របាំខ្មែរ

របាំខ្មែរ របាំគឺជាសិល្បៈនៃការរាំដែលបង្ហាញពីអត្តសញ្ជាណជាតិនីមួយៗ។ហើយវាមានច្រើនបែប ច្រើនសណ្ឋានទៅតាមប្រពៃរបស់ខ្លួន។
  របាំមាន ប្រាំពីរ គឺ
 
     របាំត្រុុដិ

      របាំនោះជារបាំប្រជាប្រិយមួយបែប​ ដែលគេនិយមលេងតែក្នុងពេលចូលឆ្នាំខ្មែរដើម្បីប្រសិទ្ធិពរសព្វសារធុរការ ជូនពរដល់អ្នកស្រុកនិងបណ្តេញគ្រោះចង្រៃ ព្រម​ទាំង​ដើម្បី​សុំ​ទឹក​ភ្លៀង​អោយ​ស្រេច​ពេញ​មួយ​ឆ្នាំ​ផង​ដែរ​​​។ ប៉ុន្តែតាមទម្លាប់របស់អ្នកស្រុកជួនកាលគេលេងរបាំនេះម្តងៗដែរនៅពេលគេប្រារព្ធពិធីបន់ស្រន់សុំទឹកភ្លៀងដោយមានការរាំងស្ងួតខ្វះទឹកភ្លៀងរយៈពេលយូរ។ ម្យ៉ាងទៀតអ្នកស្រុកតែងមានជំនឿថាប្រសិនបើមានសត្វព្រៃណាមួយចូលមកក្នុងស្រុកហើយនឹងកើតឧបទ្រុបចង្រៃបែបណាមួយមិនខាន។ គេក៏នាំគ្នាប្រោះព្រំប្រេងម្សៅអោយសត្វនោះហើយសុំពរជ័យពីសត្វនោះវិញ។​ ដោយសារមានជំនឿបែបនេះហើយទើបអ្នកស្រុកបង្កើតរបាំនេះឡើងដែលមានសត្វប្រើស ទន្សោង ក្ងោក សុទ្ធសឹងតែជាសត្វព្រៃ ដែលបង្ហាញអោយអ្នកស្រុកប្រោះព្រំ ប្រេងម្សៅ ចង់ដៃអំបោះកម្រងផ្កា អោយទានជាលុយកាក់ទៅធ្វើបុណ្យរំដោះគ្រោះអោយស្រេចតែម្តង ប្រសិនបើមានសត្វព្រៃណាចូលមកក្រោយទៀតក៏ចង្រៃឧបទ្រុបនោះពុំអាចកើតឡើងទៀតឡើយ។

      របាំគោះអង្រែ
        កាលពីសម័យដើម គេនិយមលេងរបាំគោះអង្រែសឹងតែគ្រប់ភូមិស្រុក ប៉ុន្តែមកដល់សព្វថ្ងៃរបាំនេះនោះសេសសល់បន្តិចបន្តួចតែក្នុងកន្លែងណាដែលមានអ្នកចង់ថែរក្សាទុកនូវប្រពៃណីនេះ ឬកន្លែងណាដែលឆ្ងាយពីទំនាក់ទំនងជាមួយអរិយធម៌បរទេសដូចជា សំរោងចុងកាល់ជាំក្សាន្តជាដើម។ លោក គុយ ហួក បានរាយការណ៍ថា អ្នកស្រុកសូទ្រនិគមហៅរបាំគោះអង្រែថារបាំកួយនិងរាកួយ។ ឃើញថាមានជាប់ឈ្មោះកុលសម្ព័ន្ធខ្មែរដើមមួយហៅថាជ កួយដែលជាហេតុនាំអោយគេសន្និដ្ឋានថា របាំគោះអង្រែមានដើមកំណើតមកពីសាសន៍កួយនេះឯង។ ឯកសារឆ្លើយឆ្លងពីសមាជិកនៃក្រុមជំនុំទំនៀមទំលាប់ថា របាំនេះចម្លងមកពីប្រទេសហ្វីលីពីនតាំងពីរជ្ជកាលព្រះបាទនរោត្តម កាលដែលព្រះអង្គទ្រង់យាងទៅក្រុងម៉ានីល ហើយពួកបរិពារព្រះក៏បានរៀបចំរបាំនេះយកមកលេងនៅប្រទេសខ្មែរយើង។ ប៉ុន្តែនៅមានមតិមួយចំនួនទៀតយល់ឃើញថា ជនជាតិកួយក្តី ហ្វីលីពីនក្តីសុទ្ធតែជាអ្នកមានកំណើតដើមបង្កើតអរីយធម៌អូស្ត្រូអាស៊ីដូចគ្នា។ ដូច្នេះរបាំគោះអង្រែនេះមានដើមកំណើតមកពីមនុស្សជាន់ដើមទាំងនោះ មិនប្រាកដរបស់ជនជាតិណាតែម្នាក់ឯងឡើយ។ 

      របាំយីកេ


        ខ្មែរយើងនិយមលេងរបាំយីកេនេះតាំងពីយូរយារណាស់មកហើយ។គេច្រើនលេងរបាំយីកេនៅពេលបុណ្យទាន ឬនៅពេលលំហែពីកិច្ចការស្រែចំការ។គេតែងបង្កើតវង់របាំយីកេប្រចាំភូមិស្រុករបស់គេ ហើយដែលមានអ្នកស្រុកស្រីប្រុសក្មេងចាស់ចូលរាំក្នុងវង់របាំនេះដែរ។ម៉្លោះហើយរបាំនេះក៏មានការរីកចម្រើនលូតលាស់ ដោយសារការនិយមរាប់អានយ៉ាងខ្លាំងអំពីសំណាក់អ្នកស្រុកនេះឯង។ប៉ុន្តែ របាំនេះខ្សត់ខ្សោយទៅវិញនៅគ្រាដែលប្រទេសយើងមានការចលាចលក្នុងរវាងដើមសតវត្សទី១៩ រហូតដល់សម័យអណាព្យាបាលបារាំង។ចាប់ក្រោយពេលនោះមករបាំយីកេក៏មានជីវិតឡើងវិញ។ចំពោះប្រភពនៃរបាំយីកេអ្នកស្រាវជ្រាវខ្លះបានអោយដឹងថារបាំនេះមានដើមកំណើតមកពីពួកជ្វា ឬម័លយូរ ហើយទំនងចូលមកស្រុកខ្មែរតាមរយៈព្រះបាទជ័យវរ្ម័នទី២ដែលយាងទៅគង់នៅប្រទេសជ្វាអស់ពេលយ៉ាងយូរឬតាមរយៈចាម។

     របាំឆៃយ៉ាំ


        គេនិយមលេងរបាំនេះជាញឹកញាប់ក្នុងពិធីបុណ្យទានដូចជា បុណ្យផ្កា កឋិន បំបួសនាគជាដើម។ របាំឆៃយ៉ាំធ្វើអោយបរិយាកាសមានសភាពអឹកធឹកណាស់ ព្រោះចង្វាក់ភ្លេងមានសន្ទុះហ៊ឹកហ៊ាក់ ស្របតាមកាយវិការលោតចុះឡើង ញាក់មុខ ញាក់ខ្លួន ក្រមិចក្រមើមគួរអោយអ្នកស្តាប់ឬអ្នកមើលរីករាយជាខ្លាំង។ ការស្រាវជ្រាវប្រវត្តិនៃរបាំនេះ ពុំទាន់បានលទ្ធផលនៅឡើយទេ ប៉ុន្តែគេអាចសន្និដ្ឋានបានខ្លះថា របាំនេះប្រាកដជាមានសំណល់អរិយធម៌មនុស្សជាន់ដើមលើទឹកដីខ្មែរនេះឯង។

    របាំរាំវង់


      របាំ"រាំវង់" បានជារបាំនេះមានឈ្មោះថា រាំវង់ ព្រោះរបាំនេះប្រព្រឹត្តទៅជុំវិញតុផ្កា មានគូប្រុសស្រីដើររាំបន្តបន្ទាប់គ្នាជាវង់មូល។ លាវហៅរបាំនេះថា ឡាលាវឬឡាំកេន ឯសៀមហៅថាឡាំថួន។ តាមពិតរបាំរាំវង់ជាសិល្បះចាស់បុរាណ ដែលមានប្រភពដើមនៅប្រទេសខ្មែរយើងនេះឯង។ ប៉ុន្តែរបាំនេះក្រោយមកជនជាតិជិតខាងយកទៅពត់បត់បែនតាមរបៀបគេរួចហើយ ទើបចូលមកប្រទេសខ្មែរវិញ។ សព្វថ្ងៃរបាំនេះក្លាយទៅជារបាំប្រជាប្រិយទៅហើយ។ គេតែងតែសង្កេតឃើញនៅគ្រប់ខេត្តមានការនិយមរាំវង់ ជាពិសេសនៅពេលបុណ្យចូលឆ្នាំ។ ជួនកាល គេរាំនៅពេលទំនេរពីការងារ ឬក្នុងពិធីជប់លៀង ក្នុងឱកាសពិធីអាពាហ៍ពិពាហ៍ និងក្នុងពិធីបុណ្យទានក្នុងគ្រួសារដែរ។
    របាំក្ងោក

    របាំក្ងោកជារបាំដែលគេប្រទះឃើញជាពិសេសនៅតំបន់បៃលិន។ បណ្តារជនបរប៉ៃលិនច្រើនជាជនជាតិកុឡា ដែចូលសញ្ជាតិខ្មែរ។ ពេលចូលឆ្នាំ គេនិយមរាំក្ងោកឪ្យបណ្តាជនមើលកំសាន្ត។ តាមមតិអ្នកស្រុកប៉ៃលិនថា របាំក្ងោកមានប្រវត្តិទាក់ទងនិងរឿងព្រេង។ ប៉ុន្តែ បើតាមការស្រាវជ្រាវ របាំក្ងោកនេះសេសសល់ពីអរិយធម៌អាស្ក្រូអាស៊ីដូចរបាំប្រជាប្រិយដទៃទៀតដែរ។ រីឯទំនុកច្រៀងនៃរបាំនេះនៅជាពាក្យតុឡានៅឡើយ ដែលមានន័យថាជាសេចក្តីបួងសួងប្រសិទ្ធិពរជ័យដល់អ្នកស្រុកឪ្យបានសុខចំរើនឪ្យមានទឹកភ្លៀងគ្រប់គ្រាន់ ឱ្យជីកដីរកត្បូងបានផលល្អ។ល។ ក្រៅពីរបាំប្រជាប្រិយដែលរៀបរាប់រួចមកហើយមានរបាំប្រជាប្រិយខ្លះទៀតដែរ សព្វថ្ងៃមិនសូវនិយមយកមកលេងកំសាន្តទេ ដូចជា របាំបុកអង្រែ របាំកន្តែរ៉េ របាំសួរព្រ័ត្ត របាំគោះត្រឡោក របាំវាយគ្រាប់ របាំវាយគួយជាដើម។

     របាំតន្ត្រី

        កាលពីសម័យមុនគេហៅរបាំតន្រ្តីនេះថា របាំព្រះរាជទ្រព្យ ព្រោះជារបាំរបស់ស្តេច ហើយគេនិយមលេងតែក្នុងវាំងស្តេចដូចជា លេងនៅពេលបួងសួង លេងថ្វាយអាទិទេព និងថ្វាយវិញ្ញាណខ័ណ្ខស្តេចដែលបានចូលទីវង្គតទៅហើយ។ របាំនេះមានកំណើតយូរយាណាស់មកហើយ។ លុះដល់សម័យអង្គរគេបានឆ្លាក់រូបទេបអប្សរដែលជាស្រីរបាំចុះពីលើថានសួគ៌មករេរាំនៅតាមជញ្ជាំងប្រាសាទ។ ផ្នែកខ្លះនៃរបាំនេះបានដកស្រង់អំពីរឿងរាមកេរ្តិ៍ រឿងមហាភាតរះ និងរឿងព្រេងខ្មែរ។ក្រៅពីរបាំដែលទាក់ទងនឹងរឿងរ៉ាវទាំងនេះមានរបាំថ្វាយពរ របាំទេពមនោរម្យ របាំមេអំបៅ របាំស្វា របាំដាវ។ល។ ឯការដេគួរអោយចាប់អារម្មណ៍ចំពោះរបាំភន្តី ឬរបាំក្បាច់បុរាណនេះ គឺកាយវិការនីមួយៗមានន័យមួយ ហើយសភាពទន់ភ្លន់សុភាបសមតាមចិត្តគំនិត្តខ្មែរ ដែលជាអ្នកនិយមសុខសន្តិភាព។

របាំ​ព្រះ​រាជ​ទ្រព្យ​





របាំ​ព្រះ​រាជ​ទ្រព្យ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​ជា​អ្នក​ថែរក្សា​នាដកម្ម​បុរាណ​របស់​ខ្មែរ។ របាំ​ក្បាច់​ខ្មែរ​បុរាណ (របាំ​ព្រះ​រាជ​ទ្រព្យ) នៃ​ព្រះរាជាណាចក្រកម្ពុជា ល្បី​ល្បាញ​ខាង​មាន​កាយ​វិការ​ទន់​ភ្លន់​ គួរ​ឱ្យ​ចង់​គយគន់ និង​មាន​ទ្រង់​គ្រឿង​ចាំង​ភ្លឺ​ផ្លេក​ៗ។ របាំ​ព្រះ​រាជ​ទ្រព្យ​នៃ​ព្រះរាជាណាចក្រកម្ពុជា គឺ​ជា​អ្នក​ថែរក្សា​ប្រពៃណី​នាដកម្ម​បុរាណ​ខ្មែរ​ជា​ចំណែក​មួយ​យ៉ាង​ជិត​ ស្និទ្ធ​ នៃ​ក្រុម​បរិពារ​របស់​មហាក្សត្រ​អស់​រយៈ​ពេល​ជាង​មួយ​ពាន់​ឆ្នាំ​​កន្លង​មក​ ហើយ។ របាំ​ព្រះ​រាជទ្រព្យ​មាន​ការ​ដើរ​តួ​បួន​ប្រភេទ​ដូច​ជា៖ តួ​នាង (ស្រី) តួ​នាយ​រង (ប្រុស) តួ​យក្ស (សភាវៈ​អាក្រក់) តួ​ស្វា (សត្វ) តួ​និមួយៗ​មាន​លក្ខណៈ​និង​មាន​ពណ៌​ដោយ​ឡែក​ៗ​ពី​គ្នា មាន​ការ​ស្លៀកពាក់​ ការ​លាប​ម្សៅ ការ​តុបតែង​ខ្លួន ទាំង​ក្បាំង​មុខ​ និង​កាយ​វិការ​ផ្ទាល់​ខ្លួន​ផង​ដែរ។​ កាយ​វិការ និង​ក្បាច់​រាំ​ទាំង​នេះ​នាដករ​ត្រូវ​ហាត់​រៀន​យ៉ាង​សកម្ម និង​មមាញឹក ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ ទើប​ចេះ​ចាំ មាន​អត្ថន័យ​ដូចជា​ការ​រំជួល​ចិត្ត​នានា ការ​ភ័យ​ភិត ស្នេហា ​ការ​សប្បាយ​រីក​រាយ ឬ​ការ​ខឹង​សម្បា​ជាដើម។
ការ​សម្ដែង​ប្រព្រឹត្ត​ទៅ​តាម​ចង្វាក់​ភ្លេង​នៃ​ក្រុម​តន្ត្រី​សក្ការ ដោយ​ពួក​នាដករ​កាច់​ក្បាច់​រាំ​តម្រូវ​​តាម​សំឡេង​បក​ស្រាយ​សាច់​​រឿង និង​មនោសញ្ចេតនា​ដោយ​នារី​អ្នក​ច្រៀង​មួយ​ក្រុម​តូច។ របាំ​ព្រះ​រាជ​ទ្រព្យ​ស្ទើរ​តែ​បាត់​បង់​អស់​នៅ​ក្រោម​របប​ខ្មែរ​ក្រហម ​ដែល​បាន​គាស់​រំលើង​ចោល​ស្ទើរ​តែ​ទាំង​ស្រុង​ នូវ​គ្រូ​នាដកម្ម​និង​គ្រូ​ដូរ្យតន្ត្រី។ តាំង​ពី​ការ​ដួល​រលំ​នៃ​របប​ប៉ុល ពត នៅ​ឆ្នាំ​១៩៧៩ មក ក្រុម​របាំ​ព្រះ​រាជ​ទ្រព្យ​ត្រូវ​បាន​គេ​បណ្ដុះ​បណ្ដាល​ឡើង​វិញ និង​បាន​ដំឡើង​កម្រង​នាដកម្ម​ពី​ដើម​ៗ​ឡើង​វិញ។ របាំ​បុរាណ​ដែល​ជា​ផ្លូវ​ការ ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជា​ថ្មី​ជាមួយ​មហាក្សត្រ​ និង​សាសនា ចាប់​ពី​ពេល​នោះ​មក​បាន​ក្លាយ​ទៅ​ជា​ធាតុ​ស្នូល​មួយ​សម្រាប់​កសាង​ប្រទេស​ និង​កសាង​អត្តសញ្ញាណ​ខ្មែរ​ជា​ថ្មី។ សព្វ​ថ្ងៃ​នេះ របាំ​ព្រះ​រាជ​ទ្រព្យ​បាន​រក​ឃើញ​ឡើង​វិញ​ហើយ នូវ​រស្មី​ត្រចះ​ត្រចង់​របស់​ខ្លួន​ ប៉ុន្តែ​មាន​នៅ​​ជួប​ឧបសគ្គ​ជា​ច្រើន​ ដូចជា កង្វះ​ខាត​ថវិកា និង​រោង​សម្ដែង ការ​ប្រកួត​ប្រជែង​ពី​សំណាក់​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​ ឬ​ហានិភ័យ​នៃ​ប្រជាប្រិយ​នីយកម្ម​សិល្បៈ​ទាក់​ទង​នឹង​វិស័យ​ទេសចរណ៍។ នៅ​មាន​ត្រឹម​តែ​គ្រូ​នាដកម្ម​បី​បួន​នាក់​ប៉ុណ្ណោះ​ ជា​អ្នក​ដែល​បាន​រួច​ខ្លួន​​និង​រស់​រាន​មាន​ជីវិត​ ហើយ​ចេះ​ដឹង​ពិត​ប្រាកដ​អំពី​ក្បាច់​សិល្បៈ​ទាំង​អស់ ​រហូត​ធ្វើ​ឱ្យ​របាំ​នេះ​មាន​លក្ខណៈ​ដ៏​សំបូរ​បែប​ទៀត​ផង។
រាត្រី​អង្គរ គឺ​ជា​សកម្មភាព​វប្បធម៌​បារាំង​ ខ្មែរ​មួយ​ បង្ហាញ​នូវ​ទស្សនីយភាព​សិល្បៈ​ ពីរ​​ជា​សហព័ន្ធ​មួយ​ គឺ​ជា​វប្បធម៌​បស្ចិម​ប្រទេស​ និង​មួយ​ទៀត​ជា​វប្បធម៌​បូព៌ា​ប្រទេស ដែល​សហការ​​រួម​គ្នា​ធ្វើ​ឱ្យ​ចេញ​បាន​ជា​ផ្លែផ្កា នូវ​​វណ្ណកម្ម​មួយ​ចំនួន​រវាង​ក្រុម​សិល្បករ​ខ្មែរ និង​បារាំង។ ទស្សនាទាន (កញ្ចក់​នៅ​ចន្លោះ​វប្បធម៌​បារាំង និង​វប្បធម៌​ខ្មែរ) គឺ​ជា​សរសៃ​ខ្សែ​ក្រហម​នៃ​ការ​ផលិត​កម្មវិធី​នេះ។ សកម្មភាព​វប្បធម៌​នេះ​មាន​​កំណើត​នៅ​ឆ្នាំ​២០០០ តាម​ការ​ផ្ដួច​ផ្ដើម​រួម​គ្នា​រវាង​ឯក​អគ្គ​រដ្ឋទូត​​បារាំង លោក​អង់ដ្រេ ហ្សង់លីប៊ូរែល និង​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខ្មែរ គឺ​សម្ដេច​ព្រះ​រាម នរោត្ដម​បុប្ផា ទេវី។​ តាំង​ពី​ពេល​នោះ​មក​ ព្រឹត្តិការណ៍​នេះ​បា​ន​ក្លាយ​ទៅ​ជា​សកម្មភាព​សិល្បៈ​ដ៏​ធំ​ជាង​គេ​បង្អស់​ និង​ជា​បន្លាស់​ប្ដូរ​វប្បធម៌​ដ៏​ចម្បង​ដែល​ត្រូវ​បាន​រៀប​ចំ និង​សម្រប​សម្រួល​ដោយ​មជ្ឈមណ្ឌល​វប្បធម៌​បារាំង។ តាំង​ពី​ឆ្នាំ​២០០៣​មក​ ចំនួន​សាធារណៈ​ជន​ដែល​អញ្ជើញ​មក​ទស្សនា​​មាន​ការ​កើន​ឡើង​ជា​ប្រចាំ​ រហូត​ជិត​ដល់​៤.០០០​នាក់ នៅ​ឆ្នាំ​២០០៥។ មាន​កម្លាំង​ដោយសារ​ទទួល​ជោគជ័យ​នា​ពេល​កន្លង​មក រាត្រី​អង្គរ​២០០៨ ក៏​ត្រូវ​បាន​ប្រកាស​ថា នឹង​ប្រារព្ធ​ធ្វើ​ពី​ថ្ងៃ​ទី​៣១ មករា ដល់​ថ្ងៃ​ទី​២ កុម្ភៈ​ ខាង​មុខ​នេះ នៅ​រមណីយដ្ឋាន​ប្រាង្គ​ប្រាសាទ​អង្គរ​វត្ត។ ទន្ទឹម​គ្នា​នឹង​ការ​ធ្វើ​ឱ្យ​សម្បូរ​បែប​នូវ​ក្នុង​ការ​ផលិត​នៃ​កម្មវិធី​ សកម្មភាព​វប្បធម៌​នេះ​ ក៏​មាន​កិត្តិសព្ទ​​ល្អ​ឡើង​ៗ​ជា​រៀង​រាល់​ឆ្នាំ។ បរិមាណ​ទស្សនិកជន​ប្រចាំ​ឆ្នាំ​កើន​ឡើង​ឈាន​ទៅ​ដល់​ជិត​៤.០០០​នាក់ នៅ​ឆ្នាំ​២០០៥ និង​លើស​ពី​៤.៧០០​នាក់ នៅ​ឆ្នាំ​២០០៦។ សកម្មភាព​វប្បធម៌​នេះ​ត្រូវ​បាន​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​ជាច្រើន ចុះ​មក​យក​ព័ត៌មាន​​ ហើយ​ការ​ចុះ​ផ្សាយ​នៅ​ឆ្នាំ​២០០៦ មាន​ច្រើន​ និង​សុទ្ធ​សឹង​ជា​មតិ​សរសើរ។
របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខែ្មរមាន ចំនួន ៨២ របាំ និងរបាំរឿងមានចំនួន ៣៥ រឿង :

  • របាំដែលរស់ឡើងវិញមានចំនួន ៥៤របាំ និង នៅបាត់បង់ចំនួន ២៨របាំ
  • របាំរឿងដែលរស់ឡើងវិញមានចំនួន២១ រឿងនិងនៅបាត់បង់ ចំនួន ១៤ រឿង


ប្រវត្តិសង្ខេប


      របាំព្រះរាជទ្រព្យ ជារបាំក្បាច់បុរាណខ្មែរ ដែលជាទម្រង់សិល្បៈសក្ការៈ (សិល្បៈទេវៈ) មួយដែលមានវ័យ ចំណាស់ ដ៏យូរលង់ណាស់មកហើយនៅក្នុងចំណោមទម្រង់សិល្បៈសក្ការៈ ហើយក៏ជាទម្រង់សិល្បៈ ដែលមានតម្លៃពិតខាងស្មារតី និងខាងបច្ចេកទេសកំរិតខ្ពស់ក្នុងចំណោមទម្រង់សិល្បៈ ទស្សនីយភាព នៅកម្ពុជា។ កាលដើមឡើយ នាសម័យមហានគរ នាដការ នាដការិនី ប្រចាំប្រាសាទមានតួនាទី សម្រាប់ រាំ ឧទ្ទិសដល់អទិទេព ឬរាំថ្វាយទេវៈរាជា គឺជា និរសាសន្តិភាព ពីស្ថានមនុស្សលោក ទៅស្ថានទេវតា និងជាសិល្បការិនីសន្តិភាព ឬជាសន្តិភាវការិនីខាងផ្លូវដួងចិត្ត គំនិត ដែលធ្លាប់បានរាំផ្សព្វផ្សាយ សីលធម៌ និងគុណធម៌ ដើម្បីសេចក្តីសុខ សន្តិភាពខ្មែររាប់ពាន់ឆ្នាំមកហើយ។ យើងអាចសាកល្បង សន្និដ្ឋានបានថា ទម្រង់ក្បាច់បុរាណខ្មែរ របាំព្រះរាជទ្រព្យ គឺជាទម្រង់របាំស្ត្រី ព្រោះកាលដើមឡើយ អ្នកសម្តែងតួអង្គមានបួន ៖ តួនាង (ស្ត្រី) តួនាយរោង (បុរស) តួយក្ស និងតួស្វា ព្រមទាំងតួបន្ទាប់បន្សំ មានតួសត្វសុទ្ធតែស្រីៗ ជាអ្នកសម្តែងតួអង្គទាំងនោះ លើកលែងតែតួតាឥសី និងតួត្លុកប៉ុណ្ណោះដែល សម្តែងដោយប្រុសៗ។
ក្រោយមកដោយមានការវិវត្តន៍របស់ទម្រង់សិល្បៈនេះ តួអង្គស្វាត្រូវបានសម្តែង ដោយប្រុសៗរហូតមកដល់សព្វថ្ងៃ។



ការសម្ដែង


របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយវិការក្បាច់ និងមនោសញ្ចោតនាយ៉ាងប៉ិន ប្រសប់ទៅតាមការវិវត្តន៍នៃសាច់រឿងរៀបរាប់ បញ្ជាក់ដោយទំនុកច្រៀង នៃក្រុមចម្រៀង ជាពួក (ជហៀរាលេ) ដែលមានតួនាទីច្រៀងជូនរបាំនេះ ជាមួយនឹងវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគំជូនរបាំនេះផងដែរ។



ឧបករណ៍វង់ភេ្លងពិណពាទ្យ

នាតឯក
រនាតធុង
រនាតដែក (បច្ចុប្បន្នមិនសូវដែលឃើញប្រើ)
រនាតថោង (បច្ចុប្បន្នមិនសូវដែលឃើញប្រើ)
គងធំ (គងវង់ធំ)
គងតូច (គងវង់ធំ)
សំភោរ
ស្គរធំមួយគូ
ស្គរជ្វាមួយគូ (បច្ចុប្បន្នមិនសូវដែលឃើញប្រើ)
ស្រៃឡមួយគូ
ឈឹង
ក្រាប








No comments:

Post a Comment