៏​យក​មាស​ប្រាក់​កែវ​កង​​ពិទូរ្យសូរ្យកាន្ត​​​​មក​ឲ្យ រហូត​ក្លាយ​ជា​សេដ្ឋី​​ និង​ជោគជ័យ​ក្នុង​ការងារ​របស់​ខ្លួន​។​ តាម​រយៈ​រឿង​ខាង​លើ​នេះ ការ​ដែល​យើង​ប្រឹងប្រែង​ដោយ​​មិន​ខ្លាច​នឿយ​ហត់​និង​មាន​ឆន្ទៈ​មោះមុត​ផង​នោះ ទើប​សម្រេច​ផល​បែប​នេះ​ឯង​។ ដោយ​ឡែក​ នៅ​ក្នុង​រឿង​កុលាប​ប៉ៃលិន​ ដែល​ជា​ស្នាដៃ​របស់​លោក​ ញ៉ុក​ ថែម​ ក៏​បាន​បង្ហាញ​យ៉ាង​ប្រត្យក្ស​ថា តួ​អង្គ​ចៅ​ចិត្រ​ ជា​កូន​កសិករ​ក្រីក្រ​ ស្វែង​រក​ការងារ​ធ្វើ​ជា​កម្មករ​ជីក​ត្បូង​របស់​លោក​ហ្លួង​រតនសម្បត្តិ​និង​នាង​ឃុននារី​។ ចៅចិត្រ​​ធ្វើ​ការ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ដ៏​ក្ដៅ​ហូត​ហែង​ ហូរ​ញើស​ប៉ុន​គ្រាប់​ពោត​ ដោយ​មិន​ត្អូញត្អែរ​អ្វី​ឡើយ​។ ពេល​ខ្លះ​ ត្រូវ​នាង​ឃុននារី​ ពេបជ្រាយ​ថា​ជា​មនុស្ស​ស្គម​ដូច​អ្នក​ញៀន​អាភៀន​មិន​សម​នឹង​ធ្វើ​ការ​ជា​កម្មករ​ជីក​ត្បូង​ទៀត​ផង​។ បន្ថែម​ពី​នេះ​ ចៅ​ចិត្រ​ បាន​មាន​​ចិត្ត​លួច​ស្រឡាញ់​ចៅហ្វាយ​នាយ​របស់​ខ្លួន​ ទាំង​ដឹង​ថា​ខ្លួន​ឯង​មិន​ឈោង​ដល់​ គឺ​ដូច​សុភាសិត​មួយ​ពោល​ «​ខ្លួន​ទាប​ ដៃ​ខ្លី ស្រវា​ឱប​ភ្នំ​»​។ ដោយ​មើល​ឃើញ​ថា​ចៅ​ចិត្រ​ជា​បុរស​ឧស្សាហ៍​ព្យាយាម​និង​ស្មោះ​ស្ម័គ្រ​ចំពោះ​ថៅកែ​ផង​នោះ​ ក៏​ធ្វើ​ឲ្យ​នាង​ឃុននារី​បាក់​ចិត្ត​ស្រឡាញ់​ រី​ឯ​លោក​ហ្លួង​រតនសម្បត្តិ​ក៏​យល់​ព្រម​ឲ្យ​អ្នក​ទាំង​ពីរ​រៀបការ​នឹង​គ្នា​ និង​ប្រគល់​ការ​ងារ​ឲ្យ​ចៅ​ចិត្រ​មើល​ការ​ខុស​ត្រូវ​ថែម​ទៀត​ផង​។ ចំណែក​ឯ អក្សរសិល្ប៍​រឿង​​ ផ្កា​ស្រពោន​វិញ​ ប៊ុន ធឿន​ ដែល​ជា​តួ​អង្គ​ឯក​តំណាង​ឲ្យ​​យុវជន​ដែល​ស្រឡាញ់​ការ​​​​រៀន​សូត្រ​ បាន​ទទួល​បាន​ជោគជ័យ​ក្នុង​សិក្សា​របស់​ខ្លួន​ ទោះ​បី​ជា​រូប​គេ​បាត់​បង់​នារី​ជាទី​ស្រឡាញ់​ និង​គ្រួសារ​ត្រូវ​ធ្លាក់​ខ្លួន​ក៏​ដោយ​ ក៏​មិន​​បាន​ធ្វើ​ឲ្យ​ ប៊ុន ធឿន​ នឿយណាយ​នឹង​ចំណេះ​វិជ្ជា​នោះ​ឡើយ​។ លើស​ពី​នេះ​ទៅ​ទៀត​ នៅ​ក្នុង​រឿង​មាលា​ដួងចិត្ត​ ក៏​បាន​លាត​ត្រដាង​នូវ​ស្នេហា​ឆ្លង​ជាតិ​សាសន៍​រវាង​កំលោះ​ជនជាតិ​ខ្មែរ គឺទីឃាវុធ​ និង​ក្រមុំ​​ជនជាតិ​សៀម​ គឺ​ចន្ទ​មណី។​ ​ស្នេហា​របស់​ពួក​គេ​ពោរពេញ​ទៅ​ដោយ​ឧត្ដមគតិ​ មិនមែន​កើត​ឡើង​ដូច​ភ្លើង​ចំបើង​​ ហើយ​​ក៏​មិន​សំខាន់​ស្មើ​នឹង​ឯករាជ្យ​ជាតិ​នោះ​ឡើយ​។ ទីឃាវុធ​ សន្យា​ថា​បើ​សៀម​មិន​ព្រម​ប្រគល់​ខេត្ត​ខ្មែរ​មក​ឲ្យ​ខ្មែរ​វិញ​ ខ្លួន​មិន​ព្រម​ស្រឡាញ់​នាង​ចន្ទមណីនោះ​ឡើយ​ ទីបំផុត​ស្នេហា​របស់​គេ​ក៏​សម្រេច​ដល់​គោលដៅ​ ក្រោយ​ពី​សៀម​ប្រគល់​ខេត្ត​មួយ​ចំនួន​មក​ឲ្យ​ខ្មែរ​វិញ​។ បើ​ក្រឡេក​មក​មើល​រឿង​ទុំទាវ​ដែល​ស្នាដៃ​និពន្ធ​របស់​ព្រះ​ភិក្ខុ​សោម​វិញ​ បាន​លើក​ឡើង​ពី​ចំណង​ស្នេហា​រវាង​ព្រះ​សង្ឃ​និង​នារី​ម្នាក់ដែល​​កំពុង​ចូល​ម្លប់​ គឺ​ទុំ​ និង​ទាវ​។ សេចក្ដី​ស្នេហា​របស់​ពួកគេ​ត្រូវ​ឆ្លង​កាត់​នូវ​ឧបសគ្គ​យ៉ាង​ច្រើន​ នៅ​ពេល​យាយ​ម្ដាយ​ទាវ​ដឹង​រឿងរ៉ាវ​អស់​ហើយ គាត់​ខឹង​នឹង​ទុំ​ខ្លាំង​ណាស់​ ដោយ​សារ​គាត់​មាន​កូន​ស្រី​តែ​ម្នាក់​ ដែល​បម្រុង​នឹង​រៀបការ​និង​ម៉ឺនងួន​ ដែល​ជា​កូន​ប្រុស​របស់​អរជួន​ទៀត​ផង​។ មិន​យូរ​ប៉ុន្មាន​ ​ព្រះរាជា​ក៏​បាន​ជ្រើសរើស​នាង​ទាវ​ធ្វើ​ជា​ស្នំ​ឯក​ រី​ឯ​ទុំ​ក្លាយ​ជា​ម៉ឺន​ឯក​ នៅ​ពេល​អ្នក​ទាំង​ពីរ​ជួប​មុខ​គ្នា​នៅ​ចំពោះ​ព្រះភក្ត្រ​​របស់​រាជា​ ពួកគេ​ក៏​ហ៊ាន​សារភាព​ស្នេហ៍​ចំពោះ​គ្នា​នឹង​គ្នា រហូត​ដល់​ព្រះ​រាជា​ប្រទាន​មង្គលការ​តាម​សំណូមពរ​។​ ​ជាង​នេះ​ទៅ​ទៀត​ ​ក្នុង​រឿង​រាមកេរ្តិ៍​ ព្រះ​រាម​ត្រូវ​ចំណាយ​អាយុ​កង​ទ័ព​អស់​ជាច្រើន​ និង​ពេល​វេលា​យ៉ាង​យូរ​​ ដើម្បី​ច្បាំង​ដណ្ដើម​យក​នាង​សីតា​វិញ​​ពី​ក្រុង​​រាពណ៍​នៅ​នគរ​លង្កា​។ ចំណែក​ឯ​នៅ​ក្នុង​រឿង​ព្រះ​អាទិត្យ​ថ្មី​រះ​លើ​ផែន​ដី​ ដែល​ជា​ស្នាដៃ​និពន្ធ​របស់​លោក សួន​ សុរិន្ទ​ វិញ​ តួ​អង្គ​សម​ ជា​ជន​ក្រីក្រ​តោកយ៉ាក​ តស៊ូ​ក្នុង​ឆាក​ជីវិត​ សុខ​ចិត្ត​ធាក់​​ស៊ីក្លូ​ មិន​ព្រម​លក់​ឧត្ដម​គតិ​ខ្លួន​ឡើយ​ ​ក្នុង​ឆាក​ជីវិត​របស់​សម​​តែង​តែ​ជួប​រឿង​អយុត្តិធម៌​ និង​ការ​មើលងាយ​ជានិច្ច​ ហើយ​ត្រូវ​បាត់​បង់​ប្រពន្ធ​កូន​ ព្រមទាំង​រស់​នៅ​ក្នុង​ពិភព​លោក​នេះ​តែ​ម្នាក់ឯង​ឯកា​។ ទីបំផុត​ ភាព​ស្មោះ​ត្រង់​របស់​សម​ ក៏​បាន​នាំ​សម​ឆ្លង​ពី​រណ្ដៅ​ដ៏​ងងឹត​នេះ​ ហើយ​បាន​ក្លាយ​ជា​ប្រជាជន​ដ៏​ល្អ​និង​ជា​កសិករ​ដ៏​គំរូ​ប្រចាំ​សហគមន៍​ទៀត​ផង​។
​     យោង​តាម​ការ​បកស្រាយ​ខាង​លើ​នេះ​ គេ​សង្កេត​ឃើញ​ថា គ្រប់កិច្ចការ​ទាំងឡាយ​មិនថា​តូច​ក្ដី​ធំ​ក្ដី​ គឺ​សុទ្ធ​តែ​ទាមទារ​ចាំបាច់​នូវ​ការ​ប្រឹងប្រែង​យ៉ាង​ប្ដូរ​ផ្ដាច់​ មិន​មែន​ធ្វើ​លេង​សើច​ឲ្យ​តែ​រួច​ពី​ដៃ​ឡើយ​។ ឧបសគ្គ​ទាំង​ឡាយ​អាច​នឹង​រលាយ​ទៅ​បាន​ដោយ​សារ​តែ​ឥទ្ធិពល​នៃ​ការ​តស៊ូ​ក៏​ក្លៀវក្លា​មិន​ចុះចាញ់​ ប្រៀប​ដូចជា​រាជសីហ៍​ដែល​ពោរពេញ​ទៅ​ដោយ​អំណាច​ ហើយ​មិន​ចុះចាញ់​នឹង​ការ​ស្វែង​រក​ចំណី​​នោះ​ឯង។ តួយ៉ាង​ នៅ​ក្នុង​សង្គម​ជាក់​ស្ដែង​ក្ដី​ ក្នុង​ប្រវត្តិ​សាស្ត្រ​ក្ដី​ ឬ​ក្នុង​អក្សរសិល្ប៍​ក្ដី​ សុទ្ធ​តែ​លាត​ត្រដាង​ឬ​បង្ហាញ​ឲ្យ​ជាក់​លាក់​ថា គ្មាន​ជោគជ័យ​ឯណា ដែល​មិន​ឆ្លង​កាត់​ឧបសគ្គ​សោះ​ឡើយ​។
    ​ ក្រោយ​ពី​ធ្វើ​ការ​ពន្យល់​យ៉ាង​ក្បោះក្បាយ​ដូច​ខាង​លើ​​ ស​បញ្ជាក់​ថា សុភាសិត​នេះ​ពិត​ជា​មាន​តម្លៃ​អប់រំ​យ៉ាង​ជ្រាលជ្រៅ​មិន​អាច​កាត់​ថ្លៃ​បាន​ដែល​បណ្ដុះ​ឲ្យ​មនុស្ស​គ្រប់គ្នា​ក្លាហាន​ហ៊ាន​ក្រោក​តស៊ូ​នឹង​ព្រហ្មលិខិត​។​ ក្នុង​នាម​ជា​យុវជន​​ គួរ​លះបង់​​ពេល​វេលា​និង​កម្លាំង​កាយ​ដើម្បី​ក្រេប​យក​ចំណេះ​វិជ្ជា និង​កសាង​ខ្លួន​ឲ្យ​សម​ជា​កូន​ល្អ​ សិស្ស​ល្អ​ ប្រជាពលរដ្ឋ​ល្អ​ មេគ្រួសារ​ល្អ​ និង​មេ​ដឹកនាំ​ដ៏​ល្អ​នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ។






9 comments:

  1. ខ្លឹមសារជីវត

    ReplyDelete
  2. មានមតិមួយពោលថា "ជោគជ័យនៃជីវិតគឺស្ថិតនៅលើការសម្រេចចិត្តរបស់ខ្លួន"។ ចូរបកស្រាយដោយលើកយកភស្តុតាងក្នុងសង្គមនិងអក្សរសិល្ប៍មកបញ្ជាក់។

    ReplyDelete
  3. ការស្វែងរកឧត្តមភាពជាគោលដៅចម្បងរបស់មនុស្សម្នាក់ៗ

    ReplyDelete
  4. ធ្វើបុណ្យបានបុណ្យធ្វើបាបបានបាប

    ReplyDelete
  5. សំណេរ ការសម្រេចចិត្តខុស នាំឲមានវប្បជិសារីអស់មួយជីវិត

    ReplyDelete
  6. វិន័យនាំមកនូវសេចក្តីថ្លៃថ្នូរ

    ReplyDelete
  7. ស្នេហាភ្លើងចំបើងរបស់ទុំទាវកើតឡើងដោយមន្តសារិកាលិនថោង។

    ReplyDelete
  8. រឿងមាលាដួងចិត្ត

    ReplyDelete